(រតនគិរី)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កម្ពុជាមានយន្តការមួយចំនួនដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយក្នុងនោះមានយន្តការបច្ចេកទេស យន្តការទ្វេភាគី យន្តការច្បាប់អន្តរជាតិជាដើម ហើយនឹងប្រើប្រាស់កម្លាំងតបត បើសិនជាថៃប្រើកម្លាំងឈ្លានពានកម្ពុជា។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បែបនេះ ក្នុងពេលដែលសម្តេច ញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលទាំងឡាយក្នុងវិស័យអប់រំ នៅខេត្តរតនគិរី ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥។ ក្នុងកម្មវិធីនោះ សម្តេចបានជម្រាបជូនជនរួមជាតិ អំពីលទ្ធផល នៃកិច្ចពិភាក្សាជាមួយ លោក អានវ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៥ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ ដោយបានបញ្ជាក់ជំហរ៤ចំណុចរបស់កម្ពុជា។សម្តេចបានបញ្ជាក់ថា «ជំហររបស់កម្ពុជា វិធីសាស្ត្រអភិក្រមរបស់កម្ពុជាប្រើ៣៖ ទី១ គឺប្រើយន្តការបច្ចេកទេសៗ គឺខិតខំដោះស្រាយតាមគណៈកម្មការព្រំដែនទាំងពីរប្រទេស ដោយប្រើប្រាស់ លិខិតបទដ្ឋានគតិយុត្ត ផែនទីដែលបានឯកភាពគ្នា ក្នុងការប្រើប្រាស់»។បើតាមសម្តេចធិបតី, ករណីកម្ពុជា-ថៃ គឺភាគីទាំងពីរឯកភាពគ្នាតាមរយៈកិច្ចព្រមព្រៀងឆ្នាំ២០០០ ដែលហៅថា MOU 2000 ដើម្បីទៅប្រើប្រាស់ជាមូលដ្ឋានក្នុងការដោះស្រាយ ដោយយកផែនទីដែលគណៈកម្មការកំណត់ព្រំដែនបារាំង-សៀមឆ្នាំ១៩០៧ ផែនទីធ្វើឆ្នាំ១៩០៤ ព្រមទាំងសន្ធិសញ្ញា និងលិខិតបន្ទាប់បន្សំដើម្បីជាគោល ហើយផែនទីនោះគឺផែនទី១/២០០០០០ នៅក្នុងការដោះស្រាយ សម្រាប់ជួរព្រំដែនកម្ពុជា-ថៃ ដែលមានជាង៨០០គីឡូម៉ែត្រ តាំងពីមុំ៣រហូតដល់ចាំយាម ខេត្តកោះកុង។សម្តេចបានបន្ថែមថា «បើយន្តការនេះទៅមិនរួច យើងប្រើយន្តការច្បាប់អន្តរជាតិ ទី១. យន្តការអន្តរជាតិផ្អែកលើមូលដ្ឋាន ដើម្បីដោះស្រាយគ្រឿងបច្ចេកទេស ប៉ុន្តែបើសិន ជាអាហ្នឹងទៅមិនរួចទេ គឺយើងប្រើប្រាស់យន្តការទី៣ ច្បាប់អន្តរជាតិ»។សម្តេចបានពន្យល់ថា ហេតុអ្វីបានជាកម្ពុជាចង់ដោះបញ្ចប់នៅពេលនេះ គឺដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយចៀសវាងនូវការប៉ះទង្គិចគ្នាជាមួយប្រទេសជិតខាង។ សម្តេចរំលឹកថា មានអ្នកខ្លះជេរសម្តេចតេជោថា ហេតុអ្វីម៉េចរាប់សិបឆ្នាំហើយគេមិនយកមកដោះស្រាយ ហេតុអ្វីទើបយកមកដោះស្រាយពេលនេះ? សម្តេចបានចោទសួរថា បើមិនដោះស្រាយពេលនេះ តើទុកឱ្យកូនខ្មែរកើតមកត្រូវវាយគ្នារហូតឬយ៉ាងណា?សម្តេចបានបញ្ជាក់ថា ក្នុងករណីចាំបាច់ បើសិនជាមានការឈ្លានពានទឹកដីកម្ពុជា ដោយប្រើប្រាស់កម្លាំងពីភាគីថៃ កម្ពុជាក៏នឹងប្រើប្រាស់កម្លាំងតបតទៅវិញដូចគ្នាដើម្បីការពារអធិបតេយ្យ បូរណីភាពទឹកដីរបស់ខ្លួន។ឆ្លៀតក្នុងឱកាសនេះ សម្តេចបវរធិបតី នាយករដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រក្សាភាពស្ងប់ស្ងាត់ ហើយកុំព្យាយាមដុតរោលជ្រុលហួសហេតុ រហូតនាំឱ្យមានជម្លោះជាតិសាស្ត្ររវាងប្រទេសទាំងពីរ៕