សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា​មិនចង់ឱ្យបញ្ហាព្រំដែនជាមួយប្រទេសជិតខាងដែលបន្សល់រាប់រយឆ្នាំមកនោះ បន្តនៅស្រពិចស្រពិល និងបង្កើតជាបញ្ហាទៀតនោះឡើយ (Video inside)

Wait 5 sec.

(រតនគិរី)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនចង់ឱ្យបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ដែលបន្សល់រាប់រយឆ្នាំមកនោះ ឱ្យបន្តនៅ​ស្រពិចស្រពិល និងបង្កើតជាបញ្ហាបន្តទៀតនោះឡើយ ដូចនេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់យកជំហរប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីជួយដោះស្រាយឱ្យបានឆាប់ចប់។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​នូវសមិទ្ធផលទាំងឡាយ​ក្នុងវិស័យអប់រំនៅខេត្តរតនគិរី ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «យើងមិនចង់យករឿងដែលនៅសេសសល់ពីរាប់រយឆ្នាំមុន ទុក​ឱ្យស្រពិចស្រពិល ហានិភ័យឈ្លោះគ្នារាប់រយឆ្នាំនោះទេ, ប៉ុន្តែក្នុងការដោះស្រាយនេះ​យើងក៏ចង់ដោះស្រាយដោយសន្តិវិធី និងផ្អែកទៅលើច្បាប់ និងបច្ចេកទេស ជាជាងការបង្កើតនូវអរិយភាពរវាងគ្នា យើងដោះស្រាយ​កន្លែងណាដែលទាល់ច្រកអស់បញ្ហាបច្ចេកទេស ទើបយើងឈានទៅដល់​ច្បាប់អន្តរជាតិ រួមទាំងតុលាការយុត្តិធម៌អន្តរជាតិ ICJ»។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ក្នុងពេលជាមួយគ្នានេះកន្លែងណាយើងត្រូវគ្នា គឺនៅតែបន្តខិតខំដោះស្រាយ ប្រើប្រាស់យន្តការទ្វេភាគីរវាងគណៈកម្មការកិច្ចការព្រំដែនរបស់ប្រទេសទាំង២ ដើម្បីឈានទៅវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែន ដើម្បីឱ្យប្រជាពលរដ្ឋប្រទេសទាំងពីរ នៅជាប់ព្រំដែន ងាយស្រួលធ្វើការជាមួយគ្នា។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ក្រៅពីការខិតខំដោះស្រាយនេះហើយ កម្ពុជា-ថៃ ក៏នៅតែបន្តទំនាក់ទំនងជាមួយគ្នាលើគ្រប់វិស័យ រួមទាំងកងទ័ពនៅគ្រប់កន្លែង​ទាំងអស់ ដែលបានធ្វើការ​ជាមួយគ្នា ទាំងកម្រិតភូមិភាគ កម្រិតក្រសួងការពារជាតិ និងកម្រិតគណកម្មការជាតិព្រំដែន កម្រិតក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ កម្រិតវិស័យឯកជន រវាងប្រជាជននិងប្រជាជន កម្រិតធុរកិច្ច និងធុរកិច្ច ដែលនេះគឺជាអ្វីដែលរាជដ្ឋាភិបាលប្រកាន់យកជំហរនៅក្នុងការដោះស្រាយបញ្ហា ដោយទទួលខុសត្រូវ នៅក្នុងការកើតមានបញ្ហានៅព្រំដែនកម្ពុជា-ថៃ នាពេលនេះ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើសារជាថ្មីឱ្យប្រជាពលរដ្ឋចូលរួមកុំពង្រីកសភាពការឱ្យលើសពីអ្វីដែលជាការចាំបាច់ ជាពិសេសគឺការចាប់ផ្តើមកែនគ្នាឱ្យស្អប់ជនជាតិ និងរើសរើងជាមួយជនជាតិនៃ​ប្រទេសទាំងសងខាង ដូចនេះហើយសូមកុំបង្កើតឱ្យមានសង្គ្រាមរវាងប្រជាជន និងប្រជាជន, សង្គ្រាមរវាងសេដ្ឋកិច្ច និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបន្ថែមទៀត។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញនូវក្តីសង្ឃឹមដែរថា​ រាជរដ្ឋាភិបាលថៃ ជាពិសេសនៅក្នុងកិច្ចប្រជុំនាពេលដ៏ខ្លីខាងមុខនេះ កម្ពុជា-ថៃ និងរកចំណុចរួមមួយគ្នាដើម្បីបន្តដំណើរ នៅក្នុងការចរចារ​ដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ជាច្រើនរយគីឡូម៉ែត្រទៅទៀត ទោះបីជាកម្ពុជាបានយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយ​នៅតុលាការ​អន្តរជាតិ ICJ ក៏ដោយ៕