(កំពង់ស្ពឺ)៖ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ បាននាំយកអំណោយមនុស្សធម៌មានដូចជា សម្ភារវេជ្ជសាស្ត្រ ឱសថ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ដែលជាជំនួយមនុស្សធម៌របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ (Global Life Sharing) ប្រគល់ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកបណ្ឌិត ជាម ច័ន្ទសោភ័ណអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។ពិធីប្រគល់-ទទួលអំណោយមនុស្សធម៌ខាងលើបានប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត និងតំណាងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ។ក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណអភិបាលខេត្តកំពង់ស្ពឺ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ម៉ម ប៊ុននាង និងគណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា ព្រមទាំងតំណាងមូលនិធិចែករំលែកសង្គ្រោះជីវិតសលនៃសាធារណរដ្ឋកូរ៉េដែលបាននាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លា និងមានសារៈសំខាន់បំផុត សម្រាប់ចូលរួមជួយលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះនៅមូលដ្ឋានខេត្តកំពង់ស្ពឺ ឱ្យបានកាន់តែប្រសើរឡើង។លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា វត្តមានរបស់លោក ម៉ម ប៊ុននាង និងគណៈប្រតិភូនាឱកាសនោះ ពិតជាបង្ហាញឱ្យឃើញច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខរបស់ប្រជាជនតាមជនបទ ព្រមទាំងសបញ្ជាក់ឱ្យឃើញពីការគោរព ស្រលាញ់ និងការលើកទឹកចិត្តដល់មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងរួមគ្នា សាមគ្គី និងបំពេញភារកិច្ចជូនជាតិមាតុភូមិកម្ពុជា ជាពិសេសបានរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យកាន់តែប្រសើរ។ អំណោយមនុស្សធម៌ដ៏មានតម្លៃនេះ រដ្ឋបាលខេត្តកំពង់ស្ពឺនឹងចែកជូនដល់មន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ប្រកបដោយគណនេយ្យភាព តម្លាភាព និងសក្តិសិទ្ធិភាព ស្របតាមបំណងប្រាថ្នារបស់គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និងមូលនិធិចែករំលែក សង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ។មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក ម៉ម ប៊ុននាង បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋទាំងអស់នៃខេត្ត កំពង់ស្ពឺ។លោកប្រធានគណៈប្រតិភូបានបញ្ជាក់ថាក្រោមកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងគណៈកម្មការទី១០ ព្រឹទ្ធសភា ជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ បាននាំមកនូវអំណោយមនុស្សធម៌យ៉ាងច្រើន ពីប្រជាជនកូរ៉េ តាមរយៈមូលនិធិចែករំលែកសង្គ្រោះជីវិតសកល ជូនដល់ប្រជាពលរដ្ឋកម្ពុជា គិតមកដល់ពេលនេះមានទំហំទឹកប្រាក់ជាង ១០លានដុល្លារសហរដ្ឋអាមេរិក ហើយនិងជួយជាបន្តបន្ទាប់ទៀត ជាពិសេសសម្រាប់ខេត្តកំពង់ស្ពឺ ក្នុងទំហំទឹកប្រាក់ ៥លានដុល្លារសហរដ្ឋអាមេរិក ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២៩។ជាមួយគ្នានោះ លោក ម៉ម ប៊ុននាង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះឯកឧត្តមបណ្ឌិតអភិបាលនៃគណៈអភិបាលខេត្ត និងសហការី ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ក្នុងខេត្តកំពង់ស្ពឺ ដែលបានយកចិត្តទុក ដាក់ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាក់សាធារណៈ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ៕