(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ បានផ្ញើសារទៅក្រុមប្រឆាំងនៅក្រៅប្រទេស ដែលកំពុងបង្ហោះព័ត៌មានបំពុលញុះញង់ពាក់ព័ន្ធ សភាពការណ៍ព្រំដែន និងស្ថានភាពកងទ័ពនៅតាមព្រំដែនកម្ពុជា-ថៃ។តាមរយៈបណ្ដាញសង្គម នាយឧត្តមសេនីយ៍ ទៀ សីហា បានអះអាងថា កម្ពុជាមិនបានដកទ័ពនោះទេ និងចាត់ទុកថា ការញុះញង់របស់ក្រុមប្រឆាំងនៅក្រៅប្រទេស មិនមានអ្នកណាជឿទៀតនោះដែរ។ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានព្រមានដល់បុគ្គលម្នាក់ដែលមិនមែនជាកងទ័ព បានប្រើប្រាស់ក្លែងបន្លំឯកសណ្ឋានជាកងទ័ព រួចថតវីដេអូប្រឌិតសភាពការណ៍ ក្នុងចេតនាញុះញង់ បំបាក់ទឹកចិត្តកងទ័ព សូមបញ្ឈប់សកម្មភាពបែបនេះ និងកុំរករឿងអ្នករស់នៅក្នុងស្រុក គ្រាដែលខ្លួនកំពុងបានស្រុកនៅក្រៅប្រទេសនោះ។ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកឯងមិនមែនកងទ័ព មិននៅស្រុកខ្មែរផង កុំចេះតែនាំរឿងពេក នៅស្រុកគេបានសុខនៅទៅ កុំរករឿងអ្នកនៅក្នុងស្រុក។ ហើយកម្ពុជាក៏មិនបានដកទ័ពទេ កុំញុះញង់ពេក គ្មាននរណាជឿទៀតទេ»។សូមជម្រាបថា សកម្មជនគណបក្សប្រឆាំង និងជាប្រធានបណ្ដាញយុវជនកម្ពុជាសកលប្រចាំប្រទេសថៃ ឈ្មោះ អែម ពិសិដ្ឋ បានក្លែងបន្លំស្លៀកឯកសណ្ឋាកងទ័ព ហើយថតវីដេអូប្រឌិតព័ត៌មានសភាពការណ៍ តាមព្រំដែននាំឲ្យមានការយល់ច្រឡំ ដើម្បីបំបាក់ទឹកចិត្តកងទ័ព។លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះថា «ប៉ុន្មានថ្ងៃនេះមានផេកយុវជនម្នាក់នេះ ក្លែងបន្លំជាយោធានៅព្រុំដែន បង្ហោះលើបណ្ដាញសង្គមដែលធ្វើឲ្យមហាជនយើងយល់ច្រឡំ។ យុវជននេះ បច្ចុប្បន្នរស់នៅប្រទេសថៃ មិនមែនជាយោធាទេ (ជាជនបំពុលសង្គម)»។ជាមួយគ្នានេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមរយៈសេចក្ដីប្រកាសព័ត៌មាន បានអះអាងថា ថ្មីៗនេះឃើញមានគណនី TikTok ឈ្មោះ «Amy Richard310» និងហ្វេសប៊ុក ឈ្មោះ «Piseth P G EM» បានផលិតវីដេអូសម្ដែងផ្សព្វផ្សាយមានចរិតញុះញង់រើសអើង ដើម្បីបំបាក់ទឹកចិត្តកងទ័ព ផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឲ្យសាធារណជនមានការយល់ច្រឡំ។បុគ្គលដែលសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់មានឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាសកម្មជនគណបក្សប្រឆាំង ដែលមានតួនាទីជា ប្រធានបណ្តាញយុវជនកម្ពុជាសកលប្រចាំប្រទេសថៃ ស្រុកកំណើតនៅ ភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅ ក្នុងប្រទេសថៃ ដែលតែងតែប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយបង្ហោះខ្លឹមសារប្រឌិតអវិជ្ជមានជាច្រើន ក្នុងគោលដៅប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។ក្នុងន័យនេះ ដើម្បីរួមគ្នាស្វែងយល់អំពីភាពត្រឹមត្រូវ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អំពាវនាវសាធារណជនមេត្តាវិភាគពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងសម្រេចចិត្តចូលរួមមតិយោបល់ណាមួយ ចំពោះការបង្ហោះព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ចំពោះបុគ្គលនេះបច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវអនុវត្តតាមនីតិវិធី៕