អភិបាលខេត្តព្រះវិហារ ណែនាំអាជ្ញាធរស្រុកឆែប និងសមត្ថកិច្ចពាក់ព័ន្ធទប់ស្កាត់ និងបង្រ្កាបបទល្មើសនានាឱ្យមានប្រសិទ្ធិភាព

Wait 5 sec.

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានណែនាំដល់អាជ្ញាធរស្រុកឆែប និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានាឱ្យមានប្រសិទ្ធិភាពខ្ពស់។ការណែនាំបែបនេះរបស់លោកអភិបាលខេត្តព្រះវិហារ បានធ្វើឡើងនៅក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នៅសាលាស្រុកឆែប​ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីលោក ឃិត សុធារ៉ា អភិបាលស្រុកឆែប និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរឃុំ ទូទាំងស្រុកឆែប ផងដែរ។ក្នុងឱកាសនេះលោក គីម រិទ្ធី បានលើកឡើងនូវចំណុចមួយចំនួន ដែលតែងតែកើតមានឡើងនៅតាមមូលដ្ឋាន ក្នុងសង្គមយើងបច្ខុប្បន្ន ដូចជាបញ្ហាគ្រឿងញៀនខុសច្បាប់ ល្បែងសុីសងខុសច្បាប់ បញ្ហាចោរលួច ចោរប្លន់ ពិសេសបញ្ហាក្មេងទំនើង ដែលធ្វើឱ្យជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិ និងធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច។ដែលបញ្ហាទាំងនេះទាមទាឱ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធរបស់យើងត្រូវតែបង្ក្រាប និងទប់ស្កាត់ឱ្យបានដាច់ខាត។ដើម្បីលើកទឹកចិត្តដល់មន្ត្រី និងសមត្ថកិច្ចពាក់ព័ន្ធ, លោក គីម រិទ្ធី ក៏បានឧបត្ថម្ភវិទ្យុទាក់ទងដោយប្រេីស៊ីមកាត​ ដល់រដ្ឋបាលស្រុកឆែប​ រដ្ឋបាលឃុំទាំង៨​ ស្មៀន​ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨​ សរុប៣៥គ្រឿង​ និងជួយតម្លេីង Repeater នៅតាមបណ្តាឃុំនីមួយៗ​ សម្រាប់ប្រជាការពារតាមភូមិ​ បានប្រេីប្រាស់​អាយកូម​ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង និងបង្កើនប្រសិទ្ធភាពការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ​ក្នុងគោលបំណងសំខាន់ដើម្បីបម្រើការងារក្នុងភូមិ ឃុំ ឱ្យកាន់តែមានភាពរលូន និងឆាប់រហ័ស ជាពិសេសក្នុងការសម្របសម្រួលផ្តល់ព័ត៌មាន និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា៕