សម្តេចតេជោ ហ៊ុន សែន ប្រាប់អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌាថា ថៃ តែងបង្វែរជម្លោះផ្ទៃក្នុងរបស់ខ្លួន មកជាជម្លោះតាមព្រំដែនជាមួយកម្ពុជា (Video inside)

Wait 5 sec.

(ភ្នំពេញ)៖ ចាប់តាំងពីទាហានថៃបាញ់សម្លាប់ទាហានខ្មែរ បង្កើតឱ្យមានវិវាទព្រំដែន​កាន់​តែខ្លាំងក្លានោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា តែងតែលើក​បញ្ហា​នេះជម្រាបទៅកាន់មិត្តភក្តិបរទេស ដែលអញ្ជើញមកជួបសម្តេច។នៅព្រឹកថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងជំនួបជាមួយលោក Pabitra Margherita អនុរដ្ឋមន្ត្រីការប​រ​ទេស​ឥណ្ឌា, សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីបញ្ហាវិវាទព្រំដែនរវាងកម្ពុជា និងថៃ ជូនទៅលោកអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌាផងដែរ។លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនេះសម្តេចតេជោ បានលើកឡើងពីមូលហេតុទាំងឡាយ ដែលនាំឱ្យមានបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ សម្តេចតេជោ បានលើកបង្ហាញនូវការកត់សម្គាល់ថា ប្រទេសថៃ រាល់ពេល​មានបញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួន តែងតែបង្វែរបញ្ហាទាំងនោះមកកាន់​ព្រំដែន​ជាមួយកម្ពុជា។លោក ជា ធីរិទ្ធ បានលើកមកបញ្ជាក់នូវអ្វីដែលសម្តេចតេជោ ជម្រាប់ជូនទៅអនុរដ្ឋ​មន្ត្រី​ការបរទេសឥណ្ឌាយ៉ាងដូច្នេះ «សម្តេចតេជោ បានជម្រាប់ថា សម្តេចមិនមែនជា​អ្នក​នយោបាយ​ឥតគុណធម៌នោះទេ ប៉ុន្តែអ្វីដែលសម្តេចធ្វើ គឺដើម្បីការពារបូរណភាព​ទឹកដី និងមិនចង់ឱ្យគេប្រមាថចំពោះទឹកដី និងប្រជាពលរដ្ឋកម្ពុជា។ បញ្ហាផ្ទៃ​ក្នុង​របស់ថៃ ហើយបង្វែរមកកម្ពុជា គឺសម្តេចគ្រាន់តែបោះដុំភ្លើង ដែលគេបោះមក​កម្ពុជា ត្រឡប់ទៅកាន់ក្រុងបាងកកវិញប៉ុណ្ណោះ»។សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ គឺផ្តើមចេញពីថៃ បានគូរផែនទីជាឯកតោភាគី និងការបាញ់សម្លាប់​ទាហាខ្មែរដោយ​ទាហានថៃ ​​កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ព្រមទាំងការបិទព្រំដែនជាឯកតោភាគី។សម្តេចតេជោ ហ៊ុន សែន បានជម្រាបទៅអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌាទៀតថា កម្ពុជា មិនចង់ឃើញសង្គ្រាមជាមួយប្រទេសជិតខាងនោះឡើយ។ ហេតុនេះហើយ ទើបកម្ពុជា ប្រើយន្តការចរចាដោយសន្តិវិធី ជាពិសេសការប្រើយន្តការច្បាប់អន្តរជាតិ តាមរយៈការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ ប្រទេសហូឡង់។លោកអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា បានថ្លែងអំណរគុណសម្តេចតេជោ ដែលបាន​ជម្រាប​ពីវិវាទ​ព្រំដែនរវាងកម្ពុជា និងថៃ។ លោកអនុរដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរជម្រើសរបស់កម្ពុជា ក្នុងការប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដោះស្រាយបញ្ហានេះ៕