កម្ពុជាច្រានចោលការចោទប្រកាន់របស់ថៃ ដែលថាកម្ពុជាពឹងក្រុមចោរបច្ចេកវិទ្យា (Hacker) កូរ៉េខាងជើង វាយប្រហារទៅលើស្ថាប័នមួយចំនួនរបស់ថៃ, សូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះព័ត៌មានមិនពិត

Wait 5 sec.

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិត លើបណ្តាញសង្គម។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសង្កេតឃើញមានការផ្សព្វផ្សាយ នៅលើបណ្តាញសង្គមនូវព័ត៌មាននៅថៃ ដែលចោទថា កម្ពុជាបានពឹងក្រុមចោរបច្ចេកវិទ្យា (Hacker) កូរ៉េខាងជើង វាយប្រហារទៅលើស្ថាប័នមួយចំនួនរបស់ថៃ។ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនមានទំនាក់ទំនងជាមួយក្រុមចោរបច្ចេកវិទ្យា (Hacker) កូរ៉េខាងជើង ដូចការចោទប្រកាន់នេះទេ។ ក្រសួងយល់ឃើញថា ការចោទប្រកាន់នេះ ជាចេតនាអាក្រក់របស់ថៃ ដើម្បីបង្អួចកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ ដូចដែលថៃធ្លាប់បានធ្វើកន្លងមក។ផ្ទុយទៅវិញ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានសង្កេតឃើញថា ក្រុមចោរបច្ចេកវិទ្យា (Hacker) ថៃឈ្មោះ BlackEye-Thai បានវាយប្រហារសាយប័រ មកលើប្រព័ន្ធអនឡាញ របស់រដ្ឋាភិបាលកម្ពុជាស្ទើរ តែទាំងអស់ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ តែត្រូវបានទប់ស្កាត់ដោយប្រព័ន្ធការពារសុវត្ថិភាព និងទទួលរងការប៉ះពាល់តិចតួច។ក្រសួងអំពាវនាវសូមសាធារណជនទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ទៅលើព័ត៌មានមិនពិតដែលផ្សព្វផ្សាយលើបណ្តាញសង្គម៕