(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោក Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដេ ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព។នៅក្នុងឱកាសនៃជំនួប, លោកឯកអគ្គរដ្ឋទូតទីម័រឡេស្ដេ បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។លោកបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា។ លោកគូសបញ្ជាក់ផងដែរថា នៅក្នុងអាណត្តិបេសកកម្មការទូតរបស់លោកនៅកម្ពុជា, លោកបានសិក្សារៀនសូត្រពីបទពិសោធន៍ជោគជ័យ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលទាំងនេះនឹងអាចជាមេរៀន និងឧត្តមានុវត្តន៍ ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចទីម័រឡេស្ដេ។លោកក៏បានបង្ហាញអំពីជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចបវរធិបតី, កម្ពុជានឹងបន្តសម្រេចបាននូវការអភិវឌ្ឍរីកចម្រើន និងអាចដោះស្រាយបញ្ហាប្រឈមនានា ដោយជោគជ័យ។លោកក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំរូវីរភាពដឹកនាំប្រទេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់កម្ពុជា ជាពិសេសក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២ ដែលបានចលនាបណ្ដាប្រទេសជាសមាជិកអាស៊ាន ឱ្យឯកភាពជាគោលការណ៍ ក្នុងការអនុញ្ញាតឱ្យទីម័រឡេស្ដេបានក្លាយជាសមាជិកពេញសិទ្ធិទី១១ របស់អាស៊ាន។ បើពុំមានការគាំទ្ររបស់សម្ដេចតេជោ ហ៊ុន សែន នោះទេ មកដល់ពេលនេះ, ទីម័រឡេស្ដេក៏នឹងមិនអាចក្លាយជាសមាជិកពេញសិទ្ធិទី១១ របស់អាស៊ាន នាពេលខាងមុខនេះ។ជាការឆ្លើយតប, សម្ដេចបវរធិបតីបានស្វាគមន៍ចំពោះលោកឯកអគ្គរដ្ឋទូតទីម័រឡេស្ដេ និងសហការី និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកក្នុងការពង្រឹង និង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ទីម័រឡេស្ដេ។ សម្ដេចបវរធិបតីបានអបអរសាទរ ទីម័រឡេស្ដេ ដែលនឹងក្លាយទៅជាសមាជិកពេញសិទ្ធិទី១១ របស់អាស៊ាន នាពេលអនាគតដ៏ខ្លីខាងមុខនេះ។បន្ថែមពីនោះ, សម្ដេចបវរធិបតីក៏បានអរគុណរដ្ឋាភិបាល និងប្រជាជនទីម័រឡេស្តេ ដែលបានទទួលស្វាគមន៍ សម្ដេចតេជោ យ៉ាងកក់ក្ដៅបំផុត ក្នុងឱកាសដែលសម្ដេចអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដេ និង បានគូសបញ្ជាក់ជាថ្មីថា កម្ពុជានឹងបន្តគាំទ្រទីម័រឡេស្ដេ ក្នុងនាមជាសមាជិកអាស៊ាន។សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា និងទីម័រឡេស្ដេ នៅមានសក្កានុពលជាច្រើនទៀត ក្នុងការជំរុញការពង្រឹង និពង្រីកកិច្ចសហប្រតិបត្តិការ ហើយកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការផ្ដល់ការគាំទ្រនានា ក៏ដូចជាការជំរុញនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ កម្ពុជា-ទីម័រឡេស្ដេ ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។មុននឹងបញ្ចប់, សម្ដេចបវរធិបតីជូនពរដល់លោកឯកអគ្គរដ្ឋទូតឱ្យទទួលបានជោគជ័យ ក្នុងការបំពេញបេសកកម្មការងារថ្មីរបស់លោក៕