(ហ្សឺណែវ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូ ក.ប.ទ. និងនិយ័តករទូរគមនាគមន៍កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលពិភពលោក ស្ដីពីបញ្ញាសិប្បនិម្មិតដើម្បីមនុស្សជាតិឆ្នាំ២០២៥ (AI for Good Global Summit 2025) ដែលប្រព្រឹត្តទៅស្របគ្នានឹង កិច្ចប្រជុំជាន់ខ្ពស់ឆ្នាំ២០២៥ នៃកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន (World Summit on the Information Society +20 High-Level Event 2025) នៅក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។កិច្ចប្រជុំកំពូលរយៈពេលប្រាំថ្ងៃនេះ មានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ពីប្រទេសនានា រួមទាំងតំណាងក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនអន្តរជាតិធំៗ និងតំណាងទីភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិ ដើម្បីចែករំលែកបទពិសោធនិងពិភាក្សាអំពីរៀបចំគោលនយោបាយ ការគ្រប់គ្រង ការអភិវឌ្ឍ ការស្រាវជ្រាវនវានុវត្តន៍ពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត ព្រមទាំងរិះរកវិធីសាស្ត្រល្អៗ ដើម្បីប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជាប្រយោជន៍និងគ្រប់គ្រងហានិភ័យបច្ចេកទេស សេដ្ឋកិច្ច និងសង្គមដែលកើតពីបញ្ញាសិប្បនិម្មិត។កិច្ចប្រជុំកំពូលពិភពលោក ស្ដីពីបញ្ញាសិប្បនិម្មិតដើម្បីមនុស្សជាតិ (AI for Good Global Summit) ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំតាំងពីឆ្នាំ២០១៧ មានគោលបំណងរិះរកករណីប្រើប្រាស់បញ្ញាសិប្បនិម្មិត ប្រកបដោយនវានុវត្តន៍ បង្កើនជំនាញ និងស្តង់ដារនីយកម្មបញ្ញាសិប្បនិម្មិត និងបង្កើនកិច្ចសហការជាសាកលលើការងារបញ្ញាសិប្បនិម្មិត ដើម្បីគាំទ្រការអភិវឌ្ឍ ជាពិសេសគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕