ព្រឹកថ្ងៃនេះ ព្រះមហាក្សត្រយាងប្រារព្ធព្រះរាជពិធី «រុក្ខទិវា ៩កក្កដា» លើកទី២៩ នៅខេត្តកំពង់ចាម

Wait 5 sec.

(កំពង់ចាម)៖ នៅព្រឹកថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោ​ត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈ សព្វ​ព្រះរាជ​ហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ប្រារព្ធ​ព្រះរាជពិធី «រុក្ខ​ទិវា ៩កក្កដា» លើកទី៣០ ដែលរៀបចំឡើងសួនរុក្ខទិវាទំហំ ស្ថិតក្នុងភូមិ​កសិ​ដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ក្នុងពិធីនេះ ក៏មានការអញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ជីវិត​លើត្បូង​ពីសំណាក់​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តម​ប្រឹក្សាផ្ទាល់ព្រះ​មហា​ក្សត្រ, សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហា​ប​វរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងសមាជិក សមាជិកាឧត្តម​ប្រឹក្សា​​ផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯក​អគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ថ្នាក់​ដឹក​នាំ មន្ត្រីរាជការខេត្ត​កំពង់​ចាម ព្រមទាំងមានការអញ្ជើញចូលរួម​ប្រជាពលរដ្ឋ​ខេត្តកំពង់ចាម​ ជា​ច្រើនរូប​ទៀត។«រុក្ខទិវា ៩កក្កដា» ជាមរតក៌កើតចេញពីព្រះរាជបញ្ញាញាណដ៏ភ្លឺស្វាងបំផុតរបស់ព្រះ​ករុណា នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាលពីឆ្នាំ១៩៥២ ដែលព្រះអង្គបានបំផុសចលនា​ដាំដើមឈើ ហៅថា រុក្ខទិវា នេះឡើង ព្រមទាំងផ្តល់ព្រះរាជបន្ទូលទូន្មានដល់​ប្រជា​រាស្រ្តទូទាំងប្រទេស ឱ្យដាំ និងថែរក្សាព្រៃឈើ តកូន តចៅ ដើម្បីឱ្យអាកាសធាតុមាន​ប្រក្រតីភាពជាវិជ្ជមានចំពោះវិស័យកសិកម្ម និងមនុស្សជាតិ។ស្របតាមព្រះរាជបញ្ញាញាណដ៏ត្រចះត្រចង់នេះ និងដើម្បីបន្តស្នាព្រះហស្ថរបស់ ព្រះ​ករុណា ព្រះបរមរតនកោដ្ឋ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើតឡើងវិញនូវពិធី «រុក្ខទិវា ៩កក្កដា» នៅឆ្នាំ១៩៩០ និងបានចាប់​ផ្តើម​ប្រារព្ធពិធីនេះឡើងវិញជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ១៩៩២មក។មកទល់ពេលនេះ ព្រឹត្តិការណ៍ «រុក្ខទិវា ៩កក្កដា» បានបង្កើតជាចលនាជាតិ​ស្រឡាញ់​ថែ​រក្សាការពារព្រៃឈើ និងដាំដើមឈើ ឡើងវិញនៅគ្រប់ទិសទីទូទាំងប្រទេស ដោយ​បង្កើតបានជាចម្ការឈើ និងសួនសាធារណៈរាប់សែនហិកតា នៅតាមវត្តអារាម សា​លា​រៀន ទីធ្លាសាធារណៈ សហគមន៍ និងរមណីយដ្ឋាននានា។ គិតត្រឹមឆ្នាំ២០២៥ រដ្ឋ​បាលព្រៃឈើ និងខណ្ឌរដ្ឋបាល ព្រៃឈើ បានបណ្តុះ និងដាំកូនឈើជាង ២១លាន​ដើម ដោយប្រើប្រាស់ថវិការដ្ឋ ខណៈដែលកូនឈើជាច្រើនលានដើម​ផ្សេងទៀត​ត្រូវ​បានបណ្តុះ និងដាំដោយប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនរាប់បញ្ចូល​ឈើ​ហូប​ផ្លែ ឬដំណាំឧស្សាហកម្ម ដូចជាស្វាយ ខ្នុរ ដូង ដូងប្រេង កៅស៊ូ និងស្វាយចន្ទី​ជា​ដើម។ល។សម្រាប់ពិធី «រុក្ខទិវា ៩កក្កដា» លើកទី៣០នេះ កូនឈើចម្រុះប្រភេទ មានដូចជា ធ្នង់ នាងនួន គ្រញូង បេង ក្ងោក និងត្របែកព្រៃសរុបចំនួន ១៥,០០០ដើម នឹងត្រូវ​ដាំ​ក្នុងសួនរុក្ខទិវាទំហំ១០ហិកតានេះ ស្ថិតក្នុងភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។កាលពីដើមឡើយ ពោលគឺចាប់ពីឆ្នាំ១៩៣៤មក ទីតាំងនេះ ​គឺជាអតីតស្ថានីយ​កសិ​កម្មចំការក្រូច ប៉ុន្តែត្រូវបានប្តូរឈ្មោះមកជា ស្ថានីយ៍ពិសោធន៍ដំណាំកប្បាស​ចំការ​លើនៅឆ្នាំ១៩៨១ ក្រោយពេលក្រសួងកសិកម្ម និងអ្នកជំនាញការអតីតសហភាព​សូ​វៀត​បានសហការដាំដើមកប្បាសនៅលើទីតាំងនេះ ដើម្បីបម្រើឱ្យឧស្សាហកម្មដំណាំ​កប្បាស និងបំពេញតម្រូវការរោងចក្រវាយនភណ្ឌ។ ជាអកុសលនៅខែសីហា ឆ្នាំ​១៩​៨៣ អ្នកជំនាញការសូវៀត ចំនួន ៩នាក់បានបាត់បង់ជីវិតក្រោមការពួនស្ទាក់​បាញ់​ប្រហារ​របស់ពួក ប៉ុល ពត បានធ្វើឱ្យគម្រោងផលិតកម្មដំណាំកប្បាសត្រូវ​បានផ្អាក​ទាំង​ស្រុង ហើយក្នុងឆ្នាំដដែលនោះ ក្រសួងកសិកម្មបានសម្រេចប្តូរឈ្មោះស្ថានីយ៍​នេះ មកជាស្ថានីយ៍ ពិសោធន៍ដំណាំចំការលើវិញ។ នៅឆ្នាំ១៩៩០ ស្ថានីយ៍នេះ​ត្រូវ​បាន​ផ្លាស់ប្តូរឈ្មោះម្តងទៀត មកជាកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចំការលើ និងត្រូវបានប្រើប្រាស់សម្រាប់ពិសោធវិធីសាស្រ្តដាំដុះពូជដំណាំផ្សេងៗ រហូតមក។រាជរដ្ឋាភិបាលជាច្រើនអាណត្តិកន្លងមក ក្រោមការដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយ និងផែនការសកម្ម​ភាពជាច្រើន ដើម្បីពង្រឹងការគ្រប់គ្រង អភិវឌ្ឍន៍ និងអភិរក្សធនធានធម្មជាតិ ជា​ពិសេស​ព្រៃឈើ ទឹក ដី និងសត្វព្រៃ។ កម្ពុជា គឺជាប្រទេសឈានមុខគេមួយនៅ​ក្នុង​តំបន់ និងពិភពលោក ដែលបានដាក់តំបន់ព្រៃឈើទំហំជាង ៤០ភាគរយ​នៃផ្ទៃ​ប្រ​ទេ​ស ជាតំបន់ការពារធម្មជាតិ និងបន្តជំរុញការដាំស្តារព្រៃឈើឡើងវិញ។ ជាមួយគ្នា​នេះ​ផងដែរ ក្នុងស្មារតីជំរុញវិបុលកម្មសត្វព្រៃ សម្តេចតេជោ ក៏បានសម្រេចអនុញ្ញាតឱ្យ​បង​ប្អូន​ប្រជាពលរដ្ឋដែលស្រឡាញ់សត្វ អាចចិញ្ចឹមសត្វព្រៃជាលក្ខណៈគ្រួសារ ដើម្បី​ឱ្យសត្វទាំងនេះអាចបន្តពូជ និងបង្កើនចំនួន និងអាចត្រូវបានព្រលែងចូល​ក្នុងព្រៃធ​ម្ម​ជាតិវិញ ក្រោមការពិនិត្យ និងការផ្តល់បច្ចេកទេសពីរដ្ឋបាលព្រៃឈើ នៃក្រសួង​កសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ។បន្ទាប់មករាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វា​ហាប់ និងប្រកបដោយចក្ខុវិស័យ វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រី ដែលមានយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ជា​មាគ៌ា និង​មានទស្សនាទាន «មានហូប មានប្រើ មានបាន និងមានរហូត» កំពុងជំ​រុញ និង​បង្កើនល្បឿន នៃការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង លើកកម្ពស់ជីវ​ភាពប្រជាកសិករ និងរួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ក្នុងអនុវិស័យព្រៃឈើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនាមជាសេនា​ធិការ បាននិងកំពុងអនុវត្ត ផែនការយុទ្ធសាស្រ្ត និងសកម្មភាពនានា ដូចជា៖ ១). ការ​ពង្រឹងការការពារ និងគ្រប់គ្រងដីព្រៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈកិច្ច​សហ​ការជិតស្និទ្ធជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋ​បាល​ថ្នាក់ក្រោមជាតិ លើការជំរុញចុះបញ្ជីដីរដ្ឋ រួមមាន ដីគម្របព្រៃឈើ ដីសហគមន៍ព្រៃ​ឈើ និងដីស្ថានីយស្តារព្រៃឈើ ២). ការបង្កើន និងលើកទឹកចិត្ត ដល់ការបណ្តុះកូន​ឈើគ្រប់រូបភាព ទាំងរដ្ឋ អង្គការដៃគូ និងវិស័យឯកជន ដើម្បីគាំទ្រសកម្ម​ភាព​ដាំឈើ​នៅទូទាំងប្រទេស ៣). ការពង្រឹងការទប់ស្កាត់ និងអនុវត្តច្បាប់ម៉ឺងម៉ាត់លើការ​ទន្ទ្រាន​ដីព្រៃ ការកាប់បំផ្លាញព្រៃឈើ និងការជួញដូរសត្វព្រៃ ៤). ការបង្ការ ទប់ស្កាត់ និងអន្ត​រាគមន៍​ទាន់ពេលវេលា ចំពោះករណីភ្លើងឆេះព្រៃ ជាពិសេស ក្នុងរដូវប្រាំងស្ងួត​ហួត​ហែង ដើម្បីការពារព្រៃឈើធម្មជាតិ និង៥). ការគាំទ្រ និងជំរុញឧស្សាហកម្មឈើដាំ ដើម្បីដោះស្រាយតម្រូវការឈើសម្រាប់ ប្រើប្រាស់ក្នុងស្រុក កាត់បន្ថយសម្ពាធ និ​ង​ធានានិរន្តរភាពព្រៃឈើធម្មជាតិ ព្រមទាំងគាំទ្រការកែច្នៃផលិតផលឈើ​ដើម្បី​ចូល​រួម​ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ជាមួយគ្នានេះ ក្រោមកិច្ចសហការជាមួយអង្គការដៃគូ និងវិស័យឯកជន ក្រសួង​កសិ​កម្មបាននិងកំពុងផ្តល់ការគាំទ្រ ផ្នែកបច្ចេកទេស និងថវិកាដល់ការបង្កើតមុខរបរ​សម្រាប់​ប្រជាសហគមន៍ ដូចជាការចិញ្ចឹមសត្វ ការធ្វើកសិ-រុក្ខកម្ម កសិ-ទេសចរណ៍ និងការប្រមូលផលអនុផលព្រៃឈើ ដើម្បីទ្រទ្រង់ និងលើកកម្ពស់ជីវភាពប្រជា​សហ​គមន៍​ចំនួន ៦៥៥សហគមន៍ ដែលមានសមាជិកជាង ១៧ម៉ឺនគ្រួសារ ស្មើនឹងជាង ៥១​ម៉ឺននាក់នៅទូទាំងប្រទេស ដែលបាននិងកំពុងរួមចំណែកយ៉ាងសកម្ម ក្នុងការការពារ​ដី​ព្រៃសហគមន៍ និងសត្វព្រៃ។ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយផ្តល់ដី ការពារ​ព្រៃ ក្នុងទម្រង់ជាសម្បទានដីសង្គមកិច្ច ដើម្បីបង្ការទប់ស្កាត់ការ​ទន្ទ្រានកាន់​កាប់ដីរដ្ឋ​ដោយ​ខុសច្បាប់ បង្កើនការអភិរក្សធនធានធម្មជាតិ និងប្រសិទ្ធភាពផលិតភាព​នៃការ​ប្រើប្រាស់ដីរដ្ឋ ក៏ដូចជាជួយបងប្អូនប្រជាពលរដ្ឋដែលគ្មានដីពិតប្រាកដឱ្យ​ទទួល​បាន​ដី​សម្រាប់ប្រកបរបរ កសិកម្មចិញ្ចឹមជីវិត និងជួយការពារព្រៃឈើ និងដីព្រៃដែល​នៅ​ជិត​នោះ។ មកទល់ពេលនេះ រាជរដ្ឋាភិបាលបានទទួលសំណើរបស់ប្រជាពលរដ្ឋជាង ១២,០០០គ្រួសារ មកពីឃុំ/សង្កាត់ចំនួនជាង ១,០០០ នៅទូទាំងប្រទេស និងបាន​រៀប​ចំការចាប់ឆ្នោត ដើម្បីជ្រើសរើសប្រជាពលរដ្ឋចំនួន ២ ៥០០គ្រួសារដំបូងមក​ទទួល​ដី និងតាំងទីលំនៅ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយបានរៀប​ចំជា​ប្លង់​បែងចែកឡូតិ៍ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់គាំទ្រដល់កា​ររស់​នៅ​របស់។ ក្នុងនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងចូលរួមតាមរយៈការ​រៀប​​ចំចង​ក្រង ជាសហគមន៍កសិកម្មទំនើប ដើម្បីជួយគាំទ្រ និងលើកកម្ពស់ជីវភាព​ប្រជាពល​រដ្ឋដែលស្ម័គ្រចិត្តមកតាំងទីលំនៅ។តាមរយៈកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលជាច្រើនអាណត្តិកន្លងមកនេះ ដោយមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន អាជ្ញាធរ​ពាក់​ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាសេនាធិការ កម្ពុជានៅតែបន្តរក្សាបាននូវតុល្យ​ភាព និងនិរន្តរភាពល្អប្រសើរ ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិ សម្រាប់​ប្រជាពលរដ្ឋទូទាំងប្រទេស និងកូនចៅជំនាន់ក្រោយរបស់កម្ពុជា៕