រដ្ឋមន្ត្រី កែវ រតនៈ លើកទឹកចិត្តដល់កូនក្មួយសិស្សានុសិស្ស ថ្នាក់ទី១២ ទូទាំងខេត្តពោធិ៍សាត់ ត្រូវខិតខំរៀនសូត្រ ថែរក្សាសុខភាព គោរពបទបញ្ជាផ្ទៃក្នុងនៃការប្រឡងបាក់ឌុប នាពេលខាងមុខ

Wait 5 sec.

(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និង​ជា​ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ បានលើកទឹកចិត្តដល់កូនក្មួយសិស្សានុសិស្ស ថ្នាក់ទី១២ ទូទាំងខេត្តពោធិ៍សាត់ ត្រូវខិតខំរៀនសូត្រ ពង្រឹងបន្ថែមនូវចំណេះដឹងឱ្យបានរឹងម៉ាំបន្ថែមទៀត ថែរក្សាសុខភាព និងគោរពបទបញ្ជាផ្ទៃក្នុងនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅ នាសម័យប្រឡង ១៨ សីហា ២០២៥ខាងមុខនេះ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ សាកសមជាទំពាំងស្នងឬស្សី និងជាអ្នកបន្តវេណទៅថ្ងៃអនាគត។លោក កែវ រតនៈ បានថ្លែងបែបនេះ នៅពហុកីឡដ្ឋានខេត្តពោធិ៍សាត់ ក្នុងឱកាសជួបសំណេះសំណាល ជាមួយសិស្សានុសិស្ស ថ្នាក់ទី១២ ទូទាំងខេត្តពោធិ៍សាត់ សរុបប្រមាណជាង៣,៥០០នាក់ ដោយបានការចូលរួមពីសំណាក់ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងលោក លោកស្រី ជាក្រុមការងារចុះជួយមូលដ្ឋានស្រុក/ក្រុង, ក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, អភិបាលស្រុក/ក្រុង, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, នាយក នាយិកា, លោកគ្រូ អ្នកគ្រូ និងមន្ត្រីអ្នកមុខអ្នកការជាច្រើនទៀត។លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បានជម្រាបជូននូវរបាយការណ៍ ស្តីពីស្ថានភាពការសិក្សា របស់សិស្សានុសិស្ស ថ្នាក់ទី១២ ឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០២៤-២០២៥ ទូទាំងខេត្ត មានបេក្ខជនចូលរួមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន៣,៩០០នាក់ ក្នុងនោះបេក្ខជនសិស្សចំណេះទូទៅ ចំនួន៣,៤៧១នាក់, បេក្ខជនបំពេញវិជ្ជា ចំនួន៣០នាក់, បេក្ខជនស្វៃរិន ចំនួន៣៧៨នាក់ និងបេក្ខជនមកពីសាលាឯកជន ចំនួន៨នាក់។ សម័យប្រឡង នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ដែលមានមណ្ឌលប្រឡង ចំនួន០៦កន្លែង ស្ថិតក្នុងក្រុងពោធិ៍សាត់ ក្នុងនោះ​ថ្នាក់វិទ្យាសាស្ត្រ មាន០២មណ្ឌល និងវិទ្យាសាស្ត្រសង្គម មាន០៤មណ្ឌល។លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា នាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ មានបេក្ខជនបានដាក់ពាក្យប្រឡង ចំនួន៣,៧០៣នាក់ ក្នុងនោះប្រឡងជាប់ ចំនួន២,៧៥៥នាក់, បេក្ខជនទទួលបាននិទ្ទេស A ចំនួន២៨នាក់, និទ្ទេសB ចំនួន១៥៧នាក់, និទ្ទេសC ចំនួន៥០៤នាក់, និទ្ទេសD ចំនួន៩៨៥នាក់ និងនិទ្ទេសE ចំនួន១,០៨១នាក់។ ទាំងនេះ គឺជាការខិតខំពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងមាតាបិតា អាណាព្យាបាលសិស្ស ក្នុងការរួមចំណែកអភិវឌ្ឍវិស័យអប់រំក្នុងខេត្ត ក្នុងដំណាក់កាលបច្ចេកវិទ្យាឌីជីថល ដោយកំណត់យកអាទិភាពជាគន្លឹះ ចំនួន៥ គឺមនុស្ស ផ្លូវ ​ទឹក ភ្លើង និងបច្ចេកវិទ្យា។លោក កែវ​ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានបញ្ជាក់ពីគោលបំណង នៃជំនួបសំណេះសំណាលនាឱកាសនេះ គឺដើម្បីស្វែងយល់ពីចំណាប់អារម្មណ៍របស់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ថ្នាក់ទី១២ ព្រមទាំងផ្តល់នូវគន្លឹះរៀនសូត្រមួយចំនួន ដើម្បីត្រៀមខ្លួនឱ្យបានល្អ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពេលខាងមុខ។ ជាការពិតណាស់ ក្មួយៗសុទ្ធតែទទួលបានការបំពាក់បំប៉នដើម្បីត្រៀមប្រឡងជាមុន ក្នុងន័យនេះលោកសូមជូនពរដល់សិស្សានុសិស្សទាំងអស់ ឱ្យប្រឡងជាប់គ្រប់ៗគ្នា ដើម្បីឈានទៅសម្រេចបំណងប្រាថ្នា ទៅថ្ងៃអនាគត។លោកបានរំលេចនូវសមិទ្ធផល និងវឌ្ឍនភាពទាំងផ្នែករឹង និងទន់ ដែលវិទ្យាល័យសម្រេចបាននាពេលកន្លងមក ដូចជាការកែលម្អបរិស្ថានសិក្សា, ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងថ្នាក់រៀន, ការដាក់ដំណើរការសាលារៀនជំនាន់ថ្មីប្រកបដោយជោគជ័យ និងការអនុវត្តកម្មវិធីរៀនពេញមួយថ្ងៃ ដោយបានផ្តល់អនុសាសន៍ឱ្យបន្តខិតខំប្រឹងប្រែង លើកកម្ពស់លទ្ធផលសិក្សាឱ្យកាន់តែប្រសើរ ជាពិសេសបង្កើនអត្រាជាប់ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាខាងមុខនេះ។លោក កែវ រតនៈ ក៏បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ ឱ្យយកចិត្តទុកដាក់លើការសិក្សាស្រាវជ្រាវបន្ថែម ដើម្បីពង្រឹងសមត្ថភាពចំណេះដឹង ពិសេសផ្នែកព័ត៌មានវិទ្យា ក្នុងសម័យបច្ចេកវិទ្យាឌីជីថល និងជួយបណ្តុះបណ្តាលជំនាញទន់, បណ្តុះស្មារតីសិស្សឱ្យចូលចិត្តលេងកីឡា, បណ្តុះឥរិយាបទសិស្ស ឱ្យមានសុជីវធម៌ គុណធម៌ និងមានសីលធម៌ល្អ, អប់រំណែនាំដល់សិស្សឱ្យប្រព្រឹត្តតែអំពើល្អ, ឱ្យចូលរួមធ្វើការងារសង្គម ការងារបរិស្ថាន ដូចជាដាំដើមឈើ និងសម្អាតអនាម័យតាមទីសាធារណៈជាដើម...។ល។លោកក៏បានផ្តល់ដំបូន្មាន ដល់សិស្សានុសិស្សទាំងអស់ ឱ្យខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រ សិក្សាស្រាវជ្រាវបំពេញបន្ថែម និងបង្កើននូវចំណេះដឹងភាសាបរទេស ដើម្បីអនាគតរបស់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ជាពិសេសចូលរួមធ្វើការអភិវឌ្ឍទឹកដីកំណើតរបស់យើង ឱ្យមានការរីកចម្រើនឈានឡើង។ ជាការលើកទឹកចិត្ត ដល់កូនក្មួយសិស្សានុសិស្ស ក្រោយបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ លោក កែវ រតនៈ បានប្រកាសរៀបចំដំណើរទស្សនកិច្ច និងបង្កើតអនុស្សាវរីយ៍ អញ្ជើញកូនក្មួយទៅលេងខេត្តសៀមរាប ដែលបន្ទុកទាំងអស់ ក្រុមការងារចុះជួយមូលដ្ឋាន ជាអ្នកទទួលរ៉ាប់រង។ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី បានជម្រាបជូនកូក្មួយសិស្សានុសិស្ស និងអង្គពិធី អំពីអនុសាសន៍ដឹកនាំដ៏មុតស្រួច និងបទបញ្ជាយ៉ាងម៉ឺតម៉ាត់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារជាតិ និងបូរណភាពទឹកដី មិនឱ្យបរទេសណារំលោភបំពានបានឡើយ៕