(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ ដែលជាកម្មវិធីថ្មី។ក្នុងកម្មវិធីនោះ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំ នៃក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងសុខាភិបាល ក្រសួងកិច្ចការនារី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ក្រុមប្រឹក្សាភិបាលមូលនិធិជាតិជំនួយសង្គមអគ្គនាយកដ្ឋានពន្ធនាគារ អគ្គលេខាធិការក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីអគ្គលេខាធិការក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ គណអភិបាលរាជធានី ខេត្ត ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមាររាជធានី ខេត្តឭ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា មន្ទីរសុខាភិបាល សាខាមូលនិធិជាតិជំនួយសង្គម ប្រធានពន្ធនាគាររាជធានី ខេត្ត និងអង្គការដៃគូទាំងអស់ សរុបចំនួន ២២៥រូប។លោកស្រីកិត្ដិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្ដីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានយោបល់ត្រលប់ពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា នៃកម្ពុជា តាមរយៈ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី បានគោរពស្នើសុំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីធ្វើការគិតគូរដល់ជនជាប់ឃុំជាស្រ្តីមានផ្ទៃពោះ នៅក្នុងពន្ធនាគារ រួមមាន ស្នើរៀបចំបង្កើតជារបប កម្មវិធី សម្រាប់ផ្តល់អត្ថប្រយោជន៍ជូនដល់ជនជាប់ឃុំជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ព្រោះថា បើទោះបីជាម្តាយត្រូវជាប់ពិរុទ្ធក៏ដោយ តែទារកនៅក្នុងផ្ទៃ និងកូនតាមម្តាយនៅក្នុងពន្ធនាគារ មិនមានកំហុសនោះទេ ហេតុនេះក៏ត្រូវតែទទួលបាននូវការគិតគូរដល់សុខុមាលភាពរបស់ពួកគាត់ តាមរយៈ ផ្តល់ការគាំពារប្រកបដោយសមធម៌ និងបរិយាបន្ន ស្របតាម គោលការណ៍ «មិនបោះបង់ពលរដ្ឋណាម្នាក់» និងសូមស្នើរៀបចំឱ្យមានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងពន្ធនាគារ ដល់ស្រ្តីដែលកំពុងជាប់ឃុំ ដើម្បីអាចមានលទ្ធភាពចិញ្ចឹមជីវិត នៅពេលមានចេញពីពន្ធនាគារផងដែរ។លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានប្រសាសន៍ចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅវិទ្យាស្ថានគរុ កោសល្យ រាជធានីភ្នំពេញរួចមក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានមូលនិធិជាតិជំនួយសង្គមជាសេនាធិការ បានរួសរាន់សហការក្នុងការសិក្សា ពិនិត្យ រៀបចំយន្តការ បទដ្ឋានគតិយុត្តិ នីតិវិធី និងបច្ចេកទេស ដោយមានការចូលរួមយ៉ាងសកម្មពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធសំខាន់ៗ និងមានការសម្របសម្រួលពីក្រុមប្រឹក្សាជាតិ គាំពារសង្គម រហូតដល់ឈានសម្រេចបាននូវការឯកភាព និងការដាក់ចេញជាផ្លូវការ ពីរាជរដ្ឋាភិបាល។ លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ មិនមែនជាកម្មវិធីថ្មីដែលរាជរដ្ឋាភិបាលទើបដាក់ឱ្យអនុវត្តនោះទេ កម្មវិធីនេះ បានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ២០១៩ ដោយមានវិសាលភាពគ្របដណ្តប់លើគ្រួសារមានបណ្ណសមធម៌ ហើយបានពង្រីកទំហំប្រាក់ឧបត្ថម្ភនៅខែសីហា ឆ្នាំ២០២៣។បច្ចុប្បន្ន រាជរដ្ឋាភិបាលបានពង្រីកវិសាលភាពគ្របដណ្តប់ ដល់សមាជិក ប.ស.ស ជាកម្មករ និយោជិត មន្រ្តីរាជការ មន្រ្តីកម្មសិក្សា និងមន្រ្តីជាប់កិច្ចសន្យា ជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងកំពុងអនុវត្តដោយបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។តាមរយៈ របាយការណ៍របស់លោកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានឱ្យដឹងថា កម្មវិធីនេះ បានគ្រប់ដណ្តប់លើពន្ធនាគារ និងមណ្ឌលចំនួន ២៦ទីតាំង ដែលមានជនជាប់ឃុំជាស្រ្តី និងមានកូនម្តាយនៅក្នុងពន្ធនាគារ។បើគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានធ្វើការចុះឈ្មោះអ្នកទទួលផលសរុបចំនួន ១១២នាក់ ក្នុងនោះ ជនជាប់ឃុំជាស្រ្តីមានផ្ទៃពោះចំនួន ៣៦នាក់ ជាស្រ្តីសម្រាលកូន ១នាក់ និងជាកូនអាយុក្រោម ២ឆ្នាំ តាមម្តាយក្នុងពន្ធនាគារចំនួន ៧៥នាក់។លោក លឹម សុខា អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារជាតិ បានមានប្រសាសន៍ថា អគ្គនាយកដ្ឋានពន្ធនាគារ ពិតជាមានមោទន ភាពចំពោះការដាក់ចេញនូវកម្មវិធីថ្មីនេះ ហើយពេញចិត្តរួមសហការក្នុងការគាំទ្រដល់ដំណើរការនៃការអនុវត្តកម្មវិធី ឱ្យដំណើរការទៅដោយរលូន និងជោគជ័យតាមការគ្រោងទុក។លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានមានប្រសាសន៍ថា ក្រោមការសម្របសម្រួល ដឹកនាំដោយ លោកអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដែលបានចាប់បដិសន្ឋិតាំងពីឆ្នាំ២០១៩មក បានធ្វើការពង្រីកវិសាលភាព ជាបន្តបន្ទាប់ រហូតមកត្រឹមខែមេសា ឆ្នាំ២០២៥នេះ បានផ្តល់ការឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះជិត ១,៥លាននាក់ ដែលក្នុងនោះ អ្នកមានបណ្ណសមធម៌ប្រមាណជា ៤៤ម៉ឺននាក់ និងសមាជិក ប.ស.ស ជាង ៩៧ម៉ឺននាក់។ បន្ថែមពីនេះ ក្រោមការសម្រេចដ៏ខ្ពង់ខ្ពស់ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្រុមប្រឹក្សាជាតិគាំពារសង្គម ក៏បាននឹងកំពុងសម្របសម្រួលការដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ សម្រាប់សមាជិក ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិជាស្ត្រី នាពេលឆាប់ៗខាងមុខនេះ។ព្រមជាមួយគ្នានេះ លោក ជា សុមេធី ក៏បានថ្លែងនូវការកោតសរសើរចំពោះមូលនិធិជាតិជំនួយសង្គម ដែលកន្លងទៅសម្រេចបាននូវវឌ្ឍនភាពជាបន្តបន្ទាប់ ទាំងក្របខណ្ឌកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមហើយបច្ចុប្បន្ននេះ ក៏កំពុងតែខិតខំពង្រីកបាននូវវឌ្ឍនភាពថ្មីៗជាច្រើនបន្ថែមទៀត ពិសេស កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ។មុននឹងប្រកាសឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីថ្មីរបស់រាជរដ្ឋាភិបាល លោករដ្ឋមន្រ្តី ក៏បានផ្តល់ជាអនុសាសន៍គន្លឹះមួយចំនួន ដូចខាងក្រោម៖១. សូមគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តផ្តល់ការគាំទ្រ និងជំរុញការអនុវត្តកម្មវិធី ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរៀងៗខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់២. មូលនិធិជាតិជំនួយសង្គម ត្រូវបន្តសហការជាមួយអគ្គនាយកដ្ឋាន ពន្ធនាគារ និងត្រូវប្រចាំការសម្របសម្រួលដល់ដំណើរការនៃការអនុវត្តកម្មវិធី នៅថ្នាក់ក្រោមជាតិ៣. ពន្ធនាគាររាជធានី ខេត្ត និងមន្ទីរពេទ្យដៃគូពន្ធនាគារ សូមអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយ ការទទួលខុសត្រូវខ្ពស់ និងអនុវត្តឱ្យស្របតាមគោលការណែនាំ នៃកម្មវិធី៤. សាខាមូលនិធិជាតិជំនួយសង្គមរាជធានី ខេត្ត ត្រូវប្រចាំការសម្របសម្រួល និងគាំទ្រ ដល់ការអនុវត្តនៅថ្នាក់មូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដើម្បីធានាការឆ្លើយតប និងដោះស្រាយបញ្ហាផ្សេងៗ បានទាន់ពេលវេលា៥. សាខាមូលនិធិជាតិជំនួយសង្គមរាជធានី ខេត្ត និងពន្ធនាគាររាជធានី ខេត្ត ត្រូវសហការគ្នាឱ្យបានពេញលេញ ក្នុងការបើកផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នកទទួលផល ឱ្យបានទៀងទាត់តាមកាលកំណត់ និងមានតម្លាភាព៕