(ភ្នំពេញ)៖ រដ្ឋាភិបាលថៃ វេលាថ្មីៗនេះកាន់តែលាតត្រដាងនូវមហិច្ឆតារបស់ខ្លួន ដែលចង់ធ្វើកម្មសិទ្ធិ លើវត្ថុបុរាណខ្មែរផង និងលើក្រុមប្រាសាទបុរាណខ្មែរមួយចំនួននៅតាមបណ្តោយព្រំដែនភាគខាងលិចផងទៀត។ Fresh Exclusive មានអត្ថបទស៊ីជម្រៅលើបញ្ហានេះ៖នៅក្នុងពិភពការទូត និងមរតកវប្បធម៌ សេចក្ដីសន្យា មិនមែនជាពាក្យដែលគេអាចនិយាយ លេងសើចកំប្លុកកំប្លែងបានតាមចិត្តចង់នោះទេ។ សម្តីសន្យា គឺជាការប្តេជ្ញា ដែលបង្ហាញពីសីលធម៌ និងភាពនៃគុណតម្លៃរបស់ប្រទេសនីមួយៗលើសកលលោក។ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា ក្នុងនាមជានាយករដ្ឋមន្ត្រីថៃ បានធ្វើទស្សនកិច្ចនៅកម្ពុជា ហើយរដ្ឋាភិបាលរបស់លោកស្រីនោះ បានសន្យាថានឹងប្រគល់វត្ថុបុរាណខ្មែរចំនួន២០ដុំ ដែលថៃកំពុងរក្សាទុក មកឱ្យកម្ពុជាវិញ។សេចក្ដីសន្យាពេលនោះ ពិតជាបានបង្កើតនូវទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការថ្មីមួយរវាងប្រទេសទាំងពីរ ប៉ុន្តែបើសិនជារដ្ឋាភិបាលថៃ ប្រែប្រួលជំហររបស់ខ្លួន ដោយបំពានលើសេចក្ដីសន្យា, ធ្វើឱ្យបាត់បង់គោលការណ៍ដ៏ស្មោះត្រង់ និងថែមទាំងប្រើប្រាស់វប្បធម៌ជាឧបករណ៍នយោបាយ ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួនថែមទៀតនោះ តើទង្វើបែបនោះនឹងធ្វើឱ្យថៃ សក្តិសមជាប្រទេសស៊ីវិល័យមួយដែរឬទេ?នៅក្នុងការប្រកាសថ្មីមួយកន្លងមកនេះទៀត លោកស្រី ផែ ថងថាន ក្នុងនាមជារដ្ឋមន្ត្រីវប្បធម៌ថៃ បាននិយាយក្នុងភាពរវើរវាយមិនពិតមួយ ចំពោះកម្មសិទ្ធិលើក្រុមប្រាសាទតាមាន់ក្នុងទឹកដីកម្ពុជា។ លោកស្រី Paetongtarn បានអះអាងថា ប្រាសាទបុរាណខ្មែរទាំងនោះ គឺជាកម្មសិទ្ធិរបស់ប្រទេសថៃ ដែលការអះអាងនេះ គឺផ្ទុយទាំងស្រុងពីសន្ធិសញ្ញាផែនទី និងគោលការណ៍ច្បាប់ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ សម្តីបំភាន់គ្មានការពិតនេះ គឺជាសម្តីគ្មានមូលដ្ឋានផ្លូវច្បាប់ ឬប្រវត្តិសាស្ត្រណាឡើយ ហើយក៏ជាការមិនគោរពចំពោះផែនទីស្តង់ដារ ១/២០០,០០០ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ដែលទទួលស្គាល់ស្របតាមច្បាប់ជាអន្តរជាតិផងដែរ។* បើសិនជាថៃ មិនប្រគល់វត្ថុបុរាណរបស់ខ្មែរ មកឱ្យប្រទេសសាមីម្ចាស់ដើមវិញទេ តើទង្វើនោះ បង្ហាញពីការបំពានអ្វីខ្លះ?ការមិនបញ្ជូនវត្ថុបុរាណខ្មែរទាំង២០ដុំ មកឱ្យប្រទេសកម្ពុជាវិញ បើទោះបីមានសេចក្ដីសន្យាផ្លូវការថា នឹងប្រគល់មកឱ្យវិញក៏ដោយ វាគឺជាទង្វើមិនសមស្របនឹងរូបភាពនៃប្រទេសស៊ីវិល័យមួយ ដែលគប្បីយកធ្វើជាគំរូក្នុងតំបន់ឡើយ។ ប្រទេសថៃ ដែលតែងអះអាងថាខ្លួនគោរពសិទ្ធិវប្បធម៌ និងច្បាប់អន្តរជាតិ គួរតែបំពេញការទទួលខុសត្រូវជាមួយនឹងសេចក្ដីសន្យារបស់ខ្លួន ទាំងក្នុងបរិបទនយោបាយការទូត និងសីលធម៌។ទង្វើមិនគោរពពាក្យសន្យារបស់ថៃបែបនេះ មិនមែនជាអាកប្បកិរិយាសមជាប្រទេសស៊ីវិល័យឡើយ។ ប្រទេសស៊ីវិល័យ ដ៏ពិតប្រាកដ គឺជាប្រទេសដែលគោរពច្បាប់អន្តរជាតិ គោរពកិច្ចព្រមព្រៀង និងទំនាក់ទំនងនៃគ្រឹះវប្បធម៌ទៅវិញទៅមក។ ខណៈដែលប្រទេសជាច្រើន ដូចជា អង់គ្លេស បារាំង និងសហរដ្ឋអាមេរិកជាដើម បានចាប់ផ្ដើមប្រគល់មរតកវប្បធម៌របស់ខ្មែរមកឱ្យប្រទេសកម្ពុជា ជាសាមីដើមវិញនោះ គួរតែថៃ គប្បីត្រូវរៀនសូត្រនូវគំរូដ៏មានតម្លៃនេះ ប៉ុន្តែផ្ទុយទៅវិញ ថៃបែរជាកំពុងរើសផ្លូវដែលបង្ខូចកេរ្តិ៍ឈ្មោះរបស់ខ្លួន, បំភ្លេចតម្លៃជាសកលនៃការគោរពវប្បធម៌ និងភាពស្មោះត្រង់។ក្នុងលិខិតមួយដែលបណ្តាញព័ត៌មានបានឃើញបង្ហោះនៅលើ Facebook ឈ្មោះ The Troll ASEAN នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥, ក្រសួងវប្បធម៌នៃប្រទេសកម្ពុជា បានស្នើជាផ្លូវការ សូមឱ្យថៃអនុវត្តតាមសេចក្ដីសន្យា និងកំណត់ពេលវេលាដ៏ច្បាស់លាស់ក្នុងការប្រគល់វត្ថុបុរាណខ្មែរទាំងនោះ មកឱ្យសាមីប្រទេសកម្ពុជាវិញ។ ប៉ុន្តែភាពស្ងៀមស្ងាត់ និងភាពមិនបញ្ជាក់ច្បាស់លាស់របស់ថៃ គឺជាការបង្ហាញនូវលេសចង់ពន្យាពេលរបស់ថៃ និងទង្វើនោះមិនមែនជាកំហុសនៃបញ្ហាបច្ចេកទេសណាមួយនោះឡើយ ប៉ុន្តែវាជាចេតនានយោបាយ ដើម្បីការលែងបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់របស់ខ្លួន។ទង្វើរបស់រដ្ឋាភិបាលថៃនេះ ត្រូវបានគេចាត់ទុកថា ជាការបំពានដ៏ធំលើសិទ្ធិអធិបតេយ្យ អត្តសញ្ញាណ និងយុត្តិធម៌ប្រវត្តិសាស្ត្រ ដែលមានចែងយ៉ោងហោចនូវចំណុចធំៗដូចតទៅនេះ៖១៖ ការបំពានលើសេចក្ដីសន្យាផ្លូវការនៅលើផ្ទាំងការទូតការនិយាយមួយដែលប្រកាលថា នឹងប្រគល់ ប៉ុន្តែបែរជាខកខាន ឬបង្ហាញក្តីបដិសេធការបញ្ជូនវត្ថុបុរាណខ្មែរទាំង២០ដុំ មកឱ្យកម្ពុជាវិញនោះ គឺជាការបំពានយ៉ាងធ្ងន់លើសេចក្ដីសន្យា ដែលបានផ្តល់ជាផ្លូវការនៅលើឆាកអន្តរជាតិ។ ទង្វើនេះមិនត្រឹមបង្ហាញពីភាពមិនស្មោះត្រង់នយោបាយទេ ប៉ុន្តែបង្ហាញពីការមិនគោរពចំពោះកេរ្តិ៍ឈ្មោះរបស់ខ្លួនឯងផងដែរ។២៖ ការបំពានលើសិទ្ធិគ្រប់គ្រងវប្បធម៌របស់ប្រទេសដើមវត្ថុបុរាណដែលមានប្រភពចេញពីដីដំណើមខ្មែរ គឺជាមរតកវប្បធម៌របស់ប្រជាជនកម្ពុជា និងជាកម្មសិទ្ធិត្រឹមត្រូវ ដែលប្រទេសកម្ពុជាត្រូវថែរក្សា។ ការរក្សាទុករបស់ថៃ នូវកេរ្តិ៍ដំណែលវប្បធម៌របស់ប្រទេសដទៃ ជាពិសេសកេរ្តិ៍អាករនៃបុព្វបុរសខ្មែរ គឺជាភាពលោភលន់ចង់ធ្វើកម្មសិទ្ធិលើរវបស់អ្នកដទៃ ដែលជាទង្វើគ្មានមូលដ្ឋានផ្លូវច្បាប់នោះឡើយ ហើយវាក៏ជាបទល្មើសនៃការបំពានលើអធិបតេយ្យភាពវប្បធម៌ផងទៀត។៣៖ ការបង្ហាញពីភាពមិនសមនឹងស្តង់ដារនៃប្រទេសស៊ីវិល័យប្រទេសណាមួយ ដែលអះអាងថាជាប្រទេសស៊ីវិល័យហើយ គេត្រូវតែគោរពច្បាប់អន្តរជាតិ និងសិទ្ធិរបស់ប្រទេសដើម ក្នុងការទាមទារវត្ថុបុរាណរបស់ខ្លួនវិញ។ ការចៀសវាង ឬបដិសេធការប្រគល់វត្ថុបុរាណខ្មែរមកឱ្យខ្មែរវិញ ដោយគ្មានហេតុផលសមស្រប គឺជាការបង្ហាញពីភាពថយចុះនៃក្រមសីលធម៌របស់ប្រទេសមួយ និងជាការបំពានជាខ្លាំង លើគ្រប់គោលការណ៍នៃការទូតស៊ីវិល័យ។ វត្ថុបុរាណរបស់ខ្មែរ គឺជាមរតកដ៏រស់រវើកនៃប្រជាជាតិរបស់ខ្មែរ ដែលបញ្ជាក់ពីអតីតកាលរបស់ខ្មែរ និងជាអត្តសញ្ញាណរបស់ប្រទេសកម្ពុជាដ៏ពិតប្រាកដ។ទង្វើរបស់ថៃ ដែលជាទង្វើបាតដៃ និងខ្នងដៃ នេះគប្បីត្រូវពិនិត្យសាឡើងវិញនូវក្រមសីលធម៌របស់ថៃខ្លួនឯង និងកុំឱ្យដូចអ្វីដែលបរទេសតែងប្រើពាក្យចំអកលេងសើចដាក់ ប្រទេសថៃ ដែលគេតែងនិយាយថា «Don’t Thai To Me» ជាដើម។ប្រសិនបើថៃចង់ឲ្យពិភពលោកគោរពថាជាប្រទេសស៊ីវិល័យ ពួកគេត្រូវចាប់ផ្ដើមពីការនិយាយពិត និងគោរពនឹងសេចក្ដីសន្យារបស់ខ្លួន។ បើមិនដូច្នេះទេ ទង្វើរបស់ថៃ គឺជាសេចក្តីបង្ហាញថាថៃគ្មានភាពស្មោះត្រង់ និងបំផ្លាញកិត្តិយសរបស់ខ្លួនឯង នៅក្នុងសម័យវប្បធម៌ និងសីលធម៌ជាសកល។* សម្តីអះអាងចង់ធ្វើកម្មសិទ្ធិលើក្រុមប្រាសាទតាមាន់របស់ខ្មែរ គឺជាទង្វើប្រឆាំងនឹងច្បាប់អន្តរជាតិ!នៅក្នុងសកម្មភាពដ៏រវើរវាយរបស់ខ្លួនមួយទៀត ដើម្បីការចង់រក្សាតួនាទីនយោបាយរបស់ខ្លួនឯង ក្លាយជានាយករដ្ឋមន្ត្រីសាឡើងវិញ លោកស្រី Paetongtarn Shinawatra ក្នុងនាមជារដ្ឋមន្ត្រីក្រសួងវប្បធម៌នៃប្រទេសថៃ បាននិយាយថា ក្រុមប្រាសាទតាមាន់ គឺជាកម្មសិទ្ធិរបស់ប្រទេសថៃ ដែលការអះអាងនេះ គឺផ្ទុយទាំងស្រុងពីសន្ធិសញ្ញា ផែនទី និងគោលការណ៍ច្បាប់ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បានច្រានចោលភ្លាមៗនូវសម្តី អះអាងរបស់លោកស្រី Paetongtarn និងបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់តបមកវិញថា ក្រុមប្រាសាទតាមាន់ ដែលរួមមានប្រាសាទតាមាន់តូច តាមាន់ធំ និងប្រាសាទតាក្របី ស្ថិតនៅក្នុងទឹកដីកម្ពុជាទាំងស្រុង យោងតាមផែនទីខ្នាត ១/១០០,០០០ ដែលជាផែនទី ដែលកម្ពុជានិងថៃ ដែលបានព្រមព្រៀងគ្នា ក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ និងស្របតាមស្មារតីនៃអនុសញ្ញាបារាំង សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែលកំពុងស្ថិតជាធរមាន។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានថ្លែងប្រតិកម្មថា ការអះអាងរបស់ថៃ ដែលផ្អែកលើផែនទីជាឯកតោភាគីខុសច្បាប់របស់ថៃនោះ «គឺពុំមានតម្លៃគតិយុត្តអ្វីទាំងអស់»។សម្តីអះអាងដ៏រវើរវាយរបស់លោកស្រី Paetongtarn នេះទៀត ក៏បានផ្ទុយទៅនឹងអ្វីដែលនាងធ្លាប់បាននិយាយជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចសន្ទនាមួយ ដែលក្រោយមកត្រូវបានលេចធ្លាយជាសាធារណៈ។ ក្នុងសម្តីទូរស័ព្ទនោះ លោកស្រី Paetongtarn បានបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលថៃរបស់លោកស្រី មិនពេញចិត្តចំពោះទង្វើមិនសមរម្យរបស់មេបញ្ជាការថៃ ឧត្តមសេនីយ៍ ប៊ូនស៊ិន ផាត់ក្លាំង Boonsin Padklang ដែលបាននិយាយអំពីការចង់ប្រើកម្លាំងយោធា ដើម្បីវាយប្រហារដណ្តើមយកប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជានោះដែរ។ក្នុងសម្តីលេចធ្លាយនោះដែរ លោកស្រី Paetongtarn បានអំពាវនាវសម្តេចតេជោ ហ៊ុន សែន សូមកុំយកចិត្តទុកដាក់ចំពោះសម្តីរបស់មេបញ្ជាការ ថៃប៊ូនស៊ិន ផាត់ក្លាំង នៃមបញ្ជាការយោធ ភូមិភាគ២របស់ថៃ ពីព្រោះមេទ័ពនោះ ក៏ជាសត្រូវនយោបាយនៃរដ្ឋាភិបាលរបស់នាងផងដែរ។ ដូច្នេះបើផ្អែកតាមកិច្ចសន្ទនាដែលបានលេចធ្លាយនោះ វាបានបញ្ជាក់យ៉ាងច្បាស់ថា ទីតាំងប្រាសាទទាំងបី គឺស្ថិតក្នុងទឹកដីកម្ពុជា ដែលថៃមិនអាចបដិសេធបានឡើយ។ប៉ុន្តែសំណួរដ៏គួរឱ្យកត់សម្គាល់នោះគឺថា៖ ហេតុអ្វីបានជាលោកស្រី Paetongtarn ទម្លាប់បាតដៃ ជាខ្នងដៃនោះទៅវិញ? ហេតុអ្វីបានជាសម្តីបញ្ជាក់ពីការពិតប្រវត្តិសាស្ត្រ ត្រូវបានបម្លែងជា សេចក្តីអះអាងបំពានលើការពិត ដោយសារការបង្វែរយុទ្ធសាស្ត្រនយោបាយរបស់លោកស្រី Paetongtarn នោះ?ទង្វើនិយាយយ៉ាងនេះ ប៉ុន្តែបែរធ្វើទៅយ៉ាងនោះ គឺជាភស្តុតាងបង្ហាញពីល្បែងនយោបាយដ៏អយុត្តិធម៌មួយ ដែលយកទ្រព្យសម្បត្តិបុរាណរបស់ជាតិខ្មែរ ជាអាថ៌កំបាំងបង្កើតប្រធានបទសម្រាប់ការស្វែងរកអំណាចនយោបាយផ្ទាល់ខ្លួន។ ការបំពានដូចនេះ មិនត្រឹមតែបង្ហាញពីភាពខ្វះចក្ខុវិស័យនយោបាយនៃមេដឹកនាំថៃដូចជាលោកស្រី ផែ ថងថាន នោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីការមិនគោរពសិទ្ធិ ភូមិសាស្ត្ររបស់ជាតិនៃប្រទេសជិតខាងផងដែរ។ដូច្នេះ បើសិនជារដ្ឋាភិបាលថៃ បន្តបដិសេធការប្រគល់វត្ថុបុរាណខ្មែរចំនួន២០ដុំ មកឱ្យកម្ពុជា វិញនោះទេ ទង្វើរបស់ថៃនេះ មិនត្រឹមតែជាការបំពានលើសេចក្ដីសន្យាផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំលោភសិទ្ធិគ្រប់គ្រងវប្បធម៌របស់ប្រទេសម្ចាស់ដើម ដែលអាចនាំឱ្យថៃរងភាព អាស្រូវនយោបាយ និងបាត់បង់កេរ្តិ៍ឈ្មោះ នៅលើឆាកអន្តរជាតិថែមទៀត។ ប្រទេសថៃ គប្បីត្រូវដឹងថា នៅក្នុងសម័យស៊ីវិល័យបច្ចុប្បន្ន ការសន្យាផ្លូវការរវាងប្រទេសទាំងពីរ គឺជាសញ្ញាបង្ហាញនៃសីលធម៌ កិត្យានុភាព និងសេចក្ដីទុកចិត្ត ដែលត្រូវបានគោរពយ៉ាងខ្ពង់ខ្ពស់ ដោយសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ។ការអះអាងគ្មានមូលដ្ឋានច្បាប់របស់ថៃលើក្រុមប្រាសាទតាមាន់ គឺជាសកម្មភាពមិនសមនឹងការទូតសន្តិភាពទេ ប៉ុន្តែជាទង្វើល្បែងនយោបាយទៅលើ វប្បធម៌ និងអត្តសញ្ញាណរបស់ជាតិដទៃ។ ប្រទេសកម្ពុជា មិនអាចស្ងៀមស្ងាត់ ឬអនុញ្ញាតឱ្យមានការឈ្លានពានវប្បធម៌បុរាណ ដែលត្រូវបានកំណត់យ៉ាងច្បាស់លាស់ក្នុងផែនទី ដែលសហគមន៍អន្តរជាតិទទួលស្គាល់ និងត្រូវបានរក្សាទុកជាឯកសារផ្លូវការ នៅអង្គការសហប្រជាជាតិឡើយ។វត្ថុបុរាណ និងប្រាសាទបុរាណខ្មែរ មិនមែនជាប្រធានបទសម្រាប់ការចរចាសេដ្ឋកិច្ច ឬជាឧបករណ៍នយោបាយឡើយ។ វាជាកេរ្តិ៍តំណែលរបស់បុព្វបុរសខ្មែរ ដែលបង្ហាញអត្តសញ្ញាណប្រវត្តិសាស្ត្រជាតិ និងមិនអាចអនុញ្ញាត ឱ្យនរណាម្នាក់យកទៅលេងសើច ឬប្រើប្រាស់ក្នុងគោលបំណងនយោបាយបានឡើយ។ ប្រសិនបើថៃ ចង់កសាងរូបភាពជាប្រទេសស៊ីវិល័យមួយក្នុងពិភពលោក ថៃត្រូវផ្លាស់ប្តូរចរិតនយោបាយ ដែលចង់ឈ្លានពានទឹកដីកម្ពុជា ដោយត្រូវប្រគល់មកវិញនូវវត្ថុបុរាណខ្មែរ ហើយបញ្ចប់ជាស្ថាពរ នូវទង្វើឈ្លានពានរបស់ខ្លួនមកលើដែនអធិបតេយ្យភាពជាតិកម្ពុជា៕