(បាត់ដំបង)៖ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ លោក ម៉េត មករា រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងដ៏ខ្ពងខ្ពស់ លោករដ្ឋមន្រ្តី ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «សិទ្ធិទទួលបានយុត្តិធម៌សម្រាប់ជនមានពិការភាពក្នុងប្រព័ន្ធយុត្តិធម៌» ជាមួយមន្ត្រីយុត្តិធម៌ នៅខេត្ដបាត់ដំបង។វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩-១០ ខែកក្កដា ឆ្នាំ២០២៥ រៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងយុត្តិធម៌ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ រដ្ឋបាលខេត្តបាត់ដំបង និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (UNOHCHR) និងមានការចូលរួមពីមន្ត្រីយុត្តិធម៌ ដែលជាចៅក្រម ព្រះរាជអាជ្ញារង ចៅក្រមកម្មសិក្សា ប្រធាន-អនុប្រធានការិយាល័យ មកពីខេត្តគោលដៅ ចំនួន៧ រួមមាន៖ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និស្សិតផ្នែកច្បាប់អង្គការជាតិ-អន្តរជាតិ និងអ្នកពាក់ព័ន្ធ សរុបចំនួន ៦២នាក់ ក្នុងនោះស្រ្តីចំនួន ២០នាក់, ជនមានពិការភាពចំនួន ៧នាក់ (ស្រ្តី២នាក់)។សូមបញ្ជាក់ថា គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះមានចំនួន៥គឺ៖ ១. លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិរបស់ជនមានពិការភាព ស្របតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងក្របខណ្ឌគតិយុត្តិជាតិ, ២. លើកកម្ពស់ការយល់ដឹងអំពីគម្រូសិទ្ធិមនុស្សក្នុងវិស័យពិការភាព និងរបៀបអនុវត្តគម្រូសិទ្ធិមនុស្សនេះ នៅក្នុងកិច្ចការងាររបស់មន្ត្រីក្នុងប្រព័ន្ធយុត្តិធម៌, ៣. ស្វែងយល់ពីរបៀបនៃការអនុវត្តកាតព្វកិច្ចក្នុងក្របខណ្ឌច្បាប់ជាតិ និងអន្តរជាតិដើម្បីផ្តល់នូវយុត្តិធម៌ ពេលមានសំណុំរឿងទាក់ទងនឹងជនមានពិការភាព នៅក្នុងដំណើរការនីតិវិធីតុលាការ, ៤. កំណត់បញ្ហា ទទួលស្គាល់ និងកាត់បន្ថយឧបសគ្គនានា ដែលជនមានពិការភាពជួបប្រទះ នៅពេលពួកគេអនុវត្តសិទិ្ធរបស់ខ្លួន, និងទី៥. កំណត់ឱកាសទាំងឡាយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងតួអង្គក្នុងប្រព័ន្ធយុត្តិធម៌ និងអង្គការតំណាងជនមានពិការភាព ព្រមទាំងដៃគូនានានៅថ្នាក់មូលដ្ឋាន ដើម្បីលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌សម្រាប់ជនមានពិការភាព៕