(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ តាមម្ដាយនៅក្នុងពន្ធនាគារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី។ ពិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយកាលបរិច្ឆេទនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំតាមម្តាយនៅក្នុងពន្ធនាគារ ដល់ភាគីពាក់ព័ន្ធ និងក្រុមគោលដៅ។ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ជា សុមេធី បានលើកឡើងថាវត្តមាននៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារនេះ ត្រូវបានរៀបចំឡើង ដោយផ្អែកតាមរយៈប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិត និងគរុសិស្ស នៃវិទ្យាស្ថានជាតិគរុកោសល្យរាជធានីភ្នំពេញ។នេះជាការគិតគូរ ដល់ជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ នៅក្នុងពន្ធនាគារ ឱ្យទទួលបានអត្ថប្រយោជន៍ដូចស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ស្ថិតក្នុងគ្រួសារមានបណ្ណសមធម៌ផងដែរ ព្រោះថាទោះបីជាម្តាយត្រូវជាប់ពិរុទ្ធក៏ដោយ តែទារកនៅក្នុងផ្ទៃ និងកូនតាមម្តាយនៅក្នុងពន្ធនាគារ មិនមានកំហុសនោះទេ ហេតុនេះពួកគាត់ ក៏ត្រូវតែទទួលបាននូវការគិតគូរដល់សុខុមាលភាពរបស់ពួកគាត់ តាមរយៈការផ្តល់កិច្ចគាំពារប្រកប ដោយសមធម៌ និងបរិយាបន្នស្របតាមគោលការណ៍ «មិនបោះបង់ពលរដ្ឋណាម្នាក់»។បើតាមលោករដ្ឋមន្រ្តី នៃក្រសួងសង្គមកិច្ច បានបញ្ជាក់ថា សមិទ្ធផលថ្មីនេះ ក៏មានការរួមចំណែកពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស អន្តរក្រសួង ដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងកិច្ចការនារី ក្រសួងសុខាភិបាល អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម មូលនិធិជាតិជំនួយសង្គម និងអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដែលសុទ្ធសឹងតែជាតួអង្គសំខាន់ៗ ក្នុងការគាំទ្រដល់ដំណើរការរៀបចំ និងអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រី មានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ ឱ្យទទួលបានជោគជ័យស្របតាមប្រសាសន៍ចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។លោករដ្ឋមន្រ្តី ជា សុមេធី បានបន្ថែមទៀតថា ដោយពិនិត្យឃើញស្ថានភាពជាក់ស្តែង និងបញ្ហាប្រឈមរបស់ជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូន អាយុក្រោម២ឆ្នាំ តាមម្តាយក្នុងពន្ធនាគារ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ។ ក្នុងគោលបំណងរួម ចំណែកលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងដោះស្រាយកង្វះអាហារូបត្ថម្ភ ចាប់ពីទារកនៅក្នុងផ្ទៃ ដល់កុមារអាយុ២ឆ្នាំ នៅក្នុងពន្ធនាគារ ដើម្បីជំរុញដល់ការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។សូមជម្រាបថា អត្រាឧបត្ថម្ភដែលផ្តល់ជូនជនជាប់ឃុំជាស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ តាមម្ដាយនៅក្នុងពន្ធនាគារនេះ គឺដូចគ្នាទៅនឹងអត្រាឧបត្ថម្ភរបស់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ សម្រាប់គ្រួសារមានបណ្ណសមធម៌ដូចគ្នា៕