(បាត់ដំបង)៖ លោក ឈិត សុគន្ធី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងាររួមមាន លោក អ៊ួង យូហាន លោក រៀម សំណាង លោក ទូច សុខា លោក លឹម ផាន្នី និងលោក ស៊ុន ភក្តី ចូលរួមជាអធិបតីក្នុងកម្មវិធីដាំកូនឈើចំនួន ៤០០ ដើម នៅវិទ្យាល័យ ស ខេង កន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលរៀបចំដោយក្រុមការងារអន្តរជំនឿខេត្តបាត់ដំបង ដោយមានការអញ្ចើញចូលរួមពីរដ្ឋបាលខេត្ត មន្ទីរអប់រំ មន្ទីរធម្មការ មន្ទីរបរិស្ថាន រដ្ឋបាលស្រុកបាណន់ ក្រុមការងារអន្តរជំនឿ ថ្នាក់ដឹកនាំវិទ្យាល័យ សិស្សានុសិស្ស សរុប ៣០០នាក់ ។លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានរាយការណ៍ជូនអង្គពិធីអំពីកិច្ចការងារដែលរដ្ឋបាលខេត្តបានធ្វើពិសេសការបណ្តុះនូវយុវជនជំនាន់ក្រោយ ការដាំកូនពិតជាមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍធនធានសម្រាប់ជាតិ។លោក ឈិត សុគន្ធី បាននាំការសួរសុខទុក្ខក្តីនឹករលឹកពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងពីលោក បណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាផងដែរ។ឆ្លៀតក្នុងឱកាសនេះ លោកបានថ្លែងដល់គ្រប់ថ្នាក់ដឹកនាំសាសនា មិត្តអង្គការជាតិ អន្តរជាតិ និងសិស្សានុសិស្សទាំងអស់ថា ដោយយើងមានសុខសន្តិភាព ទើបយើងអាចរៀបចំការដាំដើមឈើ ដែលបញ្ជាក់អំពីសេចក្តីស្រឡាញ់ ការសាមគ្គីភាព និងសុខដុមនីយកម្មសាសនានៅកម្ពុជា ។ជាចុងបញ្ចប់ លោកក៏បានថ្លែងអំណរគុណដល់គ្រប់ភាគីចូលរួមទាំងអស់ ហើយលើកទឹកចិត្តឲ្យក្រុមការងារអន្តរជំនឿ និងអង្គការជាតិ អន្តរជាតិ បន្តរក្សានូវស្មារតីរួបរួម សាមគ្គីភាព ជួយដល់ការអភិវឌ្ឍសង្គមជាតិ និងអភិវឌ្ឍធនធានមនុស្ស ពិសេសរក្សាសុខដុមនីយកម្មសាសនាក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព៕