ពលរដ្ឋមកពី៨ប្រទេស ចូលរួមព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គ PREAH VIHEAR TEMPLE RUN ដើម្បីអបអរសាទរខួប ១៧ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក

Wait 5 sec.

(ព្រះវិហារ)៖ ប្រជាពលរដ្ឋចំនួន៨០៨នាក់ មកពី៨ប្រទេស បានចូលរួមក្នុងព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គ PREAH VIHEAR TEMPLE RUN ដែលត្រូវបានរៀបចំឡើងយ៉ាងមហាអធិកអធមនៅខេត្តព្រះវិហារ ដើម្បីអបអរសាទរខួបលើកទី១៧ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (០៧កក្កដា២០០៨ - ០៧កក្កដា២០២៥) នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥។ព្រឹត្តិការណ៍ PREAH VIHEAR TEMPLE RUN បានទាក់ទាញអ្នកចូលរួមរត់ដោយមានវិញ្ញាសាររត់ចម្ងាយ ៤២.៥ គីឡូម៉ែត្រ ២២.៦ គីឡូម៉ែត្រ ៩ គីឡូម៉ែត្រ និង ១,៣០០ម៉ែត្រ។ការចូលរួមនេះបានបង្ហាញឱ្យឃើញពីការគាំទ្រ និងការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលចិត្តកីឡា និងសាធារណជនចំពោះប្រាសាទព្រះវិហារ និងការអភិរក្សបេតិកភណ្ឌវប្បធម៌។ព្រឹត្តិការណ៍កីឡារត់ឆ្លងកាត់ឧបសគ្គ ត្រូវបានរៀបចំឡើងដោយ Run with SAI និងអាជ្ញាធរជាតិព្រះវិហារ ព្រមទាំងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តព្រះវិហារ និងសហភាពសហព័ន្ធយុវជនកម្ពុជា ពិធីនេះស្ថិតក្រោមវត្តមានលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោក គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ។លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងគូសបញ្ជាក់ថា ការជួបជុំគ្នាក្នុងមហាព្រឹត្តិការណ៍នេះ គឺដើម្បីអបអរសាទរទិវាជាប្រវត្តិសាស្ត្ររបស់កម្ពុជា នៃការចុះប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានសម្រេចជាឯកច្ឆន្ទតាមសំណើរបស់កម្ពុជា កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។លោកអភិបាលខេត្តព្រះវិហារបានថ្លែងបន្តថា ព្រឹត្តិការណ៍អបអរសាទរដ៏មហាឡារិកនេះ បានបង្ហាញឱ្យឃើញនូវការរួមគ្នាជាធ្លុងមួយរបស់មហាគ្រួសារខ្មែរ ក្នុងស្មារតីស្នេហាជាតិ មាតុភូមិ ស្រឡាញ់ការពារសម្បត្តិបេតិកភណ្ឌពិភពលោក វប្បធម៌ និងអរិយធម៌ដ៏រុងរឿងរបស់ជាតិខ្មែរ។ ស្មារតីស្នេហាជាតិនេះ គឺជាកម្លាំងដ៏មុតស្រួចក្នុងការគាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងសមរភូមិមុខកម្ពុជា ក្នុងកិច្ចការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។លោក គីម រិទ្ធី បានថ្លែងបញ្ជាក់យ៉ាងដូច្នេះទៀតថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការប្រកួតកីឡានោះទេ ប៉ុន្តែវាក៏ជាសារមួយបង្ហាញពីស្មារតីរួបរួម សាមគ្គីភាព និងការប្តេជ្ញាចិត្តរបស់ប្រជាជាតិកម្ពុជាក្នុងការថែរក្សា និងលើកតម្កើងបេតិកភណ្ឌ។ព្រឹត្តិការណ៍ PREAH VIHEAR TEMPLE RUN 2025 នេះមានការទាក់ទាញយ៉ាងខ្លាំង ដោយសារ ការរត់ឆ្លងកាត់តំបន់ប្រវត្តិសាស្ត្រ និងទេសភាពដ៏ស្រស់ស្អាតជុំវិញប្រាសាទព្រះវិហារ បានផ្តល់នូវបទពិសោធន៍ប្លែក និងគួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកចូលរួម ទាំងអ្នករត់ក្នុងស្រុក និងអន្តរជាតិ៕