ទូតរុស្ស៉ីប្រចាំកម្ពុជា៖ ទំនាក់ទំនងរវាងម៉ូស្គូ និងភ្នំពេញ បន្តអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព

Wait 5 sec.

(ភ្នំពេញ)៖ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំកម្ពុជា បានថ្លែងបញ្ជាក់ថា «ទំនាក់ទំនងរវាងម៉ូស្គូ និងភ្នំពេញ បន្តអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព ហើយយើងថ្លែងអំណរគុណចំពោះសហការីកម្ពុជា ដែលត្រៀមខ្លួនបន្តកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យទាំងអស់»។លោកបានថ្លែងបែបនេះ ពេលធ្វើបទបង្ហាញដល់ចំណុចការអភិវឌ្ឍទំនាក់ទំនងរុស្ស៉ីនិងកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីបញ្ហាសំខាន់ៗនៃគោលនយោបាយការបរទេសរបស់រុស្ស៉ី នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅស្ថានទូត។លោក Anatoly Borovik បានឲ្យដឹងទៀតថា មិត្តកម្ពុជារបស់យើងតែងតែធ្វើដំណើរទៅរុស្ស៊ី ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗ។ ក្នុងចំណោមនោះមានវេទិកាសេដ្ឋកិច្ចអន្តរជាតិ នៅទីក្រុងSt. Petersburg កិច្ចប្រជុំអន្តរជាតិលើកទី១៣ នៃតំណាងជាន់ខ្ពស់សម្រាប់កិច្ចការសន្តិសុខ កិច្ចប្រជុំលើកទី៤៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី និងសន្និសីទអន្តរជាតិលើកទី៥ ស្តីពីការគំរាមកំហែងជីវសុវត្ថិភាពសកល បញ្ហា និងដំណោះស្រាយ។ តំណាងកម្ពុជា នឹងអញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តដោយការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង “ICT-Crime 25” ដែលនឹងធ្វើឡើងនៅទីក្រុង St. Petersburg នៅថ្ងៃទី២៤-២៦ ខែកក្កដានេះ។បើតាម លោក Anatoly Borovik ឆ្នាំនេះ យើងប្រារព្ធខួបលើកទី៦៩ នៃការបង្កើតទំនាក់ទំនងការទូតរវាងរុស្ស៊ី និងកម្ពុជា។ ដោយមានបទពិសោធន៍ដ៏សម្បូរបែបនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា យើងបន្តសម្រេចបានជោគជ័យថ្មីៗ។ ព្រឹត្តិការណ៍សំខាន់ៗមួយចំនួនដែលបានកើតឡើង នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ បានបង្ហាញអោយច្បាស់លាស់អំពីអន្តរកម្មសកម្មរបស់ប្រទេសយើងទាំងពីរ។លោកបានថ្លែងថា កាលពីខែមេសា ឆ្នាំ២០២៥ កិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលរុស្ស៊ី-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រនិងបច្ចេកទេសត្រូវបានធ្វើឡើង។ លោកស្រី Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសហព័ន្ធរុស្ស៊ី និង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាសហប្រធាន។ព្រឹត្តិការណ៍នេះបានជំរុញដល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់យើងរួចហើយ ដោយក្នុងខែឧសភា ឆ្នាំ២០២៥ ក្រុមអ្នកធុរកិច្ចកម្ពុជាបានធ្វើដំណើរទៅរុស្ស៊ីដើម្បីពិភាក្សាអំពីទស្សនវិស័យនៃការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ភស្តុភារ ទេសចរណ៍ សំណង់ និងឱសថ។ ខ្ញុំប្រាកដថា ជំហានទាំងនេះនឹងជួយឱ្យ ទំនាក់ទំនងរបស់យើងឆ្ពោះទៅរកកម្រិតថ្មីមួយប្រកបដោយគុណភាព។ជាមួយគ្នានេះ លោក Anatoly Borovik បានបន្ថែមថា កិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា ត្រូវបានកត់សម្គាល់ដោយការសំចតរបស់នាវារុស្ស៊ីនៅខេត្តព្រះសីហនុចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។«យើងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយភាសារុស្ស៊ី។ សមិទ្ធិផលដ៏សំខាន់មួយនៅក្នុងវិស័យនេះ គឺជាការបើកវគ្គបណ្តុះបណ្តាលភាសារុស្ស៊ី រយៈពេលពីរខែដែលបានចាប់ផ្តើមនៅសាកលវិទ្យាល័យជាតិមានជ័យ សម្រាប់និស្សិតកម្ពុជា»។ លោកបានថ្លែងបន្ថែម។លោកក៏បានរម្លឹកថា ព្រឹត្តិការណ៍ដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ លោក Igor Krasnovអគ្គរដ្ឋអាជ្ញានៃប្រទេសរុស្ស៊ី នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងរយៈពេលពីរថ្ងៃ កិច្ចប្រជុំចំនួនប្រាំពីរត្រូវបានធ្វើឡើង ឯកសារចំនួនបីច្បាប់ ត្រូវបានចុះហត្ថលេខា ដោយបើកឱកាសដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នសាមីខ្លួននៃប្រទេសទាំងពីរក្នុងវិស័យការពារសិទ្ធិប្រជាពលរដ្ឋ។ ដំណើរទស្សនកិច្ចបែបនេះមានផលប្រយោជន៍ សម្រាប់ការបង្កើតទំនាក់ទំនងផ្ទាល់ដែរ៕