ក្រុមហ៊ុន VINCI Airports ចាប់អារម្មណ៍ពង្រីកការវិនិយោគលើវិស័យគន្លឹះនៅកម្ពុជា

Wait 5 sec.

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យ លោក Nicolas NOTEBAERT ប្រធានក្រុមហ៊ុន VINCI Airports និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SCA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតីដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម។ លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលធានាបាននូវសុខសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលជាលក្ខខណ្ឌចាំបាច់នៃការធានាបាននូវស្ថិរភាពនៃវិនិយោគរបស់វិស័យឯកជន ក៏ដូចជាភាពជោគជ័យរបស់ក្រុមហ៊ុន។លោកប្រធានក្រុមហ៊ុនក៏បានគូសបញ្ជាក់ពីការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនអ្នកធ្វើដំណើរតាមយន្តហោះ ដែលក្នុងរយៈពេល៣០ឆ្នាំមកនេះ ចំនួនអ្នកធ្វើដំណើរមានការកើនឡើងប្រមាណជា៤០ដង បើប្រៀបធៀបទៅនឹងឆ្នាំ១៩៩៥។ លើសពីនេះ លោកប្រធានក្រុមហ៊ុនបានជម្រាបជូនដោយសង្ខេបអំពីដំណើរការ និងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលបច្ចុប្បន្នក្រុមហ៊ុនកំពុងតែមមាញឹកដើម្បីត្រៀមលក្ខណៈ ខណៈពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ។ក្រៅពីវិស័យអាកាសចរ, លោកប្រធានក្រុមហ៊ុនក៏បានបន្ថែមទៀតថា ក្រុមហ៊ុនក៏មានចំណាប់អារម្មណ៍វិនិយោគលើវិស័យផ្សេងៗទៀត ដូចជា វិស័យថាមពលស្អាត និងទឹកស្អាត នៅកម្ពុជា ដែលក្រុមហ៊ុនរំពឹងថានឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលជាការវិនិយោគ ឈ្នះ ឈ្នះ រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្តែងក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃអាជីវកម្មរបស់ក្រុមហ៊ុន VINCI Airports នៅកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងជាពិសេស ការរួមចំណែកដល់ការជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា ព្រមទាំង​បាន​អបអរសាទរ​ចំពោះខួបទី៣០ នៃភាពជាដៃគូរវាងក្រុមហ៊ុន​VINCI និង​កម្ពុជា​(១៩៩៥-២០២៥)។ សម្ដេចបវរធិបតីបានគូសរំលេចពីគោលនយោបាយ និងយុទ្ធសាស្ត្រគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញការវិនិយោគបរទេស តាមរយៈការដាក់ចេញនូវការលើកទឹកចិត្តនានា ដល់វិនិយោគិន។សម្រាប់វិស័យអាកាសចរ, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយបើកចំហជើងមេឃ ភ្ជាប់ទំនាក់ទំនងជាមួយបណ្ដាប្រទេសលើសកលលោក ដែលបច្ចុប្បន្ននេះ ជើងហោះហើរត្រង់ពីកម្ពុជាទៅកាន់បណ្ដាប្រទេសជាច្រើនត្រូវបានតភ្ជាប់ និងកំពុងពង្រីកការតភ្ជាប់ជើងហោះហើរបន្ថែមទៀត ស្របពេលនឹងកំណើននៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ជាក់ស្ដែង, កម្ពុជាបានចុះហត្ថលេខាលើការតភ្ជាប់ជើងហោះហើរត្រង់បន្ថែមជាមួយប្រទេសមួយចំនួន​ ដូចជាឥណ្ឌា​ និងកំពុងពង្រីកជើងហោះហើរត្រង់បន្ថែមទៀតទៅកាន់បណ្ដាប្រទេសមជ្ឈិមបូព៌ា ដែលការរីកចម្រើននៃការហោះហើរត្រង់នេះ នឹងជួយកាត់បន្ថយដល់ការចំណាយ និងពេលវេលា លើការធ្វើដំណើរ និងទាក់ទាញអ្នកធ្វើដំណើរជាធុរកិច្ច និង ជាអ្នកទេសចរ មកកម្ពុជាកាន់តែច្រើនថែមទៀត។ចំពោះបំណងនៃការពង្រីកការវិនិយោគបន្ថែមលើវិស័យផ្សេងៗរបស់ក្រុមហ៊ុន, សម្ដេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តទំនាក់ទំនងឱ្យកាន់តែល្អប្រសើរថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ហើយសម្ដេចបវរធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេច ក្នុងការគាំទ្រ និងតែងតែយកចិត្តទុកដាក់ចំពោះភាពជោគជ័យនៃការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា៕