(ភ្នំពេញ)៖ លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ប្រាប់សម្ដេចតេជោ ហ៊ុន សែន យ៉ាងច្បាស់អំពីការត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់ឯកសារ លើបញ្ហាព្រំដែនកម្ពុជា-ថៃ និងគាំទ្រការដោះស្រាយបញ្ហាដោយសន្ដិវិធី និងស្របតាមតាមតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ការបញ្ជាក់យ៉ាងដូច្នេះបានធ្វើឡើង ក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឲ្យ លោក Jacques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា។លោក ជា ធីរិទ្ធិ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា នៅក្នុងជំនួប សម្ដេចតេជោ ហ៊ុន សែន មិនភ្លេចនោះទេ ក្នុងការជម្រាបអំពីស្ថានភាពពិតប្រាដ និងជាក់ស្ដែងនាពេលបច្ចុប្បន្ននេះ គឺបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។ សម្ដេចតេជោ បានគូសបញ្ជាក់ពីសាវតានៃរឿងនេះបានចាប់ផ្ដើមចេញពីភាគីថៃមុន ដែលរឿងសំខាន់នោះគឺការគូសផែនទីដោយឯកតោភាគីរបស់ថៃ ក្នុងគោលបំណងរំលោភបំពានលើបូរណភាពទឹកដីកម្ពុជា ការបិទព្រំដែនដោយឯកតោភាគី ការសម្លាប់ទាហានរបស់កម្ពុជា និងចំណុចសំខាន់បន្ថែមទៀតនោះគឺ ការប្រមាថ និងគម្រាមមកលើកម្ពុជា ក្នុងការបិទភ្លើង បិទអ៉ីនធើណិត និងគម្រាមបិទមិនឲ្យនាំចូលប្រេង និងឧស្ម័នជាដើម ដែលជាផ្នែកធ្វើឲ្យស្ថានភាពនៃប្រទេសទាំងពីរកាន់តែឡើងកម្ដៅខ្លាំង។ នេះគឺជាការពន្យល់របស់សម្ដេចតេជោ ទៅកាន់លោកឯកអគ្គរដ្ឋទូតបារាំងឲ្យបានយល់ពីបញ្ហាជាក់ស្ដែងនៃប្រទេសទាំងពីរនាពេលបច្ចុប្បន្ន។ក្នុងជំនួបដដែល សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់អំពី គោលការណ៍នៃជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាតាមរយៈយន្តការសន្តិវិធី គឺការចរចាដោយទ្វេរភាគី និងយន្តការច្បាប់អន្តរជាតិ និងបញ្ជូនកិច្ចការងារទៅកាន់តុលាការអន្តរជាតិ (ICJ)។ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីសង្ឃឹមថា បារាំងនឹងទទួលយក ជាពិសេសអនុវត្តនូវការផ្ដល់ឯកសារដែលពាក់ព័ន្ធ ដូចអ្វីដែលលោកប្រធានាធិបតីរបស់បារាំង បានសន្យាជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ នេះគឺជាអ្វីដែលកម្ពុជាចង់បាន។ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា កម្ពុជាមិនត្រូវការអ្វីបន្ថែម ក្រៅពីឲ្យភាគីពាក់ព័ន្ធគោរពច្បាប់អន្តរជាតិ ដែលជាចំណុចសំខាន់ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ពីព្រោះកម្ពុជាមិនចង់មានសង្គ្រាម និងមិនចង់ច្បាំងជាមួយអ្នកណានោះទេ គឺចង់ដោះស្រាយបញ្ហាដោយសន្តិវិធីតាមយុទ្ធសាស្ត្រឈ្នះ ឈ្នះ ទាំងអស់គ្នា គឺកម្ពុជាមិនចង់អនុវត្តយុទ្ធសាស្រ្តចាញ់ ចាញ់នោះទេ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងផងដែរថា ក្នុងនាមជារដ្ឋអធិបតេយ្យ ប្រសិនបើគេប្រមាថ គេឈ្លានពាន គឺមិនអាចអនុញ្ញាតឲ្យគេធ្វើនោះទេ ពោលគឺត្រូវរក្សាទឹកដីរបស់កម្ពុជា។ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតបារាំង បានអរគុណទៅកាន់សម្ដេចតេជោ ហ៊ុន សែន ដែលបានពន្យល់យ៉ាងច្បាស់លាស់អំពី ស្ថានភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ។ លោកឯកអគ្គរដ្ឋទូតបារាំង បញ្ជាក់ថា បារាំងនឹងត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់ឯកសារពាក់ព័ន្ធ បញ្ហាព្រំដែនកម្ពុជា-ថៃ ជាពិសេសគឺផែនទី ដើម្បីប្រគល់ជូនឲ្យប្រទេសទាំងពីរដោះស្រាយដោយសន្តិវិធី និងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតបារាំង បញ្ជាក់យ៉ាងច្បាស់ថា បារាំងនឹងគាំទ្រក្នុងការដោះស្រាយបញ្ហានេះ ជាពិសេសដោះស្រាយតាមតុលាការយុត្តិធម៌អន្តរជាតិ (ICJ)៕