(ភ្នំពេញ)៖ គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅទូទាំងប្រទេស បានអបអរសាទរការចុះ «បូជនីយដ្មានចងចាំនៃកម្ពុជា៖ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ ទុកជាមរតកប្រវត្តិសាស្ត្រ នៃការចងចាំសម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខទៀត។លោកបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានលើកឡើងថា បូជនីយដ្ឋានចងចាំនៃកម្ពុជា គឺជាទីតាំងប្រវត្តិសាស្ត្រមួយ សម្រាប់ការយល់ដឹង អំពីអតីតភាពដ៏ឈឺចាប់របស់កម្ពុជា ហើយទីតាំងនេះមានតួនាទីជាសក្សីរស់នៃអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបានកើតឡើងក្រោមរបបខ្មែរក្រហម។ ទីតាំងទាំងនេះមិនត្រឹមតែជាកន្លែងដែលគេនឹកឃើញពីអតីតកាលទេ ប៉ុន្តែពេលនេះ ទីតាំងនេះ បានក្លាយជាទីកន្លែងបង្ហាញនូវការផ្លាស់ប្តូរ និងការចងចាំដោយមានអត្ថន័យសង្គម យុត្តិធម៌ និងសន្តិភាព។លោកបណ្ឌិតបានបន្ដថា៖ «ខ្ញុំគិតថា ការចុះបញ្ជីបូជនីយដ្ឋានចងចាំកម្ពុជា នៅក្នុងបេតិកភណ្ឌពិភពលោកមិនត្រឹមតែជាសញ្ញាណនៃអតីតកាលឈឺចាប់ទេ ប៉ុន្តែវាជាការរីកចម្រើននៃយុត្តិធម៌ នៃការចងចាំ នៃការរួបរួមជាតិនិងសន្តិភាព វាជាបេតិកភណ្ឌរួមសម្រាប់មនុស្សជាតិទាំងមូល ដែលមានតម្លៃសំខាន់មិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជំនាន់ក្រោយៗ ក៏ជាប្រវត្តិសាស្ត្រផងដែរ ហើយការទទួលស្គាល់របស់អន្តរជាតិ ក៏មានអត្ថប្រយោជន៍ យ៉ាងជ្រាលជ្រៅបំផុត»។ជាមួយគ្នានេះ លោក តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានបន្ថែមថា នេះគឺជាជោគជ័យថ្មីមួយទៀតរបស់កម្ពុជា ដែលប្រជាជនកម្ពុជាទាំងអស់គ្រប់ទិសទីត្រូវតែអបអរសាទរ និងបង្ហាញនូវសាមគ្គីភាព និងភាតរភាពឱ្យពិភពលោកឃើញថា កម្ពុជាពិតជាមានសមត្ថភាព មានធនធានមនុស្សគ្រប់គ្រាន់ ប្រជាជនមានការរួបរួម និងឯកភាពជាតិ ដែលនាំឱ្យកម្ពុជាអាចសម្រេចបានជោគជ័យនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានការណ៍។លោកបានបន្ថែមទៀតថា៖ «ក្នុងនាមវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ក៏ដូចជាក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីសោមន្សរីករាយ និងមានមោទនភាពយ៉ាងក្រៃលែងចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី រហូតកម្ពុជាអាចទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់នៅពេលនេះ»។គួរបញ្ជាក់ថា ការចុះបូជនីយដ្មានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាពនេះជាបេតិកភណ្ឌវប្បធម៌ទី៥ របស់កម្ពុជា ដែលត្រូវបានបញ្ចូលក្នុងបញ្ជីយូណេស្កូបន្ទាប់ពីតំបន់ រមណីយដ្ឋានអង្គរ(១៩៩២) តំបន់ប្រាសាទព្រះវិហារ(២០០៨) តំបន់ប្រាសាទសំបូរព្រៃគុក(២០១៧) និង តំបន់ប្រាសាទកោះកេរ(២០២៣)៕