(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឆ្លៀតឱកាសក្រោយម៉ោងកិច្ចការងាររដ្ឋបាល បានចុះសួរសុខទុក្ខអាជីវករផ្សារថ្មីពោធិ៍សាត់ ដើម្បីស្វែងយល់ និងក្តាប់ពីបញ្ហាប្រឈមមួយចំនួន ងាយស្រួលដោះស្រាយ ព្រមទាំងណែនាំកិច្ចការមួយចំនួន ដល់អ្នកគ្រប់គ្រងផ្សារ ឱ្យយកចិត្តទុកដាក់លើកកម្ពស់សោភណ្ឌភាព អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់សាធារណៈ និងថែរក្សាសុវត្ថិភាពប្រជាពលរដ្ឋ។ក្នុងដំណើរចុះសួរសុខទុក្ខ លោក ខូយ រីដា បានពិនិត្យឃើញថា កំណើនអ្នកលក់ដូរ និងអាជីវករ ពីមួយថ្ងៃទៅមួយថ្ងៃ មានការកើនឡើងជាបន្តបន្ទាប់ រីឯកន្លែងលក់ដូរ មានសភាពមិនទាន់សមរម្យនៅឡើយ។ ចំណែកស្ថានភាពផ្លូវក្នុង និងក្រៅផ្សារ កន្លែងខ្លះមានលក្ខណៈតូចចង្អៀត ហើយកន្លែងខ្លះ ផ្លូវធំទូលាយ នេះដោយសារបងប្អូនខ្លះបានចូលរួម និងបងប្អូនខ្លះមិនទាន់ចូលរួម បានបំពានលើចំណីផ្លូវសាធារណៈ។លោកអភិបាលខេត្ត បានថ្លែង អាជ្ញាធរមានតួនាទីដោះស្រាយរាល់សុខទុក្ខ និងក្តីកង្វល់ របស់ប្រជាពលរដ្ឋ ទាំងនៅតំបន់ទីផ្សារ និងនៅទីជនបទ ក្នុងគោលបំណងសម្រួលដល់ការប្រកបរបរទទួលទាន របស់ប្រជាពលរដ្ឋ ដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារ ឱ្យកាន់តែប្រសើរឡើង សម្តៅរួមចំណែកអនុវត្តន៍គោលនយោបាយ កាត់បន្ថយភាពក្រីក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។លោក ខូយ រីដា បានសំណូមពរដល់បងប្អូនអាជីវករ ក្នុង និងក្រៅផ្សារទាំងអស់ សូមចូលរួមលើកកម្ពស់អនាម័យ បរិស្ថាន និងសោភណ្ឌភាពសាធារណៈ ដោយត្រូវដាក់ទំនិញលក់ដូរ ឱ្យមានសណ្តាប់ធ្នាប់ ជៀសវាងការដាក់តាំងលក់នៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យកកស្ទះចរាចរណ៍ ជាពិសេសម្ចាស់ភាស៊ីផ្សារ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខផ្សារឱ្យបានល្អ កុំឱ្យទុកដាក់សំរាម ពាសវាលពាសកាល ដើម្បីបរិស្ថានខេត្តយើងបានស្អាតល្អទាំងអស់គ្នា។លោកបានណែនាំ ដល់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន រួមទាំងគណៈគ្រប់គ្រងផ្សារ ត្រូវធ្វើការទទួលខុសត្រូវខ្ពស់ លើការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជុំវិញផ្សារ ដោយមិនអនុញ្ញាតគ្រប់យានយន្ត បើកបរចូលក្នុងផ្សារ ដើម្បីទិញឥវ៉ាន់នោះឡើយ។ ជាមួយគ្នានោះ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការគ្រប់គ្រងកាកសំណល់ទីផ្សារ និងប្រព័ន្ធលូបង្ហូរទឹកជុំវិញផ្សារ ឱ្យបានត្រឹមត្រូវ ដើមី្បធានាដល់ចរន្តទឹកហូរបានទាន់ពេលវេលា មិនបង្កឱ្យមានការកកស្ទះ៕