(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចុះសិក្ខាសាលាស្តីពី «ពាក្យកម្ចីក្នុងភាសាចិន ភាសាជប៉ុន ភាសាថៃ និងភាសាឡាវ»។សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងកំណត់ចំនួនសូរសព្ទ និងចំនួនតួអក្សរក្នុងភាសាខ្មែរដើម្បីស្វែងរកឯកភាពអក្ខរាវិរុទ្ធនៃពាក្យកម្ចីថ្មីៗ។យោងតាមសិក្ខាសាលាដែលបានរៀបចំឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីការសិក្សាលទ្ធផលនៃ ពីម៉ូដែល នៃការបង្កើតពាក្យរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរតាមរយៈទិន្នន័យពាក្យដែលបានអនុម័តសិក្ខាសាលាបានបង្ហាញថា ករណីមិនអាចរកពាក្យខ្មែរ ឬពាក្យកម្ចីបាលីសំស្ក្រឹត ឬធាតុផ្សំខ្មែរនិងធាតុផ្សំបាលី សំស្ក្រឹតបានទំនោរក្នុងការខ្ចីសូរសព្ទពីភាសាបារាំងអង់គ្លេសជាម៉ូដែលមួយដែលបានអនុវត្តកាន់តែច្រើន។ នៅក្នុងសំណេរពាក្យកម្ចីពីភាសាបារាំងអង់គ្លេស ការកត់ត្រាសូរព្យញ្ជនៈបរទេសដែលគ្មានក្នុងប្រព័ន្ធសទ្ទតានៃភាសាខ្មែរមានការអនុវត្តស្តង់ដាពីរ គឺការធ្វើខ្មែរនីយកម្មផង និងការបង្កើតអក្សរផ្តុំផង។ ការអនុវត្តស្តង់ដាពីរបែបនេះធ្វើឱ្យមានបញ្ហាដល់ការធ្វើឌីជីថលនីយកម្មភាសាខ្មែរ។ក្នុងការដោះស្រាយបញ្ហានេះឱ្យស្របតាមការវិវត្តជាវិជ្ជមាននៃភាសាខ្មែរ យើងត្រូវពិនិត្យមើលគំរូការអនុវត្តកម្ចី ពាក្យពីភាសាបរទេសនៃភាសាមួយចំនួនក្នុងអាស៊ីជិតខាងដូចជាភាសាថៃ ភាសាឡាវ ភាសាចិន ភាសាជប៉ុនជាដើម ដើម្បីមានមូលដ្ឋានក្នុងការសម្រេចចិត្ត។វាគ្មិនជំនាញនឹងចែករំលែកបទពិសោធនៃការអនុវត្តកម្ចីពាក្យក្នុងភាសាថៃ ភាសាឡាវ ភាសាចិន និងភាសាជប៉ុន។ បន្ទាប់ពីការផ្លាស់ប្តូរបទពិសោធទាក់ទងនឹងកម្ចីពាក្យ វាគ្មិន និងអ្នកចូលរួមទាំងអស់នឹងពិភាក្សាសំណួរ «តើភាសាខ្មែរគួរយករបៀបកម្ចីសូរសព្ទមួយណាដើម្បីឱ្យជឿនលឿន? មូលហេតុអ្វី? តើមានគុណសម្បត្តិនិង គុណវិបត្តិអ្វីខ្លះ?លទ្ធផលនៃសិក្ខាសាលានេះជាមូលដ្ឋានដ៏សំខាន់ក្នុងការសម្រេចចិត្តដើម្បីជ្រើសរើសម៉ូដែលដ៏សមស្របមួយ ដែលអាចដោះស្រាយបញ្ហាការធ្វើឌីជីថលនីយកម្មភាសាខ្មែរ។បើតាមលោកបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានថ្លែងថា ក្នុងសម័យសាកលភាវូបនីយកម្ម ការអភិរក្ស និងការអភិវឌ្ឍភាសាជាតិពិតជាមានសារៈសំខាន់ ដើម្បីរក្សាអត្តសញ្ញាណជាតិ។ នៅពេលដែលភាសាខ្មែរមានពាក្យកាន់តែច្រើន និងមានឯកភាពគ្នាក្នុងការប្រើប្រាស់នោះ ការសិក្សា ការស្រាវជ្រាវ ការងារក្នុងក្រសួងស្ថាប័ន ក្នុងវិស័យអាជីវកម្ម ឬទំនាក់ទំនងនានានឹងមានភាពងាយស្រួលប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធិភាពខ្ពស់។លោកបណ្ឌិតបានបន្តថា នាសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០នេះ ការធ្វើឌីជីថលនីយកម្មភាសា និងប្រព្រឹត្តកម្មភាសាធម្មជាតិ គឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការអភិរក្សនិងការអភិវឌ្ឍភាសាជាតិឱ្យបានសមស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។ ដើម្បីសម្រេចបាននូវការងារទាំងនោះការកំណត់ចំនួនសូរក្នុងភាសាក៏ដូចជារបៀបដែលយើងតាងសូរដោយតួអក្សរប្រកបដោយ សង្គតិភាពជាប្រព័ន្ធ គឺជាការងារមួយសំខាន់។ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានឱ្យដឹងថា ការរីកចម្រើននៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានាំទៅរកតម្រូវការពាក្យថ្មីៗដើម្បីប្រើប្រាស់ហើយការបង្កើតពាក្យថ្មីៗទៀតសោត ក៏ត្រូវមានគោលការណ៍ច្បាស់លាស់ ដើម្បីអនុលោមទៅតាមការអភិរក្សអត្តសញ្ញាណភាសាជាតិផងដែរ។ ទោះបីជានៅក្នុង ក្របខ័ណ្ឌភាសាជាតិមានវិធីបង្កើតពាក្យនានា និងមានធនធានយ៉ាងសម្បូរបែបពីភាសាបាលី និងសំស្ក្រឹតយ៉ាងណាក្តី ក៏នៅមិនគ្រប់គ្រាន់សម្រាប់ការបង្កើតពាក្យថ្មីៗដែរ។ ទាំងនេះធ្វើឱ្យការបង្កើត ពាក្យថ្មីតាមវិធីខ្ចីសូរសព្ទពីភាសាបរទេសផ្សេងទៀតចៀសមិនរួច៕