(កំពង់ធំ)៖ លោកស្រី យស ថានារី សមាជិករដ្ឋភា និងជាអនុប្រធានកិត្តិយស នៃគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ អញ្ចើញជាអធិបតីក្នុងកម្មពិធីចែកចង្ក្រានសន្សំសំចៃថាមពល ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៦១៨គ្រួសារ ក្នុងឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្ថិតក្នុងវត្តប្រាសាទមហ៍រ នាព្រឹកថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២៥។ក្នុងកម្មពិធីនេះក៏មានការអញ្ចើញចូលរួមពីលោកស្រី សៅ សុដាលីស ប្រធានកិត្តិយល អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកកំពង់ស្វាយ លោកស្រី ទត គឹមសុភារិទ្ធ អភិបាលរងស្រុក និងជាប្រធានប្រតិបត្តិ នៃអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកកំពង់ស្វាយ លោក លោកស្រី មន្ត្រីរាជការ លោកមេឃុំ ក្រុប្រឹក្សាឃុំ មេភូមិ និងបងប្អូនប្រជាពលរដ្ឋជាច្រើនអ្នកផងដែរ។លោកស្រី យស ថានារី និងប្រជាពលរដ្ឋបានធ្វើការអបអរសាទរចំពោះការដាក់បញ្ចូបូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទាំងនេះគឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយបានផ្តល់យោបល់ និងបានណែនាំកាលពីឆ្នាំ២០១៩ ដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សាលទ្ធភាពបញ្ចូលទីតាំងសារមន្ទីរទួលស្លែង ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រ នៃការចងចាំ សម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។លោកស្រីបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ នូវក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងថ្នាក់ដឹកនាំទាំងអស់ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។លោកស្រីបន្តថា ការផ្ដល់ចង្ក្រានសន្សំសំចៃថាមពលនេះ ក្នុងគោលបំណងចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងសុខភាពរបស់ប្រជាពលរដ្ឋនៅសហគមន៍ និងរួមចំណែកគាំទ្រការពារបរិស្ថាន ព្រមទាំងកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ ហើយក៏ដូចជាការរួមចំណែកមួយ របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខទុក្ខ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋនៅតាមទីជនបទ។លោកស្រីបានថ្លែងអំណរគុណ ដល់ក្រុមហ៊ុនអ៊ិនត្រាកូ មកពីប្រទេសវៀតណាម ដែលបានជួយឧបត្ថម្ភដោយឥតគិតថ្លៃ នូវចង្រ្កានសន្សំសំចៃថាមពល ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៦១៨គ្រួសារ ក្នុងឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ តាមរយៈគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជាដើម្បីសភាព និងអភិវឌ្ឍន៍នាពេលនេះផងដែរ។លោកស្រី បានសំណូមពរដល់ពុកម៉ែបងប្អូន ប្រជាពលរដ្ឋទាំងអស់ថែរក្សាការពារសុខភាពអោយបានល្អ ដោយរស់នៅមានអនាម័យ ជាពិសេសការហូបស្អាត ផឹកស្អាត ក្នុងរដូវវស្សានេះ ហើយត្រូវជួយអប់រំកូនចៅ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ និងណែនាំកូនចៅបងប្អូនឱ្យជៀសឲ្យឆ្ងាយពីគ្រឿងញៀន។