លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្ដយុវជនសម្ដេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋជិត ៥ពាន់នាក់ នៅខេត្តព្រះវិហារដោយឥតគិតថ្លៃ

Wait 5 sec.

(ព្រះវិហារ)៖ នាថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ដយុវជនសម្ដេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ប្រមាណជាង៤០០នាក់ ចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជាង៥ពាន់នាក់ ដោយឥតគិតថ្លៃ នៅខេត្តព្រះវិហារ ដែលប្រព្រឹត្តទៅនៅបរិវេណក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អិតផត ស្ថិតនៅភូមិអូនពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ក្នុងឱកាសនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយលោកតា លោកយាយអ៊ុំពូ មីង កូនក្មួយ ប្រជាពលរដ្ឋប្រកបដោយភាពសិទ្ធស្នាល និងក្តីអាណិតស្រលាញ់។ជាមួយគ្នានោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ពិសេសពីការយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីបង្ករឱ្យមានភាពងាយស្រួលក្នុងការទទួលសេវាសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋទោះក្នុងតំបន់ដា​ច់ស្រយាលក៏ដោយ។ជាក់ស្ដែងថ្ងៃនេះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែលបង្កើតឡើងដោយ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋយើង ដែលបម្រើការងារនៅចំការកៅស៊ូរបស់ក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អិតផត ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ដព្រះវិហារផងដែរ។លោកជំទាវបណ្ឌិតបានគូសបញ្ជាក់ថា «នៅថ្ងៃនេះនាងខ្ញុំសប្បាយចិត្ដណាស់ ដែលបានជួបលោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូនជាង៤ពាន់នាក់ ហើយនេះជាលើកទី១ ដែលបានមកដល់ក្រុមហ៊ុនចំការកៅស៊ូខាងលើនេះ ខណៈដែលក្រុម​គ្រូពេទ្យយើង បានផ្ដល់សេវាសុខាភិបាលដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋទូទាំង២៥ខេត្ដក្រុងជាច្រើនឆ្នាំមកនេះ។ សម្រាប់ថ្ងៃនេះក្រុមគ្រូពេទ្យជំនាញៗរបស់យើងដែលបានមកពីរាជធានីភ្នំពេញប្រមាណ ៤១០នាក់ ដើម្បីចុះមកពិនិត្យសុខភាពជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃដែលរស់នៅតាមបណ្ដាភូមិស្រុកនៃតំបន់ដាច់ស្រយាលនៅខេត្ដព្រះវិហារ ក៏ដូចជាបងប្អូនយើងបម្រើការងារនៅក្នុងក្រុមហ៊ុននេះ»។លោកជំទាវបណ្ឌិតបានថ្លែងទៀតថា ចំពោះថ្ងៃនេះក្រុមគ្រូពេទ្យមានពិនិត្យជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មី, ពិនិត្យឈាមជាដើម ។តែបើប្រជាពលរដ្ឋយើងណាម្នាក់មានសភាពធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យនឹងបញ្ជូនទៅព្យាបាលបន្ដនៅរាជធានីភ្នំពេញ ដោយរាល់ការចំណាយទាំងអស់ទាំងការព្យាបាល និងស្នាក់នៅ របស់អ្នកជំងឺ និងកំដរអ្នកជំងឺ គឺឧបត្ថម្ភទាំងស្រុងពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា»។ក្នុងកិច្ចសំណេះសំណាលនេះ បានធ្វើឱ្យប្រជាពលរដ្ឋសម្ដែងអារម្មណ៍រំភើប សប្បាយរីករាយ និងភាពកក់ក្ដៅជាខ្លាំង ព្រមទាំងបានថ្លែងអំណរគុណជាអនេក ចំពោះទឹកចិត្ដប្រកបដោយសេចក្ដីអាណិតស្រលាញ់ មេត្ដា ករុណារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុនម៉ាណែត ពិសេសការលះបង់កម្លាំងកាយ-ចិត្ដ និងពេលវេលាដ៏មានតម្លៃ ដែលបានដឹកនាំក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យ និងព្យាបាលសុខភាពជូនពួកគាត់ស្ទើរតែដល់ខ្នងផ្ទះ និងដោយមិនគិតថ្លៃ។សូមជម្រាបថាបេសកកម្មក្រុមគ្រូពេទ្យ TYDA ដែលបានចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ បានពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ សរុប ៤៨២៦នាក់ ស្មើនឹង ៩៤៨០ករណី៕