(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា ពេលនេះ បើយើងនិយាយអំពីស្ថានការណ៍កំដៅយោធានៅព្រំដែនកម្ពុជា-ថៃ ចាប់ពីថៃបានរំលោភបំពាននិងឈ្លានពានមកលើទឹកដីប្រាសាទបុរាណខ្មែរ នៅតំបន់មុំបី, ប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ចាប់ពីថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥ មានរយៈពេលជាង៤០ថ្ងៃកន្លងមកនេះ យើងឃើញថា មហិច្ឆតាឈ្លានពានរបស់ថៃ មកលើទឹកដីប្រាសាទបុរាណខ្មែរ នៅតែបន្ដកំដៅក្ដៅងំដដែល ដោយហេតុថាទាហានថៃ នៅបន្ដចិញ្ចឹមចិត្ដស្រមើលស្រមៃ និងរកលេសដើម្បីឈ្លានពានមកលើទឹកដីប្រាសាទបុរាណខ្មែរមិនចេះអស់មិនចេះហើយ។ក្នុងនោះ អ្វីដែលធ្វើឲ្យយើងកាន់តែហួសចិត្ដនិងផ្ទុះសំណើចថែមទៀតនោះគឺនៅត្រង់ថា ថ្មីៗនេះ ម្ចាស់ក្សត្រីយ៍ថៃ មហាចក្រី សិរិនថន-Maha Chakri Sirindhorn ដោយសារតែមហិច្ឆតាឈ្លានពានចង់លេបយកទឹកដីប្រាសាទបុរាណខ្មែរទាំងនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ-ICJ ធ្វើឲ្យមហាចក្រី សិរិនថន-Maha Chakri Sirindhorn វិលវល់ រញីរញ័រ រញ៉េរញ៉ៃឡើងវង្វេងបាត់ស្មារតី រហូតដល់យកមន្ដអាគម យ័ន្ដ គាថា ទៅបោះពុម្ពលើអាវយឺតរាប់ម៉ឺនអាវទៅចែកឲ្យកងទ័ពថៃ ដោយមិនដឹងពីទំនៀមប្រើប្រាស់មន្ដអាគម យ័ន្ដ គាថា ដោយផ្សព្វផ្សាយតាមសារព័ត៌មានថៃ និងតាមបណ្ដាញសង្គមថៃ បង្ហោះបង្ហួតសម្ញែងយ៉ាងព្រោងព្រាត ព្រោះហេតុតែចង់ឈ្លានពានលេបយកទឹកដីប្រាសាទបុរាណខ្មែរ។លោក រ័ត្ន សណ្ដាប់ បានចោទជាសំណួរថា ហេតុអ្វីបានយើងហ៊ានអះអាងថា មហាចក្រី សិរិនថន វង្វេងបាត់ស្មារតី ពីរឿងយកយ័ន្ដ ទៅបោះពុម្ពលើអាវយឺត ដើម្បីចែកឲ្យកងទ័ពថៃ ពាក់ឈ្លានពានចង់លេបយកទឹកដីប្រាសាទបុរាណខ្មែ?លោក រ័ត្ន សណ្ដាប់ បន្ដអះអាងថា ជាទូទៅបើយើងនិយាយអំពីក្បួនសឹកសង្រ្គាម និងការផ្សារភ្ជាប់នឹងមន្ដអាគមយ័ន្ដ គាថាដើម្បីការពារខ្លួននេះ យើងពុំមានអ្វីត្រូវសើចយំនិងមហាចក្រី សិរិនថន នៃប្រទេសថៃនោះទេ។ ប៉ុន្ដែអ្វីដែលយើងហ៊ានអះអាងថា មហាចក្រី សិរិនថន វង្វេងបាត់ស្មារតីនោះ គឺស្ថិតនៅត្រង់ថា ប្រើខុសទំនៀម ប្រពៃណីនៃការប្រើប្រាស់មន្ដអាគមយ័ន្ដ គាថា ដែលយកទៅបោះពុម្ពលើអាវយឺតហ្នឹងឯង។ដោយហេតុថា ក្នុងការប្រើប្រាស់មន្ដអាគមយ័ន្ដ គាថានេះ នរណាៗក៏គេដឹងដែរថា ថៃលួចចម្លងមន្ដអាគមយ័ន្ដ គាថាពីខ្មែរ។ ប៉ុន្ដែឧបមាថា បើថៃប្រកែកអត់បានលួចចម្លងពីខ្មែរដូចដែលថៃ បានប្រកែតពីការលួចចម្លងប្លង់ប្រាសាទអង្គរ ដែលកំពុងសាងសង់នៅវត្ដភូមិម៉ាន់ ហ្វា Wat Phu Man Fah ខេត្ដបុរីរ៉ាំទៅចុះ ក៏ការប្រើប្រាស់មន្ដអាគមយ័ន្ដ គាថា ក្នុងប្រព័ន្ធជំនឿផ្សេងៗ នៅលើពិភពលោកនេះ គឺមានទំនៀមពុំមានជាអ្វីខុសគ្នាប៉ុន្មាននោះទ្បើយ។ ពីព្រោះប្រពៃណីនៃការប្រើប្រាស់មន្ដអាគមយ័ន្ដ គាថា តាំងពីបុរាណមក គឺគេតំណមណាស់ ដោយគ្រូត្រូវចារ ឬគូស ឬបញ្ចុះផ្ទាល់នៅលើកន្សែងយ័ន្ត និងអាវយ័ន្ត (អាវតេជះ) ជាអាវដេរពីក្រណាត់ផាឌិបមានគូរយ័ន្តគាថា នៅលើតួអាវ ដែលកាត់វៀលក្លៀកគេមិនបោកទឹកទេ គឺគេពុំអាចយកទៅកូពីថតចម្លង របៀបលេងសើចបានទ្បើយ។ហេតុនេះចំពោះមហាចក្រី សិរិនថន ដែលបានយកមន្ដអាគមយ័ន្ដ គាថា ទៅថតចម្លង បោះពុម្ពដាក់លើអាវយឺតដោយម៉ាស៊ីនស្វ័យប្រវត្ដិ ដូចជាអាវយឺតផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីចែកឲ្យទាហានសៀមពាក់បង្ហូតនៅតាមព្រំដែនខ្មែរ-សៀម គឺជារឿងផ្ដេសផ្ដាស ខុសគន្លង ខុសទំនៀម គឺអត់បានការ ឥតប្រយោជន៍ដ៏គួរឲ្យអនិច្ចា និងអស់សំណើច ដ៏គួរឲ្យអាម៉ាស់។ព្រោះរូបយ័ន្ដដែលយកទៅបោះពុម្ពលើអាវយឺតរបស់មហាចក្រី សិរិនថន នេះមិនខុសពីអាវយឺតផ្សព្វផ្សាយពាណិជ្ជកម្មស្រារបស់ក្រុមហ៊ុនថៃ ឬអាវយឹតផ្សព្វផ្សាយស្រោមអនាម័យរបស់ថៃដើម្បីការពារពីជំងឺផ្សេងៗ ដើរចែកតាមចិញ្ចើមផ្លូវសាធារណៈទ្បើយ។ ព្រោះមនុស្សដូចមហាចក្រី សិរិនថន វង្វេងមិនដឹងខ្សល់អ្វីសោះមិនប្រកាន់ ប៉ុន្ដែមនុស្សបុរាណជាទីគោរពប្រកាន់ណាស់។បើពោលឲ្យចំ មហាចក្រី សិរិនថន ហាក់បន្ដដើរតាមគន្លងពីបុព្វការីជនខ្លួន គឺព្រះចៅ ថាក់ ស៊ីន ដែលបានធ្លាក់ខ្លួនឆ្កួតដោយសារមហិច្ឆតាឈ្លានពានទឹកដីខ្មែរ។ ដូច្នេះចំពោះអាវយឹតយ័ន្ដ ដែលមហាចក្រី សិរិនថន បានធ្វើការបោះពុម្ពដោយម៉ាស៊ីនស្វ័យប្រវត្ដិមានចំនួនរាប់ម៉ឺនអាវនេះ ដែលបានចែកឲ្យទាហានថៃ ពាក់ដើម្បីឲ្យមានចិត្ដក្លាហានឈ្លានពានដណ្ដើមយកទឹកដីប្រាសាទបុរាណខ្មែរ គឺមានតែមនុស្សទ្បប់សតិឬឆ្កួតទេ ទើបជឿ៕