(ភ្នំពេញ)៖ សភាព្រហ្មទណ្ឌ នៃតុលាការកំពូល កាលពីនៅថ្ងៃទី១១ ខែកក្កដា ២០២៥ បានសម្រេច បដិសេធបណ្ដឹងសារទុក្ខសុំនៅក្រៅឃុំបណ្ដោះអាសន្ន របស់ជនត្រូវចោទឈ្មោះ ប៊ុន ធៀម ដោយបន្តឃុំខ្លួនជននេះដាក់ពន្ធនាគារដដែល ក្រោយបានចេញស្អែកស្អុយដល់ម្ចាស់លុយនាពេលកន្លងមក។ជននេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លុះដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ នៅមណ្ឌលអប់រំកែប្រែ(ម១)ជាបណ្ដោះអាសន្ន ពីបទ"មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាច ជួញដូរបាន"ចេញសែកស្អុយគ្មានសាច់ប្រាក់ចំនួន៣២៨.៣៧០$(សាមសិបពីរម៉ឺនប្រាំបីពាន់បីរយចិតសិបដុល្លារ)។ជននេះបានប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែល មានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។សូមបញ្ជាក់ថា ជនត្រូវចោទឈ្មោះ ប៊ុន ធៀម ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ទីកន្លែងកំណើតនៅភូមិតាតូច ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ទីលំនៅមុនពេលឃាត់ខ្លួន នៅផ្ទះលេខ២១១F ផ្លូវម៉ាស៊ីនទឹក ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ(ឃុំខ្លួន)។ប្រភពឲ្យដឹងថា ដើមចមដំបូង កាលពីចុងឆ្នាំ២០២៣ ជនត្រូវចោទឈ្មោះ ប៊ុន ធៀម និងប្រពន្ធឈ្មោះ ហឿន ស្រីតុន បានមកទំនាក់ទំនងនិងសុំខ្ចីប្រាក់ពីដើមបណ្ដឹង(ជនរងគ្រោះ)ចំនួន ៣២៨.៣៧០ដុល្លារ ដើម្បីយកទៅបង្វិលក្នុងមុខរបររកស៊ីដោយបានសន្យាថា នឹងសងមកឱ្យវិញនៅដើមឆ្នាំ២០២៤។ក្នុងនោះជនត្រូវចោទ ប៊ុន ធៀម និងប្រពន្ធឈ្មោះ ហឿន ស្រីតុន បានចេញមូលប្បទានប័ត្រចំនួន១សន្លឹកលេខ១៤០៧៥៦ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ របស់ធនាគារជីបម៉ុង (CHIPMONG COMMERCIAL BANK)ចុះហត្ថលេខាលើមូលប្បទានប័ត្រ ដោយប្ដីឈ្មោះ ប៊ុន ធៀម និងមានទឹកប្រាក់ចំនួន ៣២៨.៣៧០ (សាមសិបពីរម៉ឺនប្រាំបីពាន់បីរយចិតសិបដុល្លារ)មកឱ្យជនរងគ្រោះ សម្រាប់តម្កល់ទុកធានាបំណុល និងទូទាត់សងប្រាក់។លុះដល់ថ្ងៃកំណត់ ជនរងគ្រោះបានយកសន្លឹកមូលប្បទានប័ត្រខាងលើ ទៅបើកប្រាក់នៅធនាគារ តែត្រូវខាងធនាគារបញ្ជាក់ត្រឡប់មកវិញថា មូលប្បទានប័ត្រនោះ គ្មានសាច់ប្រាក់នោះទេជា(សែកស្អុយ)។ទន្ទឹមនិងនោះជនរងគ្រោះ បានទំនាក់ទំនងទៅឈ្មោះ ប៊ុន ធៀម និងឈ្មោះ ហឿន ស្រីតុន ជាច្រើនលើកច្រើនសារ។ ប៉ុន្តែអ្នកទាំងពីរពុំបាន ឆ្លើយតបនិងព្យាយាមគេចវេស មិនបំពេញកាតព្វកិច្ច និងមិនព្រមចេញមុខ មកដោះស្រាយឡើយ។ជាវិធីទាល់ច្រក នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ជនរងគ្រោះក៏បានប្ដឹងប្ដីប្រពន្ធ១គូនេះ ចូលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តែម្តងទៅ រហូតតុលាការអនុវត្តនីតិវិធី ចាប់និងឃុំខ្លួនជនត្រូវចោទឈ្មោះ ប៊ុន ធៀម ខណៈឈ្មោះ ហឿន ស្រីតុន ត្រូវជាប្រពន្ធរបស់ជនត្រូវចោទ បានព្យាយាមប្ដឹងតវ៉ាសុំឱ្យប្ដីនៅក្រៅឃុំជាបន្តបន្ទាប់ ។ ករណីនេះ តុលាការទាំង៣ថ្នាក់ បានអនុវត្តច្បាប់ ដោយមិនអនុញ្ញាតឱ្យជនត្រូវចោទឈ្មោះ ប៊ុន ធៀម បាននៅក្រៅឃុំនោះឡើយ។ប្រភពបប្តថា សំណុំរឿងចេញសែកស្អុយមួយនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមផ្ដន្ទាទោសជនត្រូវចោទឈ្មោះ ប៊ុន ធៀម នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ។ជាមួយគ្នានេះ ជនរងគ្រោះ សុំស្នើយ៉ាងទទូចដល់ សាលាដំបូងរាជធានីភ្នំពេញ មេត្តាវិនិច្ឆ័យសម្រេចសេចក្ដី និងផ្ដន្ទាទោសជនត្រូវចោទឱ្យបានធ្ងន់ធ្ងរបំផុត និងសុំឱ្យតុលាការចេញដីកា បង្គាប់មកជនត្រូវចោទឈ្មោះ ប៊ុន ធៀម រួមនិងប្រពន្ធ ឱ្យប្រគល់ប្រាក់ចំនួន ៣២៨.៣៧០ដុល្លារមកឱ្យខ្លួនវិញ និងសុំទាមទារសំណងជំងឺចិត្ត សោហ៊ុយផ្សេងៗ សេវាកម្មផ្លូវច្បាប់ចំនួន១០ម៉ឺនដុល្លារទៀត ដើម្បីមានយុត្តិធម៌ សម្រាប់ខ្លួនដែលជាជនរងគ្រោះ៕