រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំមន្ត្រីរាជការនៃក្រសួងព័ត៌មាន អបអរសាទរព្រឹត្តិការណ៍ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

Wait 5 sec.

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន ប្រារព្ធពិធីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រការចុះបញ្ជី «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ អតីតមន្ទីរឃុំឃាំង១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គ UNESCO នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង នៅវេលាម៉ោង ៥:៣៥នាទីរសៀល និងវេលាម៉ោង ១០:៣៥នាទីយប់នៅព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា រួមជាមួយថ្នាក់ដឹកនាំនិង មន្ត្រីរាជការនៃក្រសួងព័ត៌មាន បានវាយគង ទូងស្គរ ទះប៉ោត គោះត្រដោក ច្រៀងចំរៀងបទនរគរាជ និងបទពង្សាវតាខ្មែរផងដែរ។ការចុះបញ្ជី​ «បូជនីយដ្ឋានចងចាំនៃកម្ពុជា» គឺមានគោលបំណងការពារបូជនីយដ្ឋានចងចាំនៃកម្ពុជា និងគាំទ្រដល់ដំណើរការរៀបចំដាក់ទីតាំងចំនួន៣ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ រួមមាន៖ អតីតមន្ទីរឃុំឃាំង១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)។នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ការចុះបញ្ជីបេតិភណ្ឌពិភពលោក អតីតមន្ទីរឃុំឃាំង១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព គឺបាននិយាយពីការធ្វើទារុណកម្ម ការសួរចម្លើយ ការធ្វើទុក្ខបុកម្នេញ ការកាបប់សម្លាប់ប្រជាជនស្លូតត្រង់ពីសំណាក់របបខ្មែរក្រហម ប្រែពីការឈឺចាប់ ទៅជាការថែរក្សានូវការផ្សះផ្សាជាតិ និងសន្តិភាព ពេញលេញនៅកម្ពុជា។លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចាត់ទុកថា ការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាតម្លៃរួមមួយដែលពិភពលោក បានទទួលស្គាល់នូវអ្វីដែលជាការឈឺចាប់របស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់ រងទុក្ខវេទនា ខ្លោចផ្សានៅក្នុងរបបខ្មែរក្រហម មកជាការផ្សះផ្សា និងសន្តិភាព។ ស​ន្តិភាព និងការផ្សះផ្សាជាតិ នៅកម្ពុជា គឺបានប្រសូត្រឡើងតាមរយៈការដាក់ចុះនូវនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចុះនូវគោលការណ៍ ៣សំខាន់ គឺទី១៖ រក្សាអាយុជីវិត ដល់ថ្នាក់ដឹកនាំ និងក្រុមខ្មែរក្រហមដែលចូលសមារណកម្ម, ទី២៖ រក្សាតួនាទី តំណែង និងទី៣៖ រក្សាទ្រព្យសម្បត្តិ។ គោលការណ៍៣សំខាន់នេះហើយ បានធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ការ​ទទួល​ស្គាល់​ជា​ផ្លូវការ «បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា៖ ពី​ទីតាំង​ឧក្រិដ្ឋកម្ម​មក​ជា​មណ្ឌល​ផ្សះផ្សា និង​សន្តិភាព​» ជា​បេតិកភណ្ឌ​ពិភពលោកនា​ពេលនេះ គឺជា​មោទនភាព​ជាតិ​ដ៏​ធំធេង​ថ្មី​មួយទៀត​សម្រាប់​ប្រទេស​កម្ពុជា បន្ទាប់ពី​ការ​ចុះ រមណីយដ្ឋាន​មរតក​ប្រវត្តិសាស្ត្រ​នានា​ដូចជា៖ រមណីយដ្ឋាន​អង្គរ (១៩៩២) ប្រាសាទ​ព្រះវិហារ (២០០៨) តំបន់ ប្រាសាទ​សំបូរ​ព្រៃ​គុក (២០១៧) និង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ (២០២៣)។ «បូជនីយដ្ឋាន​ចងចាំនៃ​កម្ពុជា​» គឺជា​ទីតាំង​ប្រវត្តិសាស្ត្រ​សហ​សម័យ​ដំបូង​គេ​នៅ​កម្ពុជា និង​ក្នុង​តំបន់ ដែល​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នា​យុគ​សម័យថ្មី។សមិទ្ធផល​ទាំងនេះកើត​ចេញពី​ការចូលរួម នៃ​ការ​ថែរក្សា​ប្រវត្តិសាស្ត្រ​ជាតិ​របស់​ប្រជាជន​កម្ពុជា​គ្រប់ៗរូប ជាពិសេស​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាប់​មិន​ដាច់​របស់ សម្តេចតេ​ជោ ហ៊ុន សែន និង​ការ​ដឹកនាំ​ដ៏​ប៉ិនប្រសប់​របស់សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជានិច្ចកាល តែងតែ​ផ្តល់​អាទិភាព​ខ្ពស់​ដល់​កិច្ចការ​អភិរក្ស និង​ការ​អភិវឌ្ឍ​បេតិកភណ្ឌ​ប្រកប​ដោយ​ចីរភាព រួម​ទាំង​ការ​ការពារ​សច្ចភាព ប្រវត្តិសាស្ត្រ​ជាតិ​ឲ្យ​គង់វង្ស​ស្ថិតស្ថេរ។«បូជនីយដ្ឋាន​ចងចាំ នៃ​កម្ពុជា» នឹង​ក្លាយ​ជា​ផ្នែក​មួយនៃ​ការ​ចងចាំ​ពិភពលោក ហើយក៏​ជាទី​តាំង​ដែល​មជ្ឈដ្ឋាន​អន្តរជាតិ​ទូទាំង​សកលលោក​បាន​យល់​កាន់តែ​ច្បាស់​ពី​ទុក្ខ​លំបាក​របស់​ប្រជាជន​កម្ពុជា​ក្នុង​ពេល​អតីតកាល ព្រម​ទាំង​ភាព​រឹងមាំ​របស់​ប្រជាជន​កម្ពុជា​ក្នុង​ការ​កសាង សន្តិភាព និង​ការ​អភិវឌ្ឍ ក្រោម​ពាក្យស្លោក «​អរគុណ​សន្តិភាព»៕