(ភ្នំពេញ)៖ បច្ចុប្បន្ននេះកម្ពុជាមានសហគមន៍កសិកម្មទំនើប ដែលបង្កើតឡើងដោយក្រសួងកសិកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ដែលជាបណ្តុំរោងចក្រឧស្សាហកម្ម ប៉ុន្តែយ៉ាងនេះក្តីកម្ពុជា មិនទាន់មានតំបន់ SME ពិសេស ដែលជាសហគមន៍កែច្នៃផលិតវត្ថុធាតុដើមនៅឡើយទេ។ ដូច្នេះហើយ ប្រសិនបើកម្ពុជា បង្កើតតំបន់ SME ពិសេស នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញឧស្សាហកម្មផលិត និងកែច្នៃផលិតផលកសិកម្ម ក៏ដូចជាប្រមូលទិញវត្ថុធាតុដើមពីកសិករផងដែរ។អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ពុជា បានប្រសាសន៍ថា លោកចង់ឱ្យរដ្ឋាភិបាលគិតគូរ ក្នុងការបង្កើតតំបន់ SME ពិសេសនេះ ឱ្យបានគ្រប់ខេត្ត ព្រោះតំបន់ SME ពិសេស នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលទិញផលិតផលកសិកម្ម ដែលកសិករផលិតបាន យកទៅកែច្នៃ ដែលនឹងធ្វើឱ្យឧស្សាហកម្មកែច្នែផលិតផលរបស់កម្ពុជាកាន់តែរីកចម្រើន ព្រមទាំងអាចបង្កើតការងារយ៉ាងច្រើន ដល់ប្រជាពលរដ្ឋក្នុងតំបន់ទៀតផង។ ជាមួយគ្នានេះ នឹងធ្វើឱ្យបណ្តាធនាគារផ្សេងៗ មានទំនុកចិត្តក្នុងការផ្តល់ទុនដល់ផលិតករផងដែរ។លោកមានប្រសាសន៍បន្ថែមថា «ខ្ញុំគិតថា វានឹងដើរ ដោយសារមានទីតាំងពិតប្រាកដ មានរដ្ឋជួយគាំទ្រ ធនាគារពាណិជ្ជផ្សេងៗនឹងជួយគាំទ្រដែរ។ នេះជាការជំរុញឧស្សាហកម្មកែច្នៃផលិតផលនៅតាមបណ្តាស្រុក ដែលធ្វើឱ្យវត្ថុធាតុដើមរត់ចូលទៅច្រកនេះទាំងអស់»។លោកបន្ថែមថា ស្របពេលដែលកម្ពុជាមានកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មជាច្រើន តំបន់កែច្នៃពិសេសនេះគឺជាគន្លឹះដ៏សំខាន់ ក្នុងការជំរុញការនាំចេញ និងធ្វើឱ្យផលិតផលកសិកម្មរបស់យើងកែច្នៃបាន ១០០%។លោកជឿជាក់ថា នៅពេលកម្ពុជាមានតំបន់ SME ពិសេស សម្រាប់កែច្នៃផលិតផល នឹងជំរុញឱ្យវិស័យកែច្នៃផលិតផលរបស់កម្ពុជានឹងកាន់តែរីកចម្រើន ដែលនឹងជួយធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជាកាន់តែរីកចម្រើន៕សូមស្តាប់ប្រសាសន៍បន្ថែមរបស់ អ្នកឧកញ៉ា លឹម ហេង៖