(ភ្នំពេញ)៖ លោបណ្ឌិត វង់ សុធារ៉ា ប្រធានដឺប៉ាតឺម៉ង់ផ្នែកប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកជំនាញផ្នែកសិលាចារឹក បានបញ្ជាក់ថា មិនមានជនជាតិខម នៅក្នុងអាណាចក្រខ្មែរ ដូចការបំភ្លៃប្រវត្តិសាស្រ្តរបស់ថៃនោះទេ ហើយអ្នកដែលកសាងប្រាសាទធំៗ នៅក្នុងអាណាចក្រខ្មែរ គឺជាជនជាតិខ្មែរយ៉ាងពិតប្រាកដ។ក្នុងនាមជាអ្នកជំនាញប្រវត្តិសាស្រ្ត និងសិលាចារឹក លោកបណ្ឌិតបានបញ្ជាក់ថា មិនមានសិលាចារឹកណាមួយដែលបាននិយាយពី «ខម» ដូចការលើកឡើងរបស់អ្នកប្រវត្តិសាស្រ្តថៃឡើយ។ ការឆ្លើយតបនេះ បានធ្វើឡើងចំពោះការកាឡៃប្រវត្តិសាស្រ្តរបស់ថៃ ដែលបានបំភ្លៃថា អ្នកកសាងប្រាសាទបុរាណនៅកម្ពុជា និងមាននៅថៃដល់បច្ចុប្បន្ននេះគឺជាជនជាតិ «ខម» មិនមែនជាជនជាតិខ្មែរនោះឡើយ។ នេះបើតាមការលើកឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។លោកបណ្ឌិតបានសង្កត់ធ្ងន់ថា បច្ចេកពាក្យ សព្វនាម ឬ រហស្សនាម ហៅព្រះមហាក្សត្រខ្មែរ តាំងពីសម័យមុនអង្គរ ដល់រាជ្យព្រះបាទនរោត្តម គឺ១) កម្រតាងប្ទៃករោំ = កម្រតាង ផ្ទៃក្រោម ដែលយើងឃើញនៅសម័យមុនអង្គរ តាំងពីតំបន់ខាងជើង សុខោទ័យ ដល់ខេត្តផ្សារដែក និងឡុងសៀង ក្រមួនស២) កម្រតេងផ្ទៃករោំ = កម្រតេង ផ្ទៃក្រោម នៅសម័យអង្គរ ។៣) ព្រះកម្រតែងផ្ទៃក្រោម ឬ ព្រះគម្តែងអញផ្ទៃក្រោមក្រោយពីពិចារណាឈ្មោះដីខ្មែរ មនុស្សខ្មែរ ដែលត្រូវជនជាតិ មន និង ឡាវ ហៅ «ខ្មែរ» ថា «ក្រោម» ដោយបញ្ចេញសូរស័ព្ទជា «ខម» ដូចថៃហៅចាប់ពី សតវត្សរ៍ទី១៩មកនោះ នាំឲ្យខ្ញុំយល់ថា «គម្តែង ឬ អម្ចាស់ ឬ ម្ចាស់ ផ្ទៃក្រោម» គួរតែមានន័យទាក់ទងគ្នា និងអាចឲ្យបកប្រែបានថា. «អម្ចាស់ផែនដីក្រោម ឬ អម្ចាស់ផែនដីខ្មែរ»។ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖