ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាដាក់ឱ្យអនុវត្តគម្រោងវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA)

Wait 5 sec.

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពីការដាក់ឱ្យអនុវត្តគម្រោងវាយតម្លៃ ផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (Regulatory Impact Assessment-RIA) ក្រោមប្រធានបទ «ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តល្អប្រសើរ សម្រាប់ការរីកចម្រើននៃសង្គម» ដោយមានការអញ្ជើញចូលរួមពី ទេសរដ្ឋមន្រ្តី ឆែម គាតរិទ្ធី ប្រធានក្រុម​ប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌, លោក Anthony Robert Gill នាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅកម្ពុជា, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការមកពីក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល ព្រមទាំងដៃគូអភិវឌ្ឍ និងវិស័យឯកជន សរុបប្រមាណ៥០០នាក់។ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានលើកឡើងថា សិក្ខាសាលានៅថ្ងៃនេះបានគូសបញ្ជាក់យ៉ាងប្រចក្ស​ពីការបោះជំហានទៅមុខឆ្ពោះទៅការសម្រេចបាននូវបង្គោលចរយ៉ាងសំខាន់មួយ ក្នុងរបៀបវារៈកែទម្រង់​របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការតាក់តែង​លិខិតបទដ្ឋានគតិយុត្ត ប្រកបដោយភាពឆ្លាតវៃ ការកសាងស្ថាប័ន និងវិធានឱ្យកាន់តែរឹងមាំ ព្រមទាំងការប្រកាន់ខ្ជាប់នូវការកសាងបរិយាកាស គោលនយោបាយសមស្រប ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព។RIA មិនមែនជាការងារ ឬគំនិតផ្តួចផ្តើម​ថ្មីទេ ប៉ុន្តែជាការធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើស្ថាប័នូបនីយកម្ម (institutionalize) ការងារតាក់តែងនិងរៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយ ឱ្យប្រសើរជាងមុននៅក្នុង​ស្ថាប័ន​រាជរដ្ឋាភិបាល ដើម្បីធានានូវសង្គតិភាព, បញ្ចៀសការជាន់ដែន​សមត្ថកិច្ចគ្នា, ការពារនូវការបង្កើនបន្ទុក​អនុលោមភាពច្រើនលើសលប់ និងធានាផលប្រយោជន៍សង្គម-សេដ្ឋកិច្ច ស្របតាមអាទិភាពដែលបានកំណត់ដោយ​រាជរដ្ឋាភិបាល។ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានគូសបញ្ជាក់ថា កន្លងមក ក្រោមការដឹកនាំប្រកប​ដោយចក្ខុវិស័យ​របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ការអនុវត្ត RIA បានចាប់ផ្ដើមពី​ឆ្នាំ២០១១ និងបានដាក់ចេញនូវសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារ RIA នៅតាមក្រសួង ស្ថាប័ន នៅឆ្នាំ២០១៦ ដោយទីស្តីការគណៈរដ្ឋមន្រ្តីដើរតួនាទីជាទ្វារបាល ដឹកនាំសម្របសម្រួល និង​ពិនិត្យ មុននឹង​ដាក់ជូនគណៈរដ្ឋមន្ត្រី។រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប​ដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវ អនុក្រឹត្យស្ដីពីការ​ដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្ដីពីនីតិវិធីនិងវិធាននៃការតាក់តែង​សេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត និងបានប្រកាសដាក់ឱ្យអនុវត្ត «ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់​រាជរដ្ឋាភិបាល» ក្នុងគោលដៅ ​កែទម្រង់ច្បាប់កម្ពុជាឱ្យទៅជាប្រព័ន្ធច្បាប់មួយ ដែលមានឯកភាព ប្រសិទ្ធភាព សមានគតិភាព ឧត្តមានុភាព​គតិយុត្ត និងសន្តិសុខគតិយុត្ត ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ និងបរិការណ៍កម្ពុជា ដើម្បីធានាឱ្យបាននូវវប្បធម៌នីតិរដ្ឋ ដែលជាមូលដ្ឋានចាំបាច់ក្នុងប្រវត្តិសាស្ត្រ មនុស្សជាតិ ក្នុងកិច្ចការ​ទ្រទ្រង់រដ្ឋ ការ​កសាងជាតិ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយជវភាព និងភាពរស់រវើក ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា​​ឆ្នាំ២០៥០។ក្នុងឱកាសនេះផងដែរ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកឡើងនូវយោបល់ចំនួន ៦ចំណុច សម្រាប់​ការពង្រឹងការអនុវត្ត RIA រួមមាន ទី១. ទីស្តីការគណៈរដ្ឋមន្ត្រីត្រូវពង្រឹងមុខងារស្នូល ជាស្ថាប័ន​សម្របសម្រួល ពិនិត្យ និងវាយតម្លៃលើសេចក្តីព្រាងច្បាប់ វិសោធនកម្មច្បាប់ និងនិរាករណ៍ច្បាប់។ECOSOCC ជាអង្គភាពបង្គោលសម្រាប់អនុវត្ត RIA ត្រូវបង្កើតប្រព័ន្ធប្រតិបត្តិការ និងប្រព័ន្ធតាមដានត្រួតពិនិត្យច្បាស់លាស់​និងត្រូវ​ធ្វើ​បច្ចុប្បន្ន​កម្ម​សៀវភៅគោលការណ៍ណែនាំ RIA និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ទី២. ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​នឹងធ្វើឌីជីថលនីយកម្មដំណើរការ RIA រួមបញ្ចូល​ទាំង​ការបង្កើតមូលដ្ឋានទិន្នន័យរួម (RIA Data Center) និងការ​រៀបចំទម្រង់គំរូ ដែលជួយលើការរៀបចំរបាយការណ៍វាយតម្លៃ ទី៣. សូមគ្រប់ក្រសួង ស្ថាប័នចូលរួមក្នុងការធ្វើស្ថាប័​នូបនីយកម្ម RIA ដោយបង្កើតក្រុមការងារ RIA ដែលគាំទ្រដោយគោលការណ៍​ណែនាំ​ថ្នាក់ជាតិ ដំណើរការ​ច្បាស់លាស់ និងយន្តការត្រួតពិនិត្យសកម្ម ទី៤. សូមគ្រប់ក្រសួង ស្ថាប័នពង្រឹងសមត្ថភាពអង្គភាព​និង​ធនធាន​មនុស្ស ដើម្បីស្វែងយល់អំពី RIA សេចក្តីព្រាងច្បាប់ និងគោលនយោបាយប្រកប​ដោយ​ប្រសិទ្ធភាព ព្រមទាំង​​ធ្វើការវិភាគសេដ្ឋកិច្ចនិងសង្គមដោយម៉ត់ចត់ រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលផង ដោយមានការចូលរួម​ពី​ភាគីពាក់ព័ន្ធ ការពិគ្រោះយោបល់​សាធារណៈ និងការ​អនុលោម​តាម​ស្តង់ដា​អន្តរជាតិ ទី៥. សូមគ្រប់ក្រសួង ស្ថាប័ន​​​ពង្រឹងការរៀបចំលិខិតបទដ្ឋានគតិយុត្តផ្អែកលើវិទ្យាសាស្ត្រ ដើម្បីធានាការតាក់តែងសេចក្ដីព្រាងច្បាប់និងគោល​​នយោបាយមានសង្គតិភាពនិងភាពអាចរំពឹងទុកជាមុនបាន ទី៦. សូមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្ដល់ការ​យកចិត្តទុកដាក់បន្ថែមទៀត​លើ​ការវិភាជន៍​ថវិកា​ឱ្យ​បាន​គ្រប់​គ្រាន់​ដល់គ្រប់ក្រសួង ស្ថាប័ន ដើម្បីធានាឱ្យ​ការ​អនុវត្ត RIA បានពេញលេញ និង ទី៧. សូមដៃគូអភិវឌ្ឍ ជាពិសេស ADB ផ្តល់កិច្ចសហការជាមួយរាជរដ្ឋាភិបាល រៀបចំជាក្របខ័ណ្ឌយុទ្ធសាស្រ្ត ឬផែនការនៃការអនុវត្ត RIA ដើម្បីសម្រេចគោលដៅរយៈពេលខ្លី មធ្យម និងរយៈពេលវែង ដែលជាផ្នែកមួយនៃកំណែទម្រង់ប្រព័ន្ធច្បាប់នៅកម្ពុជា៕