(ភ្នំពេញ)៖ គណៈប្រតិភូជាន់ខ្ពស់ នៃមហាអយ្យការអមតុលាការកំពូលកម្ពុជា ដឹកនាំដោយលោកស្រី ជា លាង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល នឹងបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងវៀងច័ន្ទន៍ និងហ្លួងប្រាបាង ប្រទេសឡាវ។គោលបំណងសំខាន់ នៃទស្សនកិច្ចនេះ គឺពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងយុត្តិធម៌រវាងកម្ពុជា-ឡាវ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋឆ្លងដែន។ក្នុងអំឡុងពេលទស្សនកិច្ច គណៈប្រតិភូនឹងចូលរួមកិច្ចការសំខាន់ៗដូចខាងក្រោម៖*កិច្ចប្រជុំទ្វេភាគីផ្លូវការ និងការសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវ៖ លោកស្រី ជា លាង នឹងជួបប្រជុំជាមួយលោក សាយសានៈ ខុតភូតថន អគ្គរដ្ឋអាជ្ញាឡាវ ដើម្បីពិភាក្សាការពង្រឹងកិច្ចសហប្រតិបត្តិការអយ្យការ ក្នុងការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋឆ្លងដែន ដូចជា៖ ការជួញដូរគ្រឿងញៀន ការសម្អាតប្រាក់ និងឧក្រិដ្ឋកម្មបច្ចេកវិទ្យា។ លើសពីនេះ លោកស្រី ក៏នឹងជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតរបស់ឡាវផងដែរ។*សន្និសីទព្រះរាជអាជ្ញាឡាវ-កម្ពុជា លើកទី១៖ លោកស្រី ជា លាង នឹងចូលរួម និងថ្លែងសុន្ទរកថាបិទសន្និសីទដែលផ្តោតលើប្រធានបទ «កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនទាក់ទង នឹងការជួញដូរគ្រឿងញៀន» នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងវៀងច័ន្ទន៍។*ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហ្លួងប្រាបាង៖ គណៈប្រតិភូនឹងបន្តដំណើរទៅកាន់ហ្លួងប្រាបាង ដើម្បីពង្រឹងទំនាក់ទំនង និងស្វែងយល់ពីប្រព័ន្ធយុត្តិធម៌ក្នុងតំបន់ ព្រមទាំងជួបថ្នាក់ដឹកនាំសំខាន់ៗនៅទីនោះ។ទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះត្រូវបានរំពឹងថា នឹងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការផ្លូវច្បាប់រវាងប្រទេសទាំងពីរ តាមរយៈការកសាងសមត្ថភាព ការផ្លាស់ប្តូរព័ត៌មាន និងការសម្របសម្រួលប្រតិបត្តិការ ដើម្បីធានាប្រសិទ្ធភាព ក្នុងការអនុវត្តច្បាប់ និងយុត្តិធម៌។ កម្ពុជាប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការតំបន់ដើម្បីទប់ស្កាត់ និងបង្ក្រាបបទឧក្រិដ្ឋឆ្លងដែន៕