សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនប្រធានព្រឹទ្ធសភាបារាំង ក្នុងឱកាសនៃទិវាបុណ្យជាតិប្រទេសបារាំង ថ្ងៃទី១៤ ខែកក្កដា

Wait 5 sec.

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានផ្ញើសារជូនលោក Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង ក្នុងឱកាសនៃទិវាបុណ្យជាតិប្រទេសបារាំង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។នៅក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រារព្ធទិវាបុណ្យជាតិបារាំងថ្ងៃ ១៤ កក្កដា គឺជាព្រឹត្តិការណ៍ដែលត្រូវបានយកចិត្តទុកដាក់ និងគោរពយ៉ាងខ្ពង់ខ្ពស់ ដោយប្រទេសទាំងអស់នៅក្នុងពិភពលោក ដែលនិយមសេរីភាព ប្រជាធិបតេយ្យ និងការគោរពច្បាប់អន្តរជាតិ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា នៅពេលដែលកម្ពុជាកំពុងប្រឈមមុខនឹងការរំលោភបំពានលើបូរណភាពទឹកដីរបស់ខ្លួន ប្រទេសកម្ពុជាដឹងថាអាចទុកចិត្តលើការគាំទ្រពីប្រទេសបារាំង និង និងស្ថាប័នរបស់ខ្លួនចំពោះបណ្ដឹងទៅស្ថាប័នតុលាការយុត្តិធម៌អន្តរជាតិខ្ពស់បំផុតក្នុងការការពារសិទ្ធិ និងបូរណភាពទឹកដីរបស់ខ្លួន។ ឆ្នាំ២០២៦ នឹងជាឆ្នាំនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា និងជាឱកាសអបអរសារទរ និងលើកស្ទួយ ទំនាក់ទំនងពហុភាគី រវាងសភាប្រទេសនិយាយភាសាបារាំង។សម្តេចបានសង្កត់ទៀតថា «បញ្ហាដ៏គ្រោះថ្នាក់ជាច្រើនដែលបានកើតឡើងនៅក្នុងពិភពលោក រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ មិនបានអនុញ្ញាតឱ្យបំណងប្រាថ្នារួមរបស់យើងក្នុងការជួបពិភាក្សាគ្នានៅភ្នំពេញ អាចធ្វើទៅបាន។ ខ្ញុំជឿជាក់យ៉ាង មុតមាំថានឹងអាចទទួលស្វាគមន៍ ឯកឧត្តមប្រធាន នៅកម្ពុជា នៅឆ្នាំ២០២៦។ ប្រទេសយើងទាំងពីរ នឹងតំឡើង ទំនាក់ទំនងដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ ហើយវាក៏ជាពេលវេលាដ៏សមស្រប ក្នុងការពិចារណារួមគ្នា និង វាយតម្លៃសាជាថ្មីនូវទំនាក់ទំនងរវាងព្រឹទ្ធសភាទាំងពីររបស់យើង»។ក្នុងនាមប្រជាជនកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់, សម្តេចមានក្តីសោមន្សរីករាយ គោរពជូនប្រធានព្រឹទ្ធសភាបារាំង នូវការអបអរសាទរយ៉ាងកក់ក្តៅ ក្នុងឱកាសនៃទិវាបុណ្យជាតិប្រទេសបារាំង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ និង សង្ឃឹមថា មានកិត្តិយសទទួលបដិសណ្ឋារកិច្ចលោកនៅភ្នំពេញ នាឆ្នាំ២០២៦ខាងមុខនេះ៕