សេដ្ឋកិច្ចកម្ពុជានៅបន្តរឹងមាំ៖ ២២ខែនៃរាជរដ្ឋាភិបាលអាណតិ្តទី៧ របស់សម្តេចធិបតី រោងចក្រសហគ្រាសកើនជាង៥,៣ពាន់ ដែលបង្ហាញពីភាពរឹងមាំ និងជំនឿទុកចិត្ត

Wait 5 sec.

(ភ្នំពេញ)៖ ក្នុងរយៈពេល ២២ខែ ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៥ ក្រោមការដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧នេះ រោងចក្រសហគ្រាសនៅកម្ពុជាបានកើនឡើងចំនួន ៥ ៣៥៦រោងចក្រ ពោលគឺកើនពី៤០ ៣០០ ដល់៤៥ ៦៥៦ រោងចក្រសហគ្រាស ស្មើនឹងកំណើន១៣,២៩%។ នេះគឺជាការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី១៤ ខែកក្កដា នេះ។លោកលោក ស៊ុន មេសា បានលើកឡើងថា ក្នុងនោះ រោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរ បានកើនឡើងចំនួន ២២៦ រោងចក្រ ដោយបានកើនពី១ ៤៦៦ ដល់១ ៦៨២ រោងចក្រសហគ្រាស។ ដោយឡែកវិស័យក្រៅពីកាត់ដេរ មានកំណើនដល់ ៥ ១៤០រោងចក្រ ពោលគឺបានកើនពី ៣៨ ៨៣៤ ដល់ ៤៣ ៩៧៤ រោងចក្រសហគ្រាស ស្មើនឹង ១៣,២៤%។ ដោយឡែកកម្មករបានកើនដល់ ១,៨៩លាននាក់ ក្នុងនោះកម្មកនិយោជិតមានចំនួនជាង ៩៧ម៉ឺននាក់។អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា កំណើននេះគឺបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា និងជំនឿទុកចិត្តពីវិនិយោគិនជាតិ ជាពិសេសវិនិយោគិនអន្តរជាតិមកលើរាជរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហើយក្នុងនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការ បាននិងកំពុងបន្តសម្របសម្រួល និងបង្កើតបរិយាកាសវិនិយោគដ៏ល្អជូនវិនិយោគិន រួមទាំងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់ប្រជាពលរដ្ឋឱ្យក្លាយជាកម្លាំងពលកម្មជំនាញដែលវិនិយោគិនកំពុងត្រូវការសម្រាប់បង្កើនផលិតភាព។លោក ស៊ុន មេសា បានសង្កត់ធ្ងន់ថា៖ «សុខភាពវិស័យកាត់ដេរ និងកំណើនសហគ្រាសនៅកម្ពុជា បន្តមានសុខភាពល្អដោយរោងចក្រសហគ្រាសបន្តកើន ឡើងគួរជាទីមោទនៈ ដែលបង្ហាញយ៉ាងច្បាស់ពីការជឿទុកចិត្ត និងការអនុវត្តដ៏ត្រឹមត្រូវនៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលធ្វើឱ្យពលរដ្ឋគ្រប់គ្នារីករាយមានការងារធ្វើ និងមានជីវភាពកាន់តែល្អប្រសើរខណៈដែលកម្មករនិយោជិត មានការ ថែទាំសុខភាពដោយឥតគិតថ្លៃ មានប្រាក់គ្រោះថ្នាក់ការងារ មានប្រាក់សោធនពេលចាស់ថែមទៀតផង»។ ជាមួយកំណើនរោងចក្រសហគ្រាសប្រមាណជាង ៥,៣ពាន់នេះ បានធ្វើឱ្យកម្ពុជាកំពុងខ្វះកម្លាំងពលកម្មប្រមាណ២៥ម៉ឺននាក់ ជាពិសេសវិស័យឧស្សាហកម្ម។ជាថ្មីម្ដងទៀត លោក ស៊ុន មេសា ក៏បានអំពាវនាវជាថ្មីម្តងទៀតឱ្យពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃវិញ សូមស្វែងរកឱកាសការងារដ៏ច្រើនសម្បូរបែប នៅក្នុងស្រុកដើម្បីទទួលបានអត្ថប្រយោជន៍ច្រើន សុវត្ថិភាព កាត់បន្ថយការចំណាយ នៅជិតគ្រួសារ និងចូលរួមពង្រឹងសេដ្ឋកិច្ចជាតិរបស់ខ្លួន ជាមួយនឹងរាជរដ្ឋាភិបាលដែលមានសម្តេចធិបតីជាប្រមុខដែលតែងតែគិតគូរពីឧត្តមប្រយោជន៍របស់បងប្អូនពលករ កម្មករនិយោជិត និងប្រជាពលរដ្ឋជាអាទិភាព៕