(ភ្នំពេញ)៖ កងរាជអាវុធហត្ថ នៃព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបលើកទី៣២ របស់ខ្លួននៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។ Fresh Exclusive មានសេចក្តីរាយការណ៍ស្រាវជ្រាវមួយជុំវិញបញ្ហានេះ៖នៅក្នុងសម័យកាលមួយ ដែលកម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិល ការផ្លាស់ប្តូររបបដឹកនាំ និងភាពខ្ទេចខ្ទាំនៃហេដ្ឋារចនាសម្ព័ន្ធដ៏យូរឆ្នាំ ដោយសារតែដើមចមនៃរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នោះ, ការចាប់ផ្តើមកសាងប្រទេសឡើងវិញ គឺជាចំណុចដ៏សែនលំបាកបំផុត ពីព្រោះភាពខ្ទេចខ្ទាំនោះ មានរយៈពេលជិត៣ទសវត្សរ៍ទៅហើយ ដែលកម្ពុជា បានបាត់បង់ឱកាសក្នុងការកសាងធនធានមនុស្ស នៅក្នុងការអភិវឌ្ឍជាតិរបស់ខ្លួន។ក្នុងបរិបទនៃការឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់នោះ កងរាជអាវុធហត្ថនៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំខួបលើកទី៣២ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ក៏ជាអង្គភាព ដែលទើបនឹងបង្កើតសាជាថ្មីឡើងវិញក្នុងសម័យព្រះរាជាណាចក្រកម្ពុជាលើកទី២ ក្រោយការឆ្លងកាត់ភាពខ្ទេចខ្ទាំជាច្រើនលើកសារ។ ក្នុងសម័យអន្តរកាលដែលទើបបង្កើតថ្មីនោះ សង្គ្រាមស៊ីវិលនៅមិនទាន់បញ្ចប់, កម្លាំងទ័ពព្រៃខ្មែរក្រហម នៅបន្តគំរាមកំហែងដល់សន្តិភាពក្នុងប្រទេស ភាពអនាធិបតេយ្យបាញ់បោះ និងទង្វើបំពានខុសច្បាប់ បានកើតឡើងស្ទើរពាសពេញប្រទេស ប៉ុន្តែអង្គភាពកងរាជអាវុធហត្ថ នៅតែឈ្មុសឈ្មុលការអនុវត្តបទបញ្ជា ដោយមិនរាថយឡើយទោះបីមានឧបសគ្គយ៉ាងណាក៏ដោយ។អង្គភាពកងរាជអាវុធហត្ថនេះ តាមពិតមានឫសគល់តាំងពីដើមទសវត្ស១៩៥០ ក្រោមស្នាព្រះហស្ថនៃអតីតព្រះមហាវីរក្សត្រ សម្តេចព្រះបាទ នរោត្តម សីហនុ ដោយបានកសាងឡើងជាផ្លូវការ តាមរយៈព្រះរាជក្រិត្យឆ្នាំ១៩៥៧។ ខួបលើកទី៣២ ក្នុងពេលនេះមិនត្រឹមជាថ្ងៃរំលឹកពីដើមកំណើតអង្គភាពរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញានៃជំហររឹងមាំរបស់ដំណើរជាតិ ក្នុងជំហានរក្សាការពារសន្តិភាព ឯករាជ្យ និងរបៀបរៀបរយសង្គមជាតិរបស់ខ្លួន។* ប្រភពកកើតដំបូងរបស់កងអាវុធហត្ថនៃប្រទេសកម្ពុជាកងអាវុធហត្ថរបស់ប្រទេសកម្ពុជា បានចាប់បដិសន្ធិឡើងលើកដំបូងតាមព្រះរាជក្រិត្យលេខ ៤៤៦ SN និង៤៤៧ SN ឆ្នាំ១៩៥៧ ដោយមានឈ្មោះថា «កងរាជអាវុធហត្ថខ្មែរ Gendarmerie Royal Khmer GRK»។ នៅក្នុងរបបសាធារណរដ្ឋខ្មែរ របស់ឧត្តមសេនីយ៍ លន់ នល់ រវាងពីខែមីនា ឆ្នាំ១៩៧០ ដល់ ខែមេសា ឆ្នាំ១៩៧៥ ដែលជារបបនៃដើមចម នៃការផ្តួលរំលំរបបរាជានិយមក្នុងសម័យកាលព្រះរាជាណាចក្រកម្ពុជាលើកទី១, កងអាវុធហត្ថ ត្រូវបានបង្កើតតាមក្រឹត្យលេខ ៥៧៤/៧១ ឆ្នាំ១៩៧១ ដោយដាក់ឈ្មោះថា «កងអាវុធហត្ថជាតិ»។ កងអាវុធហត្ថជាតិនេះ ក្រោយមកត្រូវបានរលាយខ្ទេចខ្ទី ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ថាជារបបខ្មែរក្រហម ប៉ុល ពត។នៅក្នុងជំនាន់ ប៉ុល ពត រវាងពីឆ្នាំ១៩៧៥ ដល់១៩៧៩ គ្មានកងរាជអាវុធហត្ថខ្មែរ ឬ កងអាវុធហត្ថជាតិឡើយ។ របបប៉ុលពត បានកម្ទេចចោល មិនត្រឹមទាំងហេដ្ឋារចនាសម្ព័ន្ធនៃកងអាវុធហត្ថប៉ុណ្ណោះទេ មន្ត្រីធ្វើការក្នុងកងអាវុធហត្ថជាតិរបស់របបសាធារណរដ្ឋខ្មែរ ក៏ត្រូវបានគេសម្លាប់ស្ទើរគ្មានសេសសល់ផងដែរ។ ក្នុងអតីតរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា នាចន្លោះឆ្នាំ១៩៧៩ ដល់១៩៩៣ ក៏មិនទាន់មានកម្លាំងកងរាជអាវុធហត្ថដោយត្រឹមត្រូវដែរ ប៉ុន្តែមានកម្លាំង «តម្រួតយោធា» (Police Militaire) ដែលធ្វើកិច្ចការខាងត្រួតត្រាលើបទបញ្ជា និងការត្រួតពិនិត្យវិន័យយោធាតែប៉ុណ្ណោះ។ ប៉ុន្តែក្រោយមានកិច្ចព្រមព្រៀងក្រុងប៉ារីស ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ ដែលកម្ពុជាមានការរៀបចំការបោះឆ្នោតសកល ខែឧសភា ឆ្នាំ១៩៩៣ ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានោះ កងអាវុធហត្ថជាតិ Gendarmerie Royal Khmer GRK ក៏បានបង្កើតសាឡើងវិញ។នៅក្នុងសករាជថ្មី ដែលផ្តើមចេញពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣, កងរាជអាវុធហត្ថជាតិ ក្រោមព្រះរាជតម្រិះរបស់សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាក្សត្រនៃប្រទេសកម្ពុជា នាជំនាន់នោះត្រូវបានបង្កើតឡើងសាជាថ្មី ក្រោយដំណាក់កាលឆ្លងកាត់ភាពខ្ទេចខ្ទាំជាច្រើនលើកសាររួចមកនោះ។ អតីតព្រះមហាក្សត្រខ្មែរ បានសំណូមពរដល់រដ្ឋាភិបាលប្រទេសបារាំង ដើម្បីរកការជួយឧបត្ថម្ភដល់កងអាវុធហត្ថថ្មី នៃព្រះរាជាណាចក្រកម្ពុជា។ រដ្ឋាភិបាលបារាំង បានយល់ព្រមដោយបានចាត់ទុកកងអាវុធហត្ថ នៃព្រះរាជាណាចក្រកម្ពុជា ជាប្អូនស្រីបង្កើតរបស់ខ្លួន។* ការបង្កើតឡើង ក្រោមព្រះរាជាណាចក្រលើកទី២នៅក្នុងរបបព្រះរាជាណាចក្រកម្ពុជាជាលើកទី២នេះ «កងរាជអាវុធហត្ថ» ត្រូវបានបង្កើតសាជាថ្មីឡើងវិញ តាមក្រិត្យចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ រួមជាមួយការបង្កើតអគ្គសេនាធិការ នៃកងទ័ពជាតិកម្ពុជា ឡាយព្រះហស្ថដោយសម្តេចព្រះ នរោត្តម សីហនុ។ អគ្គសេនាធិការ នៃកងយោធពលខេមរភូមិន្ទ បានចាប់ផ្តើមរៀបចំកម្លាំងកងរាជអាវុធហត្ថជាតិនេះ តាំងពីឆ្នាំ១៩៩៣នោះមក។អគ្គសេនាធិការ នៃកងយោធពលខេមរភូមិន្ទ បានចាប់ផ្តើមរៀបចំកម្លាំងកងរាជអាវុធហត្ថពេលនោះ មានកម្លាំងដំបូងតែចំនួន២៤៧នាក់ ដឹកនាំនិងបញ្ជាដោយលោកឧត្តមសេនីយ៍ទោ កែវ សាមួន និងកម្លាំងនេះ ត្រូវបានពង្រីកកាន់តែធំឡើង និងមានការផ្លាស់ប្តូរមេបញ្ជាការចំនួន៣នាក់ គួរឱ្យកត់សម្គាល់ រហូតមកទល់នឹងបច្ចុប្បន្ននេះ។ ឧត្តមសេនីយ៍ទោ កែវ សាមួន ត្រូវបានទទួលមុខតំណែងជាមេបញ្ជាការកងរាជអាវុធហត្ថលើ ផ្ទៃប្រទេសចាប់ពីឆ្នាំ១៩៩៣ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៩៤។ លោកឧត្តមសេនីយ៍ទោ គៀង សាវុធ ត្រូវបានទទួលមុខតំណែងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសចាប់ពីថ្ងៃ២៤ ខែឧសភា ឆ្នាំ១៩៩៤ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៩៩។ លោកឧត្តមសេនីយ៍ត្រី សៅ សុខា ដែលជាមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបានទទួលមុខតំណែងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតម្លើងឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ទោ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៩៩ និងរហូតមកទល់នឹងពេលនេះលោក គឺជានាយឧត្តមសេនីយ៍ ក្នុងមុខតំណែងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាដដែល។* ឧបសគ្គឆ្លងកាត់ក្នុងសម័យបង្កើតដំបូងក្នុងការបំពេញកាតព្វកិច្ច ដើម្បីរៀបចំសណ្តាប់ធ្នាប់ប្រទេសសាឡើងវិញ ក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មី ក្រោមការបោះឆ្នោតសកលលើកដំបូង នាខែឧសភា ឆ្នាំ១៩៩៣ កម្លាំងកងរាជអាវុធហត្ថក្នុងពេលនោះ បានជួបប្រទះនូវភាពលំបាកយ៉ាងក្រៃលែង ដោយសារតែភាពអនាធិបតេយ្យជាច្រើន បានកើតឡើង ខណៈរាជរដ្ឋាភិបាលថ្មី ដែលច្របាច់បញ្ចូលគ្នាជាមួយអតីតក្រុមចលនាតស៊ូ នៅតែមានភាពប្រទាញប្រទង់ចង់បង្ហាញអំណាចសាច់ដុំរៀងៗខ្លួន។កម្លាំងកងរាជអាវុធហត្ថ ដែលគ្រប់គ្រងដោយអគ្គសេនាធិការនៃកងយោធពលខេមរភូមិន្ទ ពេលនោះ ត្រូវបានស្ថិតក្រោមការបញ្ជាផ្ទាល់របស់នាយករដ្ឋមន្ត្រី។ ប៉ុន្តែក្នុងកំលុង១៩៩៩ ត្រូវបានប្រគល់ភារកិច្ចជួនអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ គឺសម្តេចពិជ័យសេនា ទៀ បាញ់ នៅក្នុងការដឹកនាំនិងបញ្ជាអចិន្ត្រៃយ៍និងបំពេញមុខតួនាទី។ បច្ចុប្បន្នរដ្ឋមន្ត្រីក្រសួងការពារជាតិ គឺនាយឧត្តមសេនីយ៍ ទៀ សីហា ដែលជាឧបនាយករដ្ឋមន្ត្រីផងដែរ។កងរាជអាវុធហត្ថ គឺជាផ្នែកមួយរបស់កងយោធពលខេមរភូមិន្ទ ដែលមានស្វ័យភាពក្នុងកិច្ចអនុវត្តច្បាប់កងរាជអាវុធហត្ថ។ សមត្ថកិច្ចកងរាជអាវុធហត្ថ ត្រូវអនុវត្តពេញផ្ទៃប្រទេសទាំង មូលទៅលើពលរដ្ឋស៊ីវិល ព្រមទាំងទៅលើយោធាក្នុងជួរកងទ័ពផងដែរ។ ដូច្នេះក្នុងពេលនោះ កងរាជអាវុធហត្ថ ដែលទើបបានបង្កើតឡើង គឺជាកម្លាំងមួយក្នុងចំណោមកងឯកភាពទ័ព ដែលមានតួនាទីយ៉ាងសំខាន់សម្រាប់សង្គមទាំងមូលក្នុងការថែរក្សាពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ។ ដូច្នេះតើក្នុងសម័យដែលមិនទាន់មានសន្តិភាព និងសណ្តាប់ធ្នាប់រៀបរយ, តើកម្លាំងកងរាជអាវុធហត្ថ មានការប្រឈមឧបសគ្គច្រើនយ៉ាងណាខ្លះ?មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងថា ការបង្កើតដំបូងនោះ មានការលំបាកណាស់ដោយសារតែឥទ្ធិពលនយោបាយនៃគណបក្សផ្សេងៗ ដែលរួមគ្នាបង្កើតជារាជរដ្ឋាភិបាលដំបូងក្នុងពេលនោះ៖ «បង្កើតកងរាជអាវុធហត្ថដំបូងជួបនូវបញ្ហាស្មុគស្មាញច្រើនណាស់ ពិតមែនមានការបោះឆ្នោតដោយយោងតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ការបោះឆ្នោតនេះចប់សព្វគ្រប់ទៅ ភាគីដែលបានចូលរួមការបោះឆ្នោតនេះ ក៏បានស្រុះស្រួលគ្នាមករៀបចំការប្រជុំសភា ហើយក៏បានអនុម័តនូវច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល ជាមួយនឹងការរៀបចំរាជរដ្ឋាភិបាលចំរុះ។ ហើយនៅពេលដែលកងទ័ពថ្នាក់ជាតិ ប្រែក្លាយទៅកងយោធពលខេមរភូមិន្ទនេះ ពិតមែនតែមានអគ្គសេនាធិការមួយ ដើម្បីនិងដឹកនាំគ្រប់គ្រងបញ្ជាកងទ័ពជាលើក្រដាស ប៉ុន្តែលើការជាក់ស្តែងគឺដោយសារតែគណបក្សនយោបាយនីមួយៗ សុទ្ធតែមានកងទ័ពរៀងខ្លួន នៅក្នុងពេលសង្គ្រាម ដូច្នេះហើយឥទ្ធិពលរបស់គណបក្សនយោបាយនោះ គឺនៅបន្តគ្របដណ្តប់ទៅលើកងទ័ពនៃអតីតភាគីដែលធ្លាប់ប្រយុទ្ធគ្នានោះ ពិតមែនតែមាននាយអគ្គសេនាធិការ»។ក្នុងសម័យដែលមិនទាន់មានសន្តិភាព១០០%នោះ, អាវុធយុទ្ធភណ្ឌនៅរាយប៉ាយ គ្មានសណ្តាប់ធ្នាប់, គ្មានការគ្រប់គ្រងច្បាស់លាស់ និងក៏មានអំពើឆ្លៀតឱកាសប្រព្រឹត្តបទល្មើសអនាធិបតេយ្យ ដូចជាការកាប់បំផ្លាញព្រៃឈើ, ការនាំឈើដោយខុសច្បាប់ចេញទៅក្រៅប្រទេសក្រោមការការពាររបស់កម្លាំងប្រដាប់អាវុធ និងក្រុមអនាធិបតេយ្យទាំងនោះ គឺជាខែលការពារអ្នករកស៊ីខុសច្បាប់ក្នុងការការពារទំនិញរត់ពន្ធទាំងឡាយ ជាពិសេសទំនិញនាំមកពីច្រកព្រំដែនប៉ោយប៉ែត ចូលមកក្នុងរាជធានីភ្នំពេញ។ ក្បួនឡាននាំទំនិញគេចពន្ធ ត្រូវបានការពារដោយក្រុមទាហានប្រដាប់ដោយដោយអាវុធទំនើប ពេលខ្លះមានច្រើនដល់រយនាក់ ដែលអ្វីទាំងនេះគឺជាកិច្ចការដ៏លំបាករបស់កងរាជអាវុធហត្ថ ដែលត្រូវប្រឈមនឹងគ្រោះថ្នាក់ លើការបំពេញកិច្ចការងារដើម្បីការរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រទេសជាតិ។អំពើអនាធិបតេយ្យជាច្រើនទៀត ដូចជាការទន្ទ្រានយកដីកាន់កាប់ដោយខុសច្បាប់, ការបង្កើតប៉ុស្តិខុសច្បាប់ធ្វើការត្រួតពិនិត្យ និងអំពើជម្រិតទារលុយពីអ្នកធ្វើដំណើរ បានកើតឡើងព្រោងព្រាតយ៉ាងអនាធិបតេយ្យ, ការបង្កើតបនល្បែងស៊ីសងខុសច្បាប់ ដែលមានសូម្បីតែនៅក្នុងរាជធានីភ្នំពេញ។ អំពើអនាធិបតេយ្យផ្សេងទៀត ដូចជាការបាញ់បោះគ្មានច្បាប់ទម្លាប់នៅកណ្តាលក្រុងភ្នំពេញ សូម្បីតែការចូលហូបគុយទាវពេលព្រឹក ក៏គេឃើញមានកម្លាំងកាន់អាវុធប្រសេចប្រសាច ចូលក្នុងហាងដោយគ្មានខ្លាចច្បាប់ដាក់ទោសឡើយ។ទង្វើមិនគោរពច្បាប់ទាំងនេះហើយ គឺជាការលំបាកដ៏ខ្លាំងក្លាក្នុងការបង្ក្រាបរបស់កងកម្លាំងរាជអាវុធហត្ថ ដែលទើបនឹងបង្កើតថ្មី ជាពិសេសក្នុងអតីតសម័យកាលនៃការដាក់ចេញនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រវាងពីដើមឆ្នាំ១៩៩៦ ដល់ចុងឆ្នាំ១៩៩៨ ដើម្បីបំបាត់ចលនាក្រុមឧទ្ទាមខ្មែរក្រហម និងដើម្បីសុខសន្តិភាពទាំងមូលរបស់ប្រជាជនកម្ពុជា។ក្នុងសម័យអន្តរកាលនោះ កងកម្លាំងរាជអាវុធហត្ថ គឺជាកម្លាំងដ៏មុតស្រួចមួយនៃការជួយជ្រោមជ្រែងការអនុវត្តច្បាប់តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានពន្លត់ភ្លើងសង្គ្រាមជិត៣០ឆ្នាំ និងការធ្វើឱ្យឯកភាពទឹកដីទាំងស្រុងដែលមិនធ្លាប់មានក្នុងរយៈពេល៥០០ឆ្នាំកន្លងមកកនេះ។នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងរំលឹកនាជំនាន់នោះថា៖ «ពេលនោះចំណុចពិបាករបស់កងរាជអាវុធហត្ថ គឺក្រៅពីប្រឈមនឹងអំពើអនាធិបតេយ្យទាំងនោះ គឺច្បាប់ខ្លះនៅមានភាពចន្លោះប្រហោង ខណៈច្បាប់ជាច្រើនដែលលក្ខណៈសុក្រឹតទៅហើយនោះ ក៏ត្រូវបានក្រុមអនាធិបតេយ្យមិនខ្លាច, មិនគោរពដែលជម្រុញឱ្យកងរាជអាវុធហត្ថពេលនោះ ត្រូវអនុវត្តបទបញ្ជាច្រើនជាងការអនុវត្តច្បាប់»។នាយឧត្តមសេនីយ៍ បានរៀបរាប់បន្តថា ក្នុងពេលនោះដើម្បីឱ្យកងរាជអាវុធហត្ថដោះស្រាយលើសភាពការណ៍ទាំងនោះបាន, តើកងរាជអាវុធហត្ថ ត្រូវធ្វើអ្វីខ្លះ?លោកបានបញ្ជាក់ថា អ្វីដែលត្រូវធ្វើ ទី១ គឺការបង្កើតនូវលិខិតបទដ្ឋានគតិយុត្តិ ដើម្បីឱ្យមនុស្សទាំងអស់គ្នាគោរព។ ដូច្នេះ ក្រោយពីប្រជាពលរដ្ឋ ត្រូវបានបញ្ជ្រាបបន្តិចម្តងៗនូវច្បាប់និងទង្វើអនុវត្តច្បាប់ ដែលស្ថិតស្មើគ្នានៅចំពោះមុខច្បាប់នោះមក ពលរដ្ឋក៏បានចាប់ផ្តើមយល់ជាបណ្តើរ និងការបញ្ជ្រាបច្បាប់ទៅដល់ពលរដ្ឋគ្រប់ស្រទាប់ទាំងនោះហើយ បានធ្វើឱ្យមនុស្សកាន់តែយល់ពីទង្វើអ្វីដែលខុសច្បាប់ និងការបញ្ជ្រាបច្បាប់នេះ បាននាំឱ្យមនុស្សណាដែលធ្លាប់តែអាងលើការប្រើហិង្សាដោយអាវុធ ក៏បានងាកមករកការគោរពច្បាប់វិញ។នាយឧត្តមសេនីយ៍ សៅសុខា បានថ្លែងថា កងកម្លាំងរាជអាវុធហត្ថ ដែលអនុវត្តច្បាប់ការពារសណ្តាប់ធ្នាប់និងការរក្សាសន្តិសុខ បានជួបប្រទះភាពបាត់បង់យ៉ាងធ្ងន់ធ្ងរក្នុងភារកិច្ចការពារ សន្តិសុខនិងសណ្តាប់ធ្នាប់ក្នុងពេលអតីតកាលនោះ៖ «អញ្ចឹងទំរាំបានដូចសព្វថ្ងៃនេះ គឺយើងឆ្លងកាត់ឧបសគ្គហ្នឹងច្រើនណាស់ ដែលខ្ញុំអាចរៀបរាប់បានថា នៅក្នុងការឆ្លងកាត់ឧបសគ្គទាំងអស់នេះ មាននាយទាហាន នាយទាហានរងនៃកង រាជអាវុធហត្ថ មិនតិចទេដែលបានពលិជីវិត, ដែលរបួស, ដែលពិការ ក្នុងការធ្វើឱ្យសង្គមកម្ពុជារបស់យើង មកមានរបៀបរៀបរយ មានសុវត្ថិភាព មានសន្តិសុខ ដូចសព្វថ្ងៃនេះ»។បច្ចុប្បន្ននេះ កងរាជអាវុធហត្ថ បានក្លាយជាគ្រឹះដ៏រឹងមាំមួយនៅក្នុងរចនាសម្ព័ន្ធសន្តិសុខរបស់ជាតិ។ ជាកម្លាំងដែលទទួលបានការកោតសរសើរ និងជឿទុកចិត្តពីថ្នាក់ដឹកនាំកំពូលរបស់ជាតិ ព្រមទាំងការគោរពស្រឡាញ់ពីប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស កងរាជអាវុធហត្ថ បានបម្រើជាស្នូលសំខាន់ក្នុងការការពារ សន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គមរបស់ព្រះរាជាណាចក្រកម្ពុជា។ខួបលើកទី៣២ឆ្នាំនេះ មិនត្រឹមជាថ្ងៃនៃការចងចាំនូវដំណើរប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាការរំលឹកដល់ស្មារតីឧស្សាហ៍ព្យាយាម និងការលះបង់របស់មន្ត្រីកងរាជអាវុធហត្ថជាតិ ក្នុងការការពារជាតិនិងប្រជាជន តាំងពីសម័យកាលនៃការប្រឈមនៃភាពអនាធិបតេយ្យ រហូតដល់សម័យសន្តិភាពនិងអភិវឌ្ឍន៍ជាតិ ក្រោមមគ្គុទេសក៍ដឹកនាំនៃបិតាសន្តិភាពជាតិ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រោមការកាច់ចង្កូតនាវាប្រទេសបច្ចុប្បន្នដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ដូច្នេះនៅពេលដែលប្រទេសកម្ពុជា មានកម្លាំងអនុវត្តច្បាប់ដ៏រឹងមាំដូចកងរាជអាវុធហត្ថ ដែលមានសមត្ថភាពខ្ពស់, មានជំនាញវិជ្ជាជីវៈច្បាស់លាស់ និងការយល់ដឹងអំពីច្បាប់ជាតិនិងអន្តរជាតិថែមទៀតនេះ, កម្លាំងកងរាជអាវុធហត្ថនាបច្ចុប្បន្ននេះ ប្រៀបដូចជាសសរដ៏រឹងមាំក្នុងការរក្សាសណ្តាប់ធ្នាប់សង្គម ក្នុងការជួយជម្រុញដំណើរទៅមុខនៃនាវាកម្ពុជា ដែលមានចក្ខុវិស័យក្លាយជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ជាមិនខានឡើយ៕