(កំពង់ឆ្នាំង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា មិនបានទាត់ចោលនូវយន្តការចរចាជាទ្វេភាគីជាមួយប្រទេសថៃ ឡើយពាក់ព័ន្ធនឹងវិវាទព្រំដែនរវាងប្រទេសទាំងពីរ លើកលែងតែប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ គឺត្រូវតែដោះស្រាយតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ការញ្ជាក់ជំហរបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥) ដែលពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថជុំសែនរីករាយ ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងអំពីភាពច្រំដែលនៃប្រវត្តិសាស្ត្រទោះបីជាកម្ពុជា មានសុឆន្ទៈក្នុងការដោះស្រាយបញ្ហាយ៉ាងណាក្តី។ ដូច្នេះ រាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរម៉ឺងម៉ាត់ច្បាស់លាស់ក្នុងការយក បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ការវាស់វែង ដើម្បីបញ្ជាក់ឱ្យច្បាស់បង្គោលព្រំដែនជាមួយនឹងប្រទេសជិតខាង ហើយរាជរដ្ឋាភិបាលកម្ពុជា គឺបានប្រកាន់ជំហររក្សាសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងទាំងអស់ រួមទាំងប្រទេសថៃ ផងដែរ។ បន្ថែមពីនេះ សម្តេចបវរធិបតី ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបន្តសហការជាមួយប្រទេសថៃ ដើម្បីជំរុញវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ដែលនៅសេសសល់ ដែលអនុលោមតាមកិច្ចព្រមព្រៀងជាធរមាន រួមទាំង MoU ២០០០ ដែលអនុវត្តដោយគណៈកម្មាធិការព្រំដែនចម្រុះ JBC ប៉ុន្តែ លើកលែងតែចំណុចទាំង៤ រួមមាន៖ បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីយ៉ាងដូច្នេះថា៖ «ពិតណាស់មានមិត្តជាច្រើនបានសួរកម្ពុជា ថាតើកម្ពុជា បានដើរចេញពីយន្តការទ្វេភាគី ឬនៅ? នៅក្នុងដោះស្រាយបញ្ហាវិវាទព្រំដែនជាមួយប្រទេសជិតខាង ក្នុងការដោះស្រាយវិវាទព្រំដែនជាមួយប្រទេសជិតខាង? កម្ពុជាមិនដែលដើរចោលនោះទេនូវកន្លែងដែលយើងដោះស្រាយបានជាក់ស្ដែងជាមួយប្រទេសថៃ ដោះស្រាយ ៨០០គីឡួម៉ែត្រនេះ លើកលែងតែតំបន់៤នេះ ដែលយើងយកទៅ ICJ គឺនៅបន្តប្រើប្រាស់យន្តការទ្វេភាគី JBC និងអនុលោមតាមកិច្ចព្រមព្រៀងដែលបានអនុវត្ត គឺ MOU២០០០ ដើម្បីបញ្ចប់ភាពស្រពិចស្រពិល និងហានិភ័យនៃការប៉ះទង្គិចគ្នា»។សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា កម្ពុជានៅតែបើកទ្វារចំហសម្រាប់កិច្ចសហការជាមួយប្រទេសថៃ ក្នុងការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ដែលនៅសេសសល់ ផ្អែកតាមកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នា ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ហៅកាត់ថា MOU ឆ្នាំ២០០០ ដែលអនុវត្តដោយគណៈកម្មការចម្រុះព្រំដែន JBC លើកលែងតែចំណុច៤ ខាងលើ គឺយកទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដោះស្រាយ ព្រោះភាគីថៃប្រកាសថា តំបន់ទាំងនោះជារបស់ខ្លួនរួចទៅហើយ។ចំពោះចំណុចដែលរាជរដ្ឋាភិបាលកម្ពុជា បានយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅដោះស្រាយតាមរយៈយន្តការតុលាការអន្តជាតិ ICJ នេះ ត្រូវបានសម្ដេចប្រមុខនៃរាជរដ្ឋាភិបាល បញ្ជាក់ថា តំបន់ទាំង៤នេះ មិនអាចដោះស្រាយទ្វេភាគីនោះឡើយ ព្រោះភាគីថៃប្រកាន់ជំហរយកដីនោះទាំងបំពាន សូម្បីជាមួយក្រុមហ៊ុន Google ក៏ឈ្លោះ។ ដូច្នេះ មានតែប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីភាពច្បាស់លាស់ កុំឱ្យបញ្ហាបន្តដល់កូនចៅជំនាន់ក្រោយ ជាពិសេសបញ្ចៀសការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់អាវុធ ខណៈនៅឆ្នាំ២០០៨ និងឆ្នាំ២០១១ ភាគីទាំងពីរ បានប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់អាវុធរួចទៅហើយ។សម្តេចបវរធិបតី បានឱ្យដឹងថា ជាក់ស្តែង បច្ចុប្បន្ននេះ ហានិភ័យខ្ពស់នឹងអាចប៉ះទង្គិតគ្នាដោយកម្លាំងប្រដាប់អាវុធម្តងទៀត ប្រសិនបើជាមិនមានដំណោះស្រាយណាមួយដែលភាគីទាំងពីរអាចទទួលយកបាន ដើម្បីបញ្ចប់ចំណុចវិវាទនេះ ឱ្យច្បាស់លាស់ទេ នោះនឹងភាគីទាំងពីរមិនមែនប្រឈមមុខដាក់គ្នាតែកងទ័ព និងកងទ័ពនោះទេ សូម្បីតែប្រជាជនកំពុងរស់នៅទីតាំងមានវិវាទនឹងបន្តប្រមុខដាក់គ្នាតជំនាន់បន្ថែមទៀត។សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់អំពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយវិវាទព្រំដែន ក៏ដូចជាការខិតខំជំរុញការវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង រួមទាំងប្រទេសថៃផងដែរ ដោយធ្វើយ៉ាងណាគឺប្រែក្លាយព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍ។បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា មានជំហរច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាវិវាទព្រំដែនជាមួយថៃ ដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងអនុវត្តយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ៕