ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «កំណែទម្រង់រដ្ឋបាលសាធារណៈ» ជូនដល់សមាជិក សមាជិកាយុវជនគណបក្សប្រជាជនកម្ពុជា

Wait 5 sec.

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យទី១៣ ខែកក្កដា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញផ្តល់បាឋកថាស្តីពី «កំណែទម្រង់រដ្ឋបាលសាធារណៈ»។ការអញ្ជើញផ្តល់បាឋកថានេះ គឺធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយរបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលមានសមាជិក សមាជិកាយុវជនគណបក្សចូលរួមសរុបចំនួន ៣,៥០០នាក់ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន ៧មករា)។ក្នុងបទបាឋកថា ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានរំលឹកអំពីទិដ្ឋភាពទូទៅនៃការកែទម្រង់រដ្ឋបាលសាធារណៈទាំងនៅលើសកលលោក ទាំងនៅក្នុងបរិបទនៃកម្ពុជា។ ក្នុងនោះ លោកក៏បានរំលេចពីការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាកិច្ចការងារអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.)។សូមជម្រាបថា វេទិកាផ្សព្វផ្សាយនេះក៏មានរៀបចំនូវការចូលរួមមតិយោបល់ និងការសាកសួរសំណួរពីសំណាក់សមាជិក សមាជិកាដែលជាយុវជនគណបក្សផងដែរ៕