ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំកម្មវិធីបរិច្ចាគឈាមក្រោមប្រធានបទ «យើងរួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត»

Wait 5 sec.

(ភ្នំពេញ)៖ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ «យើងរួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត» នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង,​ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យ, ព្រមទាំងលោក លោកស្រី មន្ត្រីរាជការ និងមន្រ្តីរាជការជាប់កិច្ចសន្យា នៃក្រសួងអភិវឌ្ឍន៍ជនបទ និងសមាជិក​ សមាជិកា នៃក្រុមការងារ ស.ស.យ.ក. ក្នុងវិស័យអភិវឌ្ឍន៍ជនបទ។ កម្មវិធីបរិច្ចាគឈាមនេះ ត្រូវបានរៀបចំឡើងដោយមានកិច្ចសហការរវាងក្រសួងអភិវឌ្ឍន៍ជនបទ​ ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្រុមការងារ ស.ស.យ.ក. ក្នុងវិស័យអភិវឌ្ឍន៍ជនបទ​។ថ្លែងក្នុងពិធីបើក លោក ឈឹម សៅគី បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណជូនចំពោះទឹកចិត្តប្រកបដោយសប្បុរសធម៌ និងជាកាយវិការគំរូមិនអាចកាត់ថ្លៃបានរបស់អ្នកបរិច្ចាគទាំងអស់ ដែលបានចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្ត នាពេលនេះ។លោក បានមានប្រសាសន៍ថា ការស្ម័គ្រចិត្តបរិច្ចាគឈាមនាពេលនេះ គឺជាសកម្មភាពសង្គមគំរូរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការចូលរួមចំណែកជំរុញអនុវត្តចលនាជាតិ នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្រ្តីរាជការជាប់កិច្ចសន្យា នៃក្រសួងអភិវឌ្ឍន៍ជនបទ និង យុវជន ស.ស.យ.ក. ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមដើម្បីត្រៀមទុកសង្គ្រោះអាយុជីវិតរបស់ប្រជាជននៅពេលចាំបាច់។ជាមួយគ្នានេះ លោកបានបន្ដទៀតថា សកម្មភាពនេះ មិនត្រឹមតែជាការជួយបង្កើតនូវទម្លាប់គំរូ និងវប្បធម៌ល្អ របស់យើងទាំងអស់គ្នាជាខ្មែរ ដែលមានការផ្សារភ្ជាប់គ្នាពោលគឺរវាងអ្នកមានសុខភាពល្អ ដែលយល់ព្រមផ្តល់អំណោយឈាម និងអ្នកជំងឺ ដែលកំពុងនៅក្នុងមាត់ជ្រោះនៃសេចក្តីមរណៈប៉ុណ្ណោះទេ ថែមទាំងជាការចូលរួមចំណែកផ្តល់សេវាធារណៈក្នុងវិស័យសុខាភិបាល ព្រមទាំងអាចជួយកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋ ចំពោះរដ្ឋបាលសាធារណៈឱ្យកាន់តែខ្លាំងឡើង៕⁩